ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លួន​១​ជីវិត​២ ​មេគោ​ផើម​១​ក្បាល​ ដើរ​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​ហ្វ​ដ​បុក​ងាប់

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ មេគោ​ផើម​១​ក្បាល ​ដែល​ម្ចាស់​របស់​វា​លែង​ឲ្យ​ដើរ​ស៊ី​ស្មៅ​នៅ​តាម​វាល ខណៈ​កំពុង​ដើរ​ឆ្លងផ្លូវ ក៏​ត្រូវ​រថយន្ត​ម៉ាក ​Ford Ranger XLT ១​គ្រឿង ​ជ្រុល​ទៅ​បុក​បណ្ដាល​ឲ្យ​មេគោ​នោះ ​ខ្ទាត​ជាង​១០​ម៉ែត្រ​ងាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង។ បន្ទាប់​មក ​រថយន្ត​ខាងលើ​ក៏​ខ្ទាត​ផ្លោង​ទៅ​បោក​ផ្ទប់​ជាមួយ​បង្គោល​ស្លាក​ប៉ាណូ​ធំ​១​ដើម ស្ថិត​នៅ​កណ្ដាល​សួន​ពុះ​ចែក​ទ្រូងផ្លូវ និង​ធ្លាយ​ចូល​ទៅ​ចំណែក​ផ្លូវ​ម្ខាង​ទៀត​រង​ការ​ខូចខាត​យ៉ាងដំណំ ប៉ុន្តែ​មិន​បាន​បណ្ដាល​ឲ្យ​អ្នកបើកបរ​រង​របួស​ឡើយ ។

ឧប្បត្តិហេតុ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង០៣​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២៦ នៅ​លើ​កំណាត់​មហាវិថី​ស៊ី ជី​ន​ពីង ត្រង់​ចំណុច​ជិត​ភ្លើងស្តុប​វត្ត​គោក​ខ្សាច់ ស្ថិត​នៅ​ក្នុងភូមិ​គោក​ខ្សាច់ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

រថយន្ត​ម៉ាក​ Ford Ranger XLT ១​គ្រឿង​នោះ ​ព​ណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2BK-3520 បើកបរ​ដោយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ដោយឡែក​មេគោ​ផើមងាប់​នោះ ពុំ​ទាន់​រក​ម្ចាស់​ឃើញ​នៅឡើយ​ទេ ដោយ​ម្ចាស់​របស់​វា​បាន​លែង​ចោល​ឲ្យ​ដើរ​ស៊ី​ស្មៅ​នៅ​តាម​ទីវាល ។

សមត្ថកិច្ច ​បាន​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​ រថយន្ត​ហ្វ​ត​បាន​បើកបរ​ធ្វើ​ដំណើរ​តាម​មហាវិថី​ស៊ី ជី​ន​ពីង ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន​គួរសម​ដែរ ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​បាន​វាក់​ជាមួយមេគោ​ផើម​ ១​ក្បាល ​ខាងលើ​ កំពុង​ដើរ​ឆ្លងផ្លូវ​មហាវិថី​ស៊ី ជី​ន​ពីង ពី​កើត​ទៅ​លិច ។

សមត្ថកិច្ច ​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​នោះ​រថយន្ត​ខាងលើ​គេច​អត់​ទាន់ ក៏​ជ្រុល​ទៅ​បុក​មេគោ​នោះ​ពេញទំហឹង បណ្ដាល​ឲ្យ​ខ្ទាត​ជាង​១០​ម៉ែត្រ​ងាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្ដង ។ ចំណែក​រថយន្ត ​បាន​ខ្ទាត​ផ្លោង​ទៅ​បោក​ផ្ទប់​ជាមួយ​បង្គោល​ស្លាក​ប៉ាណូ​ធំ​ ១​ដើម ​នៅ​កណ្ដាល​សួន​ពុះ​ចែក​ទ្រូងផ្លូវ និង​ធ្លាយ​ចូល​ទៅ​ចំណែក​ផ្លូវ​ម្ខាង​ទៀត ​ការ​ខូចខាត​កាង​មុខ​ខាងឆ្វេង បែក​កង់​ខាងស្ដាំ និង​ក្រពឹត​ទ្វារ​មុខ ព្រមទាំង​ទ្វារ​ក្រោយ​ខាងស្ដាំ​ង ហើយ​ស្ថិត​នៅ​ទទឹង​ផ្លូវ​ទៀត​ផង ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​ប៉ុស្តិ៍​ភ្លើង​ឆេះ​រទេះ បាន​ចុះ​ទៅ​កាន់​ទីនោះ រួច​រាយការណ៍​ជូន​កម្លាំង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ។ ដើម្បី​ចុះ​ទៅ​នាំ​យក​រថយន្ត​ខាងលើ​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​រឿង​ខូចខាត​ស្លាក​ប៉ាណូ និង​សួន​ពុះ​ចែក​ទ្រូងផ្លូវ ព្រមទាំង​ធ្វើការ​ស្រាវជ្រាវ​រក​ម្ចាស់​គោ​ឲ្យ​ចេញ​មុខ​មក​ទទួលខុសត្រូវ​លើ​ករណី​នេះ​ផង​ដែរ ៕