ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនាដកម្មកណ្ដាលវាលខ្សាច់៖ មនុស្ស៤៩នាក់ដាច់​បាយដាច់ទឹកស្លា.ប់ ក្រោយឡាន​ខូចនៅតំបន់ដាច់ស្រយាល​

3 ម៉ោង មុន

ប្រទេស​នី​ហ្សេ ៖ នៅ​ប្រទេស​នី​ហ្សេ​មនុស្ស​៤៩​នាក់​ស្លាប់​ដោយ​ដាច់​អាហារ ក្រោយ​ពី​រថយន្ត​កា​មី​ញ៉ុ​ង​ដែល​ពួក​គេ​ជិះ​ខូច​ក្នុង​តំបន់​វាល​ខ្សាច់​មួយ​ ។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​របស់​អាជ្ញាធរ​មូលដ្ឋាន ​កាលពី​ថ្ងៃ​ទី​៤ ​មិថុនា​ ។

អាជ្ញាធរ​តំបន់​ AGADEZ​ រាយការណ៍​ថា នោះ​ជា​សោកនាដកម្ម​ដ៏​ទារុណ​មួយ មនុស្ស​ដល់​​ទៅ​៤៩​នាក់​ស្លាប់ នៅ​តំបន់​វាល​ខ្សាច់​ជាប់​ព្រំដែន​រវាង​នី​ហ្សេ អាល់​ហ្សេ​រី​ និង​ម៉ា​លី​។ ជន​រង​គ្រោះ​ទាំងនោះ​មក​ពី​ម៉ា​លី ក្រោយ​ទៅ​ចូលរួម​ក្នុង​បុណ្យ​អ៊ិ​ស្លា​ម ​AID ហើយ​រថយន្ត​កាំ​មី​ញ៉ុ​ង​ដែល​ពួក​គេ​ជិះ​ខូច នៅ​តំបន់​ដាច់​ស្រយាល​មួយ ស្ថិត​នៅ​ចម្ងាយ​ជាង​៨០​គីឡូម៉ែត្រ​ខាងលិច​ទីក្រុង​អាស់​សា​ម៉ា​កា​ ។

តាម​អាជ្ញាធរ​តំបន់​ AGADEZ ​ថា មនុស្ស​ទាំងនេះ​​ ក្រោយ​ពី​រថយន្ត​ខូច​គ្មាន​មធ្យោបាយ បន្តដំណើរ​ទៀត​បាន​។ ពួក​គេ​ត្រូវ​ដាច់​បាយ​ដាច់​ទឹក​ដោយ​រថយន្ត​មិន​អាច​ជួសជុល​បាន ក៏​ទោះបី​អ្នក​បើក​ខិតខំ​បែប​ណា​ក៏​ដោយ​។ ពួក​គេ​ជាប់​លើ​វាល​ខ្សាច់ ដែល​មាន​ធាតុអាកាស​ក្ដៅហែង​ហើយ​មិន​អា​ចរក​កន្លែង​សម្រាប់​ផ្គត់ផ្គង់​បាន​។ អាជ្ញាធរ​គូសបញ្ជាក់​ថា សព​មនុស្ស​ទាំងនេះ​ត្រូវ​បាន​កប់​ក្នុង​ផ្នូរ​រួម​ ។

មាន​មនុស្ស​តែ​២​នាក់​ប៉ុណ្ណោះ​ ដែល​អាច​នៅ​រស់រាន​មានជីវិត​។ អ្នក​ទាំង​២​នាក់​នោះ​បាន​ដើរ​ក្នុង​ចម្ងាយ​ផ្លូវ​ជាង​៥០​គីឡូម៉ែត្រ ទើប​ជួប​ត្រពាំង​ទឹក​មួយ​បន្ទាប់​មក​បន្ត​ដើរ​រហូត​ដល់ទី​ក្រុង​អាស់​សា​ម៉ា​កា ទើប​អាច​រាយការណ៍​ប្រាប់​ដល់​អាជ្ញាធរ​។

ពេល​លើក​កម្លាំង​ទៅ​កាន់​កន្លែង​រថយន្ត​ខូច គេ​ក៏​បាន​ប្រទះ​រថយន្ត​កា​មី​ញ៉ុ​ង​មួយ​គ្រឿង​ទៀត​ដែល​ខូច​អា​គុយ​ត្រង់​កន្លែង​មួយ​ស្ថិត​នៅ​ចម្ងាយ​៦០​គីឡូម៉ែត្រ​​ពី​ក្រុង​អាស់​សា​ម៉ា​កា ជាមួយ​មនុស្ស​ជាង​៦០​នាក់​ជាប់​នៅ​ទីនោះ​៣​ថ្ងៃ​មក​ហើយ​។ ដោយសារ​ការ​ជួយ​ទើប​រថយន្ត​នោះ​អាច​បន្តដំណើរ​ទៅ​មុខ​ទៀត​បាន​៕