ទុរេនបែកអន្លូងមានរសជាតិឆ្ងាញ់ អាជ្ញាធរមានវិធានការការពារមិនឱ្យឈ្មួញនាំយកពីក្រៅមកប.ន្លំនោះទេ
- កំពង់ចាម
ខេត្តកំពង់ចាម ៖ ទុរេនបែកអន្លូងស្ថិតនៅក្នុងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ មានរសជាតិឈ្ងុយឆ្ងាញ់ កំពុងតែត្រូវប៉ាន់នៅលើទីផ្សារដោយឈ្មួញបាននាំចេញទៅលក់នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុព្រមទាំងតំបន់មួយចំនួនទៀត។ក្នុងនោះមួយផ្នែកក៏បាននាំចេញទៅកាន់ទីផ្សារប្រទេសចិនផងដែរ។
អ្នកស្រីវ៉ែន សោភ័ណ្ឌ អាយុ៣៥ឆ្នាំ ម្ចាស់ចំការទុរេនបែកអន្លូងបានប្រាប់ឲ្យដឹងនាល្ងាចថ្ងៃទី៤មិថុនា ឆ្នាំ២០២៦ថា: គាត់នឹងក្រុមគ្រួសារបានខិតខំដាំដុះទុរេននៅលើផ្ទៃដីក្រោម៥ហិកតា ក្នុងនោះមានប្រភេទពូជមូសាំងឃីមដែលមានរយៈពេល៩០ថ្ងៃនិងហុចផលចំណែកទុរេនពូជខ្មែររយៈពេល១២០ថ្ងៃទើបហុចផលគឺមានរសជាតិឆ្ងាញ់និងក្លិនឈ្ងុយ។ សម្រាប់កត្តាអាកាសធាតុនៅឆ្នាំនេះមានលក្ខណៈអំណោយផលល្អជាងឆ្នាំកន្លងទៅ ធ្វើឲ្យទិន្នផលទុរេនដល់ទ្វេគុណព្រមទាំងបានលើកស្ទួយជីវភាពគ្រួសារឲ្យបានធូរស្រាលមួយកំរិតថែមទៀត។
ម្ចាស់ចំការរូបនេះបានប្រាប់បន្តថាសម្រាប់ទុរេនពូជមូសាំងឃីមត្រូវបានហុចផលមុនគេដោយមួយគីឡូក្រាមអាចលក់បានតម្លៃ២៥០០រៀល។ចំណែកទុរេនពូជខ្មែរវិញបានចាប់ផ្ដើមប្រមូលផលតាំងតែពីថ្ងៃទី១៧ឧសភាជាបណ្ដើរៗ រហូតមកដល់ពេលនេះដោយគាត់បានប្រើកម្មករឲ្យបេះក្នុងវគ្គទី ១ប្រមូលបានប្រហែលជិត១៥តោន សម្រាប់តម្លៃលក់ឱ្យម៉ូយទិញដល់ចំការគឺក្រោមតម្លៃ២ម៉ឺនរៀលក្នុងមួយគីឡូ។ ឥឡូវនេះនៅវគ្គ២ ត្រូវបានបេះបន្តបន្ទាប់ក្នុងមួយថ្ងៃមានមួយរឺមកទៅពីររឺមក អាចនឹងនៅសល់ប្រហែលជិត១០តោនទៀតនិងអស់ ប្រហែលនៅពាក់កណ្ដាលខែកក្កដាឆ្នាំ២០២៦ ទុរេននិងជិតអស់លែងមានផ្លែ។ ចំពោះទុរេនដែលម៉ូយកម្ម៉ង់ទិញត្រូវបានយកទៅលក់បន្តនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុព្រមទាំងតំបន់ផ្សេងទៀតជាច្រើន ទោះបីមានផ្លែទុរេនច្រើនប៉ុណ្ណាក៏ដោយគឺឈ្មួញកម្មង់យកទាំងអស់តែម្ដង។
លោកបាន ស្រេង អភិបាលស្រុកស្ទឹងត្រង់វិញមានប្រសាសន៍ឲ្យដឹងដែរថាក្រោយទទួលបានការណែនាំពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តបានចាត់ឱ្យអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់តាមដាននិងឃ្លាំមើលជាប្រចាំរហូតឈានដល់ឃាត់រថយន្តចំនួន២ គ្រឿងដែលបានលួចដឹកទុរេនពីតំបន់ខាងក្រៅចូលមកលក់នៅបែកអន្លូង។
ជាមួយនោះអាជ្ញាធរបានឱ្យឈ្មួញហ្នឹងអ្នកលក់ផ្ដិតមេដៃធ្វើកិច្ចសន្យាត្រឹមត្រូវមិនឱ្យមានសកម្មភាពបែបនេះបន្តទៀត។តាមពិតទៅអាជ្ញាធរមិនហាមឃាត់នោះទេ តែបើយកទុរេនពីក្រៅមកលក់ត្រូវប្រាប់គេឲ្យត្រង់ថាទុរេននាំមកពីកំពតឬកំពង់ធំ…ហើយតម្លៃគឺលក់ទៅតាមនោះជាវាងកុំបន្លំថារបស់បែកអន្លូង មិនយូរនោះទេទុរេនបែកអន្លូងនិងមានសញ្ញាQRកូដ សម្គាល់លើផ្លែទុរេន គ្រាន់តែស្រុកស្ទឹងត្រង់មួយមានទុរេនរហូតទៅដល់ជាង៤០០០ហិកតាឯណោះ ៕










ចែករំលែកព័តមាននេះ