ឆេះរោងចក្រផលិតចានស្នោម្សិលមិញទំហំ៥ពាន់ម៉ែត្រ ការ៉េ ខូចខាតចានស្នោផលិតរួច៤ម៉ឺនបេ និងស្នោមិនទាន់ផលិត៤០០ដុំរ៉ូឡូ
- ភ្នំពេញ
រាជធានីភ្នំពេញ៖ ឧប្បត្តិហេតុអគ្គិភ័យឆាបឆេះរោងចក្រផលិតចានស្នោស្ថិតនៅក្នុងភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦នោះ ។ បានបណ្ដាលឲ្យអគាររោងចក្រសង់ពីដែកប្រក់ស័ង្កសី ទំហំ៥,០០០ម៉ែត្រការ៉េរងការខូចខាតស្ទើរតែទាំងស្រុង នេះបើយោងតាមការប្រាប់ឲ្យដឹងពីសមត្ថកិច្ច ចំណែកមូលហេតុកំពុងស្ថិតនៅក្នុងការស្រាវជ្រាវ ។ គួររំលឹកថា អគ្គិភ័យកំពុងឆេះរោងចក្រផលិតស្នោរមួយកន្លែងនៅខណ្ឌដង្កោ
សមត្ថកិច្ចបានប្រាប់ឲ្យដឹងបន្តទៀតថា ក្រៅពីនេះសម្ភារៈនៅក្នុងអគារខាងលើមានដូចជា ម៉ាស៊ីនទាញស្នោ០១គ្រឿង, ចានស្នោផលិតរួចចំនួន៤០,០០០បេ ដែលក្នុង១បេៗមានចំនួន៧០០ចានសរុប២៨,០០០,០០០ចាន(ម្ភៃប្រាំបីលា នចាន) និងស្នោដែលជាវត្ថុធាតុដើមមិនទាន់ផលិតចេញជាចានចំនួន៤០០ដុំរ៉ូឡូធំៗ ។ ដោយឡែកម្ចាស់ទីតាំងរោងចក្រខាងលើនោះមានឈ្មោះWEN CONGMU ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិចិន គាត់មិនបានរងរបួសទេហើយពុំបានដឹងថាទំហំនៃការខូចខាតនោះគិតជាប្រាក់ប៉ុន្មានឡើយ ។
សមត្ថកិច្ចបានបញ្ជាក់ប្រាប់បន្ថែមទៀតថា បន្ទាប់ពីមានឧប្បត្តិហេតុនោះកើតឡើងមានរថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿងបានទៅពន្លត់ភ្លើងក្នុងនោះរួមមានរថយន្តពន្លត់អគ្គិភ័យការិយាល័យបង្ការ សង្គ្រោះនិងពន្លត់អគ្គិភ័យនៃស្នងការដ្ឋននគរបាលរាជធានីភ្នំពេញចំនួន១៨គ្រឿងប្រេីប្រាស់ទឹកអស់ចំនួន៣៦រថយន្តស្មើនឹង២១៦ម៉ែត្រគូប ។ រថយន្តពន្លត់អគ្គិភ័យក្រសួងមហាផ្ទៃចំនួន០៤គ្រឿងប្រើប្រាស់ទឹកអស់ចំនួន០៣រថយន្ត ស្មើនឹង១៨ម៉ែត្រគូប ,រថយន្តពន្លត់អគ្គិភ័យអគ្គិភ័យបុរីប៉េងហួតចំនួន០២គ្រឿងប្រើប្រាស់ទឹកអស់ចំនួន០២រថយន្តស្មើនឹង២០ម៉ែត្រគូប ។ រថយន្តពន្លត់អគ្គិភ័យអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជា០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១រថយន្តស្មើនឹង ០៦ម៉ែត្រគូប ហើយពន្លត់រលត់ទាំងស្រុងនៅម៉ោងវេលាម៉ោង១៧និង៣០នាទីល្ងាចថ្ងៃខែ ឆ្នាំដដែល ៕











ចែករំលែកព័តមាននេះ