ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោងចក្រ​ផលិត​ចាន​ និង​ប្រអប់​បាយ​ស្នោ ​នៅ​ខណ្ឌដង្កោ​ ត្រូវ​បាន​អគ្គិ​លេប​ត្របាក់

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ មាន​ឧប្បត្តិហេតុ​គ្រោះ​អគ្គិភ័យ​មួយ​បាន​កើតឡើង ដោយ​បាន​ឆាប​អគារ​រោងចក្រ​ផលិត​ចាន ​និង​ប្រអប់​បាយ​ស្នោ​មួយ​កន្លែង យ៉ាង​សន្ធោសន្ធៅ និង​មាន​ផ្សែងហុយ​ឡើង​លើ​ខ្មៅ​ខ្មួល​ខ្មាញ់​កប់​អាកាស ដោយ​មិន​ទាន​ដឹង​ពី​មូលហេតុ​នៅឡើយ ប៉ុន្តែ​ភ្លាម​ៗ​នោះ​មានការ​សង្ស័យ​ថា បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ។

ឧប្បត្តិហេតុ​នោះ​បាន​កើតឡើង​នា​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២៦ ដែល​រោងចក្រ​ខាងលើ​នោះ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​សាលា សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច​ បាន​ប្រាប់​ថា រោងចក្រ​នោះ​មាន​ច្រើន​អគារ ដែល​សាងសង់​ពី​ថ្ម​លាយ​ដែក ប្រក់​ដំបូល​ស័ង្កសី ចំណែក​ជញ្ជាំង​បាំង​ដោយ​ស័ង្កសី​១​កំណាត់​ខាងលើ ​និង​ថ្ម​ ១​កំណាត់​ក្រោម ហើយ​ភ្លាម​ៗ​នោះ​ត្រូវ​បាន​ភ្លើង​ឆេះ​អស់ទាំង​ស្រុង​ និង​ដួល​រលំ​អស់​ចំនួន​២​ខ្នង​ហើយ ។ ដោយឡែក​នៅ​មុន​ពេល​កើតហេតុ ខណៈ​ដែល​កម្មករ​កំពុងធ្វើការ ហើយ​ម៉ាស៊ីន​សង្វា​ក់​ផលិតកម្ម​កំពុង​តែ​ដំណើរការ​សុខ​ៗ ស្រាប់តែ​មាន​ភ្លើង​ឆាបឆេះ​ឡើង​យាង​ឆាប់រហ័ស តែ​មួយ​ភ្លែត​ក៏​មាន​អណ្ដាតភ្លើង​សន្ធោសន្ធៅ ព្រមទាំង​មាន​ផ្សែងហុយ​ឡើង​លើ​ឃ្មួ​ល​ខ្មាញ់​កប់​អាកាស​តែ​ម្ដង ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា នៅ​ពុំ​ទាន់​ដឹង​ថា ​មាន​កម្មករ​បម្រើ​ការងារ​នៅ​ក្នុង​រោងចក្រ​នោះ​ប៉ុន្មាន​នាក់​នោះ​នៅឡើយ​ទេ បើ​តាម​ការ​ពិនិត្យ​ជាបឋម​នៅ​ពុំ​ទាន់​ឃើញ​មានកម្ម​ករ​ណា​ម្នាក់​រង​របួស​នោះ​ទេ ហើយ​សម្ភារៈ​នៅ​ក្នុង​អគារ​ទាំង​២​នោះ​ បាន​រង​ការ​ឆាបឆេះ​អស់​ដែរ ចំណែក​មូលហេតុ​ នៃ​ការ​ឆាបឆេះ​ក៏​ពុំ​ទាន់​ដឹង​ដែរ កំពុង​ស្ថិត​ក្នុង​ការ​ស្រាវជ្រាវ ។

បន្ទាប់​ពី​មាន​ហេតុការណ៍​នោះ​កើតឡើង​ភ្លាម កម្លាំង​អាជ្ញាធរ​និង​សមត្ថកិច្ច​ខណ្ឌដង្កោ​ព្រមទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​បាន​ចេញ​ទៅ​អន្តរាគមន៍​ពន្លត់ភ្លើង​នោះ​ហើយ​ក្រោយ​ពី​ប្រតិបត្តិការ​ពន្លត់​រយៈពេល​ជាង​១​ម៉ោង​ក្រោយមក​ភ្លើង​បាន​ថមថយ​បន្តិច ប៉ុន្តែ​មិន​ទាន់​នៅឡើយ ៕