រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចាប់អារម្មណ៍ចំពោះអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកសន្តិសុខ និងភូមិសាស្ត្រនយោ បាយរបស់ថៃពាក់ព័ន្ធជម្លោះព្រំដែនកម្ពុជា-ថៃដោះស្រាយតាមផ្លូវច្បាប់ ដែលធ្វើឱ្យថៃ ចាញ់ក្តីកម្ពុជា កន្លងមក ។
សម្តេចតេជោ បានសរសេរលើបណ្តាញសង្គមនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ យ៉ាងដូច្នេះថា ៖ “ថ្ងៃនេះ ខ្ញុំមានការចាប់អារម្មណ៍ ទៅលើអត្ថបទរបស់លោក Surachart Bamungsuk អ្នកជំនាញផ្នែកសន្តិសុខ និងភូមិសាស្ត្រនយោបាយរបស់ថៃ ដែលមានចំណងជើងថា «អន្ទាក់របស់កម្ពុជា! តើ Anutin នាំប្រទេសឱ្យចាញ់ក្តីនៅតុលាការអន្តរជាតិម្តងទៀត ឬ ?» ។
សម្តេចតេជោ បានលើកឡើងថា ៖ “ខ្ញុំសូមចូលរួមចែករំលែក នូវអត្ថបទនេះដោយបកប្រែក្រៅផ្លូវការ ដើម្បីជូនប្រជាជន នៃប្រទេសទាំងពីរកម្ពុជា និងថៃ បានជ្រាបបន្ថែម។ ខ្ញុំមិនមានការធ្វើអត្ថាធិប្បាយបន្ថែមអ្វីទេ ទៅលើអត្ថបទរបស់លោក សូមទុកឱ្យប្រជាជនទាំងពីរ ពិចារណាលើអ្វីដែលលោក Surachart បានសរសេររៀបរាប់” ។
ខាងក្រោមខ្លឹមសារអត្ថបទទាំងស្រុង ៖
១៖ នៅពេល ដែលលោក Anutin បានចេញមកប្រកាសទៅកាន់កម្ពុជា កាលពីថ្ងៃទី២៧ ខែឧសភា ថា «ប្រទេសថៃ នឹងប្រកាន់ខ្ជាប់តែលើផែនទីខ្នាត 1:50,000 ប៉ុណ្ណោះ ហើយប្រសិនបើនៅតែចង់ប្រើផែនទីខ្នាត 1:200,000 គឺមិនបាច់មកជជែកជាមួយប្រទេសថៃឡើយ» អ្នកវិទ្យាសាស្ត្រ និងអ្នកវិភាគកម្រិតជាតិ បែរជាចេញមកព្រមានភ្លាមៗថា «ប្រយ័ត្នវានឹងនាំប្រទេសដើរចូលអន្ទាក់ច្បាប់ ដែលធ្លាប់ធ្វើឱ្យថៃ ចាញ់ក្តីនៅតុលាការពិភពលោក រួចមកហើយរហូតដល់ទៅ 2 ដង» ។
២៖ អ្នកវិទ្យាសាស្ត្ររូបនោះ គឺសាស្ត្រាចារ្យ Surachart Bamrungsuk ដែលជាសាស្ត្រាចារ្យជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងជាអ្នកជំនាញខាងកិច្ចការយោធា និងសន្តិសុខ។ ខ្សែបន្ទាត់ព្រំដែន រវាងថៃ និងកម្ពុជា មានឫសគល់តាំងពីសម័យ ដែលសៀម និងបារាំង បានធ្វើសន្ធិសញ្ញានៅកាលពីរាប់រយឆ្នាំមុន ។
៣៖ សៀម និងបារាំង បានចុះហត្ថលេខាលើសន្ធិសញ្ញា ចំនួន ៣ច្បាប់ ហើយនៅពេលសរសេរសន្ធិសញ្ញារួចរាល់ ក៏ត្រូវមកគូសវាស់ខ្សែបន្ទាត់ជាក់ស្តែងនៅលើផ្ទៃដី។ ហេតុនេះ ទើបគេបង្កើតគណៈកម្មការបោះបង្គោលព្រំដែនរួមគ្នា ដើម្បីដើរអង្កេតភ្នំ ទន្លេ និងខ្សែផ្លូវទឹក (watershed) រួចរៀបចំបង្កើតឡើងជាផែនទី នោះគឺ «ផែនទីបោះបង្គោលព្រំដែន» ដែលបានធ្វើរួចរាល់នៅទីក្រុងប៉ារីស រួចផ្ញើមកឱ្យរដ្ឋាភិបាលសៀម តាមរយៈស្ថានទូតសៀម ប្រចាំទីក្រុងប៉ារីស នៅខែសីហា ឆ្នាំ១៩០៨ ។
៤៖ ផែនទី បោះបង្គោលព្រំដែនឈុតនេះ គឺមានខ្នាត 1:200,000 ដោយលោកសាស្ត្រាចារ្យ Surachart បានពន្យល់យ៉ាងច្បាស់ថា «ផែនទីខ្នាត 1:50,000 ដែលថៃយកមកអះអាងនោះ តាមពិតទៅ គឺជាផែនទី ដែលកងទ័ពអាមេរិក បានធ្វើឡើងនៅក្នុងយុគសម័យសង្គ្រាមវៀតណាម» ។
វាជាផែនទីទាហាន ឬផែនទីយុទ្ធសាស្ត្រសម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធ មិនមែនជាផែនទី ដែលធ្វើឡើងក្នុងគោលបំណងបោះបង្គោលព្រំដែនឡើយ ហើយក៏មិនដែលទទួលបានការផ្តល់សច្ចាប័នពីភាគីណាមួយនោះដែរ ។
៥៖ ពាក្យថា «ផ្តល់សច្ចាប័ន» គឺមានន័យថា «ប្រទេសទាំងពីរ បានចុះហត្ថលេខាទទួលស្គាល់រួមគ្នាជាផ្លូវការ និងមានចងកាតព្វកិច្ចខាងផ្លូវច្បាប់» ។
ផែនទីបោះបង្គោលព្រំដែនខ្នាត 1:200,000 នោះ បានឆ្លងកាត់ដំណើរការនេះរួចរាល់ហើយ ប៉ុន្តែផែនទីទាហានខ្នាត 1:50,000 គឺថៃធ្វើឡើង តែម្នាក់ឯង ដោយភាគីកម្ពុជា មិនបានចុះហត្ថលេខាទទួលស្គាល់ជាមួយឡើយ ។
៦៖ លោកសាស្ត្រាចារ្យ ក៏បានបញ្ជាក់ទៀតថា នៅក្នុងវេទិកាច្បាប់អន្តរជាតិ គេពិនិត្យទៅលើ «ភាពត្រឹមត្រូវខាងផ្លូវច្បាប់» មិនមែនពិនិត្យទៅលើភាពលម្អិតរបស់ផែនទីនោះទេ បើទោះបីជាផែនទីខ្នាត 1:50,000 មានភាពលម្អិតជាង ច្បាស់ជាង ឬស្អាតជាងក៏ដោយ ប៉ុន្តែបើគ្មានការទទួលស្គាល់រួមគ្នាទេ គឺមិនអាចយកទៅប្រើប្រាស់ ដើម្បីអះអាងសិទ្ធិនៅក្នុងតុលាការបានឡើយ ។
៧៖ ប្រភពផែនទីខ្នាត 1:50,000 ដែលលោកនាយករដ្ឋមន្ត្រី ជ្រើសរើសមកប្រើប្រាស់ មានការសរសេរប្រយោគសម្គាល់ទុកថា «Boundary representation is not necessarily authoritative» ដែលមានន័យថា «ខ្សែបន្ទាត់ព្រំដែន ដែលបានបង្ហាញនេះ មិនត្រូវបានចាត់ទុកជាខ្សែបន្ទាត់ផ្លូវការឡើយ» ។
៨៖ ប្រសិនបើយើងទៅតុលាការ ហើយយើងលើកផែនទីនេះទៅបង្ហាញ រួចនិយាយថា «ខ្សែបន្ទាត់ព្រំដែនស្ថិតនៅត្រង់នេះ បើយោងតាមផែនទីរបស់ខ្ញុំ» ហើយនៅពេលចៅក្រម ក្រឡេកទៅអាននៅលើគែមផែនទី បែរជាជួបប្រយោគ ដែលសរសេរថា «ខ្សែបន្ទាត់ព្រំដែនដែលបង្ហាញនេះ មិនត្រូវបានចាត់ទុកជាខ្សែបន្ទាត់ផ្លូវការឡើយ» វាប្រៀបដូចជាយើងយកភស្តុតាង ដែលគ្មានភាពគួរឱ្យទុកចិត្ត ទៅដាក់ជូនតុលាការពិនិត្យ ។
៩៖ និយាយឱ្យសាមញ្ញ គឺវាជាភស្តុតាង ដែលបានចុះហត្ថលេខាបដិសេធខ្លួនឯង តាំងពីដំបូងមកម្ល៉េះ ដែលធ្វើឱ្យទម្ងន់ នៃភស្តុតាងរបស់យើងត្រូវបាត់បង់ស្ទើរតែទាំងស្រុង ។
ចំណុចនេះ គឺត្រូវគ្នានឹងគោលការណ៍ ដែលតុលាការពិភពលោក តែងតែប្រើប្រាស់ជាដរាបមក គឺតុលាការចាត់ទុកថា «ផែនទីជាទូទៅគ្រាន់តែជាភស្តុតាងបន្ទាប់បន្សំ ឬភស្តុតាងតាមកាលៈទេសៈ មិនមែនជាភស្តុតាងសន្និដ្ឋាននោះទេ» ។
១០៖ ធ្លាប់មានក្តីវិវាទព្រំដែនរវាងប្រទេស Burkina Faso និងប្រទេស Niger ដែលតុលាការពិភពលោក បានសង្កត់ធ្ងន់លើគោលការណ៍នេះយ៉ាងច្បាស់លាស់ថា «ផែនទីនឹងមានទម្ងន់ លុះត្រាតែវាត្រូវបានចងភ្ជាប់ជាមួយនឹងសន្ធិសញ្ញា ឬមានការទទួលស្គាល់ពីភាគីទាំងសងខាង» ។
១១៖ លោក Surachart ទើបប្រើពាក្យថា «ផែនទីទាហាន ដែលនាយករដ្ឋមន្ត្រីថៃ មានទំនុកចិត្តខ្លាំងណាស់នោះ គឺជា «ភាពមានប្រៀប ដែលមិនពិតប្រាកដ» ដោយវាគ្រាន់តែមើលទៅដូចជាយើងមានប្រៀប មើលទៅដូចជាខ្សែបន្ទាត់អំណោយផលដល់យើង តែពេលយកចូលទៅតុលាការ ជាក់ស្តែង គឺប្រើមិនកើតនោះទេ ពីព្រោះខ្លួនវាផ្ទាល់បានប្រកាសនៅលើគែមក្រដាសថា មិនមែនជាឯកសារកំណត់ខ្សែបន្ទាត់ព្រំដែនឡើយ» ។
១២៖ មួយវិញទៀត មានទស្សនៈមួយទៀត បានស្នើឡើងថា «ក្នុងន័យដែលផែនទីខ្នាត 1:50,000 ប្រើប្រាស់ក្នុងតុលាការ មិនបាន ប៉ុន្តែផែនទីបោះបង្គោលព្រំដែន ដែលប្រើប្រាស់បាន បែរជាផែនទីខ្នាត 1:200,000 ដែលនាយករដ្ឋមន្ត្រី មិនទទួលស្គាល់ទៅវិញ នោះយើងគួរតែ «លុបចោលទាំងអស់ទៅ» ដោយមិនចាំបាច់ទទួលស្គាល់ទាំងផែនទីបោះបង្គោលព្រំដែន និងមិនបាច់ទទួលស្គាល់ទាំងសន្ធិសញ្ញាទាំង 3 ច្បាប់នោះឡើយ គឺហែកចោលឱ្យអស់ រួចចាប់ផ្តើមរាប់ពីលេខមួយឡើងវិញ ។
១៣៖ លោក Surachart បានសង្កត់ធ្ងន់យ៉ាងច្បាស់ថា «នេះគឺជាគ្រោះមហន្តរាយ» និងជារឿងដែលមិនអាចទៅរួចឡើយទាំងក្នុងផ្លូវប្រតិបត្តិ និងក្នុងផ្លូវប្រវត្តិសាស្ត្រ ពីព្រោះសន្ធិសញ្ញាទាំង ៣ច្បាប់ ជាមួយនឹងផែនទីបោះបង្គោលព្រំដែនឈុតនោះ គឺជាប័ណ្ណកម្មសិទ្ធិដីធ្លី របស់ថៃ តាំងពីសម័យសៀមរហូតមកដល់សព្វថ្ងៃនេះ» ។
១៤៖ វាគឺជាគ្រឿងធានាអះអាងថា «ខ្សែបន្ទាត់ព្រំដែនត្រង់នេះជារបស់ថៃ ត្រង់នោះជារបស់កម្ពុជា។ បើយើងហែកវាចោល វាស្មើនឹងយើងគ្រវែងចោលប័ណ្ណកម្មសិទ្ធិដីធ្លីរបស់ខ្លួនឯង ដែលទង្វើនេះ នឹងធ្វើឱ្យភាគីកម្ពុជា ទទួលបានផលប្រយោជន៍ពេញទំហឹង ពីព្រោះនៅពេលដែលគ្មានសន្ធិសញ្ញាជាក្របខ័ណ្ឌ គ្រប់យ៉ាង នឹងបើកចំហឱ្យមានការជជែកវែកញែកសារជាថ្មី ហើយយើងក៏អាចនឹងត្រូវបាត់បង់ដីធ្លី ដែលធ្លាប់ជារបស់យើងពិតប្រាកដរួចទៅហើយនោះ ថែមទៀតផង» ។
១៥៖ លើសពីនេះ សន្ធិសញ្ញា និងផែនទីឈុតនេះ មិនមែនគ្រប់គ្រងតែខ្សែបន្ទាត់ព្រំដែនថៃ និងកម្ពុជាប៉ុណ្ណោះទេ គឺវាគ្របដណ្តប់រហូតទៅដល់ខ្សែបន្ទាត់ព្រំដែនថៃ និងឡាវទៀតផង ពោលគឺវាគ្រប់គ្រងខ្សែបន្ទាត់ព្រំដែនភាគខាងកើតរបស់ថៃ ពេញមួយខ្សែ ។
ប្រសិនបើយើងប្រកាសហែកសន្ធិសញ្ញាចោល ព្រោះគ្រាន់តែចង់សងសឹកកម្ពុជា ដែលប្រើផែនទីខ្នាត 1:200,000 វាក៏នឹងធ្វើឱ្យខ្សែបន្ទាត់ព្រំដែនរបស់ថៃ ជាមួយប្រទេសឡាវ ត្រូវរង្គោះរង្គើភ្លាមៗដូចគ្នា ។
១៦៖ ជំនួសឱ្យការមានបញ្ហាជាមួយប្រទេសជិតខាងតែមួយប្រទេស យើងអាចនឹងត្រូវបើកសមរភូមិព្រមគ្នារហូតដល់ទៅពីរប្រទេស គឺទាំងជាមួយកម្ពុជា និងឡាវ ។
ក្នុងផ្លូវការទូត ការប្រកាសលុបចោលកិច្ចព្រមព្រៀងអន្តរជាតិ ដែលធ្លាប់បានផ្តល់សច្ចាប័នរួចមកហើយនោះ នឹងធ្វើឱ្យថៃ បាត់បង់ភាពគួរឱ្យទុកចិត្ត ដែលនឹកចង់ហែកសន្ធិសញ្ញាពេលណា ក៏ធ្វើតាមអារម្មណ៍ ដែលវានឹងជះឥទ្ធិពលដល់កិត្យានុភាពរបស់ថៃ នៅលើឆាកអន្តរជាតិ យ៉ាងធ្ងន់ធ្ងរ ។
១៧៖ លោក Surachart ក៏បានសរសេររៀបរាប់នៅក្នុងលិខិតផងដែរថា «ចង់ឱ្យនាយករដ្ឋមន្ត្រី ទៅសាកសួរអ្នក ដែលមានចំណេះដឹង ដែលមានភាពស្មោះត្រង់ក្នុងវិជ្ជាជីវៈពិតប្រាកដ ដែលអ្នកនោះ ប្រហែលជាមិនមែនជាអ្នកនយោបាយ ដូចជារដ្ឋមន្ត្រីក្រសួងការបរទេសបច្ចុប្បន្ន គឺលោក Sihasak ដែលកំពុងអង្គុយតំណែងជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស នៅក្នុងគណៈរដ្ឋមន្ត្រី» ។
១៨៖ លោក Sihasak គឺជាអ្នកការទូតអាជីព ដែលយល់ដឹងពីរឿងនេះ ច្បាស់ណាស់ ប៉ុន្តែប្រហែលជាត្រូវធ្វើជាមិនដឹង មិនលឺ ដើម្បីកុំឱ្យមានទំនាស់ជាមួយនឹងនាយករដ្ឋមន្ត្រី ដែលបានប្រកាសពីជំហររួចទៅហើយ។ នេះហើយជាបញ្ហា នៃការប្រើប្រាស់អំណាច ដែលបរាជ័យ ។
១៩៖ ជាធម្មតា អ្នកនយោបាយឡើងមកហើយក៏ទៅវិញ កាន់តំណែងតែប៉ុន្មានឆ្នាំ ក៏ត្រូវផ្លាស់ប្តូរ ប៉ុន្តែមន្ត្រីរាជការអចិន្ត្រៃយ៍ ដូចជានាយកដ្ឋានសន្ធិសញ្ញា និងច្បាប់ ឬនាយកដ្ឋានផែនទីទាហាន មនុស្សក្រុមនេះ គឺជាអ្នកដែលរក្សាចំណេះដឹង រក្សាឯកសារ និងរក្សាប្រវត្តិសាស្ត្រមករាប់រយឆ្នាំ ពួកគេគឺជា «ការចងចាំរបស់ជាតិ» ។
២០៖ នៅក្នុងប្រព័ន្ធដ៏ល្អ អ្នកនយោបាយជាអ្នកកំណត់ទិសដៅ ប៉ុន្តែមន្ត្រី ដែលដឹងពិតប្រាកដ ត្រូវតែហ៊ានចេញមុខជំទាស់ ប្រសិនបើទិសដៅនោះនឹងនាំប្រទេសដើរធ្លាក់ជ្រោះ ។
ប៉ុន្តែអ្វីដែលសាស្ត្រាចារ្យ Surachart មានក្តីបារម្ភ គឺបើសូម្បីតែរដ្ឋមន្ត្រីការបរទេស ដែលជាអ្នកការទូតអាជីព នៅតែត្រូវលេបចំណេះដឹងខ្លួនឯង ដើម្បីរក្សាកៅអី ឬដើម្បីកុំឱ្យទាស់ចិត្តចៅហ្វាយនាយ តើនឹងមាននរណាហ៊ានព្រមាននាយករដ្ឋមន្ត្រីទៅ ?
២១៖ នៅពេលដែលចំណេះដឹងពិតប្រាកដត្រូវបានបំបិទ មនុស្សដែលត្រូវទទួលកម្ម គឺជាប្រទេសជាតិ និងប្រជាពលរដ្ឋថៃ ទាំងមូល។ ការសម្រេចចិត្តរឿងខ្សែបន្ទាត់ព្រំដែន ដែលខុសឆ្គង គឺមិនអាចកែប្រែត្រឡប់មកវិញបានឡើយ។ វាគឺការបាត់បង់ដីធ្លី ជាអចិន្ត្រៃយ៍ ។
២២៖ លោកសាស្ត្រាចារ្យ ទើបសង្កត់ធ្ងន់ថា «មន្ត្រីរាជការ ដែលនៅតែមានភាពស្មោះត្រង់ និងមានវិជ្ជាជីវៈខ្ពស់ នៅនាយកដ្ឋានសន្ធិសញ្ញានិងច្បាប់ ព្រមទាំងនាយកដ្ឋានផែនទីទាហាន សុទ្ធតែមានមតិយល់ឃើញដូចគ្នានឹងលោកដែរ ពោលគឺមនុស្ស ដែលដឹងពិតប្រាកដនៅក្នុងប្រព័ន្ធ។ គេដឹងរួចទៅហើយថា អ្វីត្រូវ ហើយអ្វីខុស។ គ្រាន់តែថា តើនឹងមាននរណាហ៊ាននិយាយវាចេញមកក្រៅដែរ ឬទេតែប៉ុណ្ណោះ ?»
២៣៖ សាស្ត្រាចារ្យ Surachart មានចេតនាលើកយកប្រវត្តិសាស្ត្រមកប្រៀបធៀបនឹងបច្ចុប្បន្នចំៗតែម្តង ដោយលោកបានយកការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រី Anutin នាថ្ងៃនេះ ទៅប្រៀបធៀបនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាលលោក Sarit Thanarat នៅក្នុងក្តីប្រាសាទព្រះវិហារ កាលពីអតីតកាល ។
២៤៖ កាលនោះ ក្នុងក្តីប្រាសាទព្រះវិហារ ភាគីកម្ពុជា បានយកផែនទីបោះបង្គោលព្រំដែនច្បាប់ដើម មកតស៊ូក្តី ចំណែកឯភាគីថៃ ក្នុងយុគសម័យលោក Sarit Thanarat បែរជាយកផែនទី ដែលអ្នកជំនាញភាគីថៃ ធ្វើឡើងដោយខ្លួនឯង មកតស៊ូទៅវិញ ហើយនៅក្នុងផែនទី ដែលថៃ ផ្ញើជូនតុលាការអន្តរជាតិ ក៏មានប្រយោគបញ្ជាក់ថា ជាផែនទី ដែលរៀបចំឡើងដោយអ្នកជំនាញថៃ ។
២៥៖ លទ្ធផល គឺតុលាការអន្តរជាតិ បានកាត់សេចក្តីកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ដោយសំឡេង៩ ទល់នឹង៣ ឱ្យប្រាសាទព្រះវិហារធ្លាក់ទៅជាកម្មសិទ្ធិរបស់កម្ពុជា ហើយថៃ ត្រូវចាញ់ក្តី ។
ហេតុផល ដែលតុលាការសម្រេចបែបនេះ គឺជាចំណុចស្លាប់ ដែលលោកសាស្ត្រាចារ្យចេញមកព្រមាន។ តុលាការ នៅពេលនោះ មិនបានកាត់សេចក្តីដោយចុះទៅវាស់វែងខ្សែបែងចែកទឹកថា «នរណាត្រូវ ឬនរណាខុសតាមភូមិសាស្ត្រពិតប្រាកដឡើយ» ប៉ុន្តែតុលាការ បានកាត់សេចក្តីដោយប្រើប្រាស់គោលការណ៍ «ការយល់ព្រមដោយប្រយោល» (Acquiescence) ។
២៦៖ តុលាការបានបញ្ជាក់ថា «ទោះបីជាផែនទីបោះបង្គោលព្រំដែនឈុតនោះ អាចមិនមែនជាផែនទីផ្លូវការរបស់គណៈកម្មការបោះបង្គោលព្រំដែនក៏ដោយ ក៏ប៉ុន្តែសៀម បានទទួលផែនទីនោះ ហើយរក្សាភាពស្ងប់ស្ងាត់ និងមិនដែលធ្វើការជំទាស់តវ៉ាទាល់តែសោះអស់រយៈពេលជាង៥០ឆ្នាំ» ។
២៧៖ ជាក់ស្តែងកាលពីឆ្នាំ១៩៣០ សម្តេចក្រុមព្រះ Damrong Rajanubhap ក៏បានយាងទៅទស្សនាប្រាសាទព្រះវិហារ ដោយមានមន្ត្រីបារាំង មកធ្វើការទទួលស្វាគមន៍ នៅក្រោមទង់ជាតិបារាំង ហើយភាគីថៃ ក៏មិនបានធ្វើការតវ៉ាអ្វីដែរ ។
ដូច្នេះតុលាការសន្និដ្ឋានថា «ការដែលថៃស្ងប់ស្ងាត់រហូតមក ស្មើនឹងការទទួលស្គាល់ផែនទីនោះ ដោយប្រយោលរួចទៅហើយ ហើយនៅពេលដែលទទួលស្គាល់ហើយ ផែនទីបោះបង្គោលព្រំដែននោះ ក៏ក្លាយជាផ្នែកមួយ នៃសន្ធិសញ្ញាដោយស្វ័យប្រវត្តិតែម្តង» ។
២៨៖ ចំណុចស្លាប់វាស្ថិតនៅត្រង់នេះឯង គឺមិនមែនស្ថិតនៅលើផែនទីរបស់នរណាលម្អិតជាង ឬមានមាត្រដ្ឋានល្អជាងនោះទេ។ ប៉ុន្តែវាស្ថិតនៅលើ «ឥរិយាបថរបស់រដ្ឋ» ថាបានដាក់ខ្លួនយ៉ាងណា បាននិយាយអ្វីខ្លះ បានទទួលស្គាល់ ឬបដិសេធអ្វីខ្លះកន្លងមក ។
២៩៖ ការដែលលោក Anutin យកផែនទីទាហានខ្នាត 1:50,000 មកលើកបង្ហាញ វាមិនខុសប្លែកអ្វីពីលោក Sarit Thanarat ដែលយកផែនទី ដែលអ្នកជំនាញថៃ ធ្វើខ្លួនឯងមកលើកបង្ហាញកាលណោះឡើយ ពោលគឺការយកផែនទី ដែលមិនទទួលបានការទទួលស្គាល់រួមគ្នាមកធ្វើជាអាវុធចម្បង ដែលប្រវត្តិសាស្ត្របានបញ្ជាក់រួចហើយថា «វាគឺជាអាវុធ ដែលបាញ់មិនចេញ ហើយចុងក្រោយយើងក៏ត្រូវចាញ់ក្តី។ បើដើរជាន់ដានចាស់ វាទំនងជានឹងនាំទៅរកលទ្ធផលដូចគ្នា» ។
៣០៖ រឿងរ៉ាវ ដែលបដិសេធជំនឿចាស់ដូចជា «ផែនទី ៥០ច្បាប់ នៅប៉ារីស»។ ជំនឿដែលថានោះ គឺសម័យនោះ សៀមទន់ខ្សោយ ហើយបារាំងខ្លាំងជាង និងជាអ្នកគូសផែនទីរបស់យើង ដែលយើងល្ងង់ខ្លៅ មិនដឹងរឿងការធ្វើផែនទីទាល់តែសោះ ទើបត្រូវបារាំងបោកប្រាស់យកប្រៀបទាំងអស់ ។
៣១៖ ពួកយើងជឿបែបនេះតៗគ្នាមកជាយូរលង់រហូតក្លាយជារឿងនិទាន ដែលដក់ជាប់ក្នុងខួរក្បាល ហើយរាល់ពេលមានបញ្ហាព្រំដែនម្តងៗក៏ទម្លាក់កំហុសថា «កាលពីសម័យនោះ យើងត្រូវគេបោកប្រាស់»។ ប៉ុន្តែលោកសាស្ត្រាចារ្យ Surachart លោកបានបង្ហាញការពិតខាងប្រវត្តិសាស្ត្រចំៗតែម្តង គឺរឿងដែលស្ថានទូតសៀមប្រចាំទីក្រុងប៉ារីស បានទទួលផែនទីបោះបង្គោលព្រំដែននៅក្នុងឆ្នាំ១៩០៨ ។
ប្រសិនបើអ្នកគូសផែនទីរបស់សៀមល្ងង់ខ្លៅពិតមែន មិនដឹងរឿងពិតមែន ហេតុអ្វីបានជាសៀម មានគណៈកម្មការកំណត់ព្រំដែន ដើម្បីបោះបង្គោលព្រំដែនរួមដើរវាស់វែងជាមួយបារាំងបាន ?
៣២៖ ហេតុអ្វីបានជាស្ថានទូតសៀម ទទួលផែនទីជាផ្លូវការ មានលិខិតឆ្លើយឆ្លង មានការចុះហត្ថលេខាទទួលរបស់ រួចថែមទាំងបានផ្ញើច្បាប់ចម្លងទៅកាន់បណ្តាខេត្តតាមព្រំដែន និងស្ថានទូតសៀមប្រចាំទីក្រុងឡុងដ៍ ប៊ែរឡាំង រុស្ស៊ី និងអាមេរិកទៀតផង ?
សកម្មភាពទាំងនេះ បានបញ្ជាក់ថា «សៀមមិនមែនល្ងង់ខ្លៅ មិនមែនខ្វះចំណេះដឹងឡើយ។ សៀមបានយល់ដឹងពីដំណើរការបោះបង្គោលព្រំដែនជាប្រព័ន្ធយ៉ាងល្អប្រសើរ» ។
៣៣៖ សៀម មានប្រព័ន្ធរាជការ ដែលធ្វើការងារមានរបៀបរៀបរយ មានការទទួលឯកសារ ចុះបញ្ជី ចែកចាយគ្រប់គ្រាន់តាមបែបបទស្តង់ដារអន្តរជាតិ ដែលរឿងនេះគឺជា «ដាវមុខពីរ» ។
នៅក្នុងទស្សនៈរបស់តុលាការពិភពលោក ការដែលសៀមទទួលផែនទីជាផ្លូវការ គឺជាភស្តុតាងដ៏ល្អបំផុត ដែលបញ្ជាក់ថា «សៀមបានដឹងលឺ និងទទួលស្គាល់ផែនទីនោះ ដែលជាហេតុផលតែមួយគត់ ដែលធ្វើឱ្យយើងត្រូវចាញ់ក្តីនៅក្នុងឆ្នាំ១៩៦២» ។
៣៤៖ ដូច្នេះ ការពិតរឿងនេះវាមានពីរជ្រុង ដែលជ្រុងមួយ គឺវាលុបបំបាត់ពាក្យមើលងាយខ្លួនឯងថា «សៀមល្ងង់» តែជ្រុងមួយទៀត វាក៏ស្មើនឹងការបញ្ជាក់ច្បាស់ថា «យើងបានទទួលស្គាល់ផែនទីនោះពិតប្រាកដមែនក្នុងផ្លូវច្បាប់» ។
ខ្សែបន្ទាត់ព្រំដែនទាំងមូល មានទាំងចំណុច ដែលយើងមានប្រៀប និងចំណុចដែលយើងចាញ់ប្រៀបលាយឡំគ្នាទៅ មិនមែនថា «យើងត្រូវចាញ់ប្រៀបគ្រប់ម៉ែត្រការ៉េនោះឡើយ» ។
ប្រសិនបើយើងមើលខ្សែទាំងមូលដោយសមហេតុផល យើងអាចនឹងរកឃើញថា «ចំណុចជាច្រើនយើងមានប្រៀបខ្លាំងជាងផង» ។
៣៥៖ ការប្រកាន់ខ្ជាប់ នូវសន្ធិសញ្ញានិងផែនទីបោះបង្គោលព្រំដែនទៅវិញទេ ដែលជាអាវក្រោះការពារទឹកដីរបស់យើង មិនមែនជាការហែកវាចោលនោះឡើយ ។
អ្វីដែលលោក Surachart ព្រួយបារម្ភបំផុតគឺ សម្តីដ៏រឹងរូសរបស់នាយករដ្ឋមន្ត្រីដែលថា «បើប្រើផែនទីខ្នាត 1:200,000 គឺមិនចាំបាច់មកជជែកគ្នា» ព្រោះក្នុងផ្លូវច្បាប់អន្តរជាតិ សម្តីបែបនេះ វាអាចនឹងក្លាយជាលក្ខខណ្ឌបើកផ្លូវឱ្យភាគីកម្ពុជា អូសទាញថៃ ឡើងទៅកាន់តុលាការពិភពលោកបាន ។
៣៦៖ ជាក់ស្តែងដូចកាលពីថ្ងៃទី១៦ ខែមិថុនា ភាគីកម្ពុជាបានដាក់រឿងរ៉ាវតំបន់វិវាទទៅកាន់តុលាការពិភពលោក នៅទីក្រុងឡាអេរួចរាល់ហើយ ដោយបានដាក់ជូនទៅកាន់អ្នកចុះបញ្ជីរបស់តុលាការ ។
តំបន់ទាំង៤នោះ គឺប្រាសាទតាមាន់ធំ តាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ។
៣៧៖ កម្ពុជាមានចេតនាជ្រើសរើសថ្ងៃដាក់ពាក្យបណ្តឹង ចំពេលថ្ងៃខួបទី ៦៣ឆ្នាំ នៃសាលក្រមកាត់សេចក្តីក្តីប្រាសាទព្រះវិហារ ដើម្បីបញ្ជាក់ជានិមិត្តរូប ។
មុនពេលនោះ នៅក្នុងកិច្ចប្រជុំគណៈកម្មាការព្រំដែនរួម នៅទីក្រុងភ្នំពេញ ភាគីកម្ពុជា ក៏បានប្រកាសយ៉ាងច្បាស់លាស់ហើយថា «កម្ពុជានឹងទទួលស្គាល់តែលើផែនទីខ្នាត 1:200,000 តែប៉ុណ្ណោះ ដោយអះអាងថា មានមូលដ្ឋានមកពីសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ1904 និង1907 ព្រមទាំងបានបដិសេធផែនទីខ្នាត 1:50,000 ដែលថៃធ្វើដោយខ្លួនឯងយ៉ាងដាច់អហង្ការ» ។
៣៨៖ វាប្រៀបដូចជាភាគីកម្ពុជា បានរៀបចំផែនការយុទ្ធសាស្ត្រនេះរួចហើយ។ កម្ពុជាឈរជើងលើផែនទីខ្នាត 1:200,000 ដែលជាផែនទីបោះបង្គោលព្រំដែន ដែលបានផ្តល់សច្ចាប័នរួចហើយ ។
នៅពេលនាយករដ្ឋមន្ត្រីរបស់ថៃ ចេញមកប្រកាសថា «បើប្រើផែនទីខ្នាត 1:200,000 គឺមិនបាច់មកជជែកគ្នា» វាស្មើនឹងយើងប្រកាសចំពោះមុខពិភពលោកថា «ប្រទេសថៃ បដិសេធមិនព្រមចរចាតាមយន្តការទ្វេភាគី និងមិនព្រមជជែកគ្នា» ។
៣៩៖ ភាគីកម្ពុជា ក៏នឹងយកសម្តីនេះទៅជម្រាបតុលាការពិភពលោក បានភ្លាមថា «ខ្លួនបានព្យាយាមជជែកជាមួយថៃ តាមយន្តការធម្មតាហើយ ប៉ុន្តែថៃបិទទ្វារមិនព្រមជជែក។ ការចរចាទ្វេភាគី បានដើរដល់ផ្លូវទាល់ច្រកហើយ ដូច្នេះផ្លូវចេញតែមួយគត់ គឺត្រូវតែឱ្យតុលាការពិភពលោក ជាអ្នកកាត់សេចក្តី» ។
៤០៖ ហើយអ្វីដែលធ្ងន់ធ្ងរលើសពីនេះ គឺប្រទេសថៃទទូចថា «ខ្លួនមិនទទួលយកយុត្តាធិការរបស់តុលាការទេ។ ថៃមានសិទ្ធិបដិសេធ ដែលរឿងនេះជាការពិត ត្រឹមតែក្នុងន័យដែលថា សេចក្តីប្រកាសទទួលស្គាល់អំណាចបង្គាប់របស់តុលាការពិភពលោក ដែលថៃធ្លាប់បានធ្វើកាលពីឆ្នាំ១៩៥០។ វាមានអាយុកាល ១០ឆ្នាំ បានអស់សុពលភាពតាំងតែពីឆ្នាំ១៩៦០មកម្ល៉េះ និងមិនដែលបានធ្វើការបន្តអាយុទាល់តែសោះ» ។
៤១៖ ប៉ុន្តែលោក Surachart បានព្រមានថា «ក្នុងផ្លូវប្រតិបត្តិជាក់ស្តែង ពួកយើងបានទទួលស្គាល់អំណាចតុលាការពិភពលោក ទៅរួចស្រាប់ហើយ ទាំងនៅក្នុងឆ្នាំ១៩៦២ និងនៅក្នុងឆ្នាំ២០១៣ ពោលគឺយើងបានឡើងទៅតស៊ូក្តី នៅក្នុងតុលាការទាំងពីរលើក» ។
៤២៖ អ្វីដែលសំខាន់បំផុត ភាគីកម្ពុជា មិនមានភាពចាំបាច់ត្រូវឱ្យយើងចុះហត្ថលេខាទទួលស្គាល់អំណាចតុលាការសារជាថ្មីឡើយ ពីព្រោះកម្ពុជាមាន«ច្រកផ្លូវពិសេស» គឺការដាក់ពាក្យស្នើសុំឱ្យតុលាការបកស្រាយសាលក្រមកាត់សេចក្តីក្តីប្រាសាទព្រះវិហារ ឆ្នាំ១៩៦២ យោងតាមមាត្រា៦០ នៃលក្ខន្តិកៈតុលាការអន្តរជាតិ ។
៤៣៖ ច្រកផ្លូវនេះហើយ ដែលជាផ្លូវដ៏គ្រោះថ្នាក់បំផុត ព្រោះវាមិនបាច់ទាមទារសេចក្តីយល់ព្រមថ្មីពីភាគីថៃឡើយ ហើយកម្ពុជា ក៏ធ្លាប់ប្រើប្រាស់ផ្លូវនេះ បានសម្រេចរួចមកហើយកាលពីឆ្នាំ២០១៣ ដែលពេលនោះ តុលាការបានសម្រេចជាឯកច្ឆន្ទ ដោយមានសំឡេងគាំទ្រ១៧ សំឡេងថា «ផ្ទៃដីតំបន់ចង្កេះភ្នំប្រាសាទព្រះវិហារទាំងអស់ជារបស់កម្ពុជា ហើយថៃ ត្រូវតែដកកងកម្លាំងចេញ។ នោះគឺជាការចាញ់ក្តីលើកទីពីររបស់ថៃ» ។
៤៤៖ ដូច្នេះ អ្វីដែលលោកសាស្ត្រាចារ្យ ចេញមកព្រមាន គឺប្រសិនបើនាយករដ្ឋមន្ត្រី នៅតែប្រើប្រាស់សម្តីរឹងរូសបែបនេះ និងនៅតែប្រកាន់ខ្ជាប់ប្រើប្រាស់ផែនទី ដែលមិនមែនជាផែនទីផ្លូវការ វាក៏មិនខុសប្លែកអ្វីពីពួកយើងកំពុងតែដើរជាន់ដានចាស់ចូលទៅក្នុងអន្ទាក់ ដែលភាគីកម្ពុជា បានរៀបចំទុកនោះឡើយ ។
សាលក្រមកាត់សេចក្តីឆ្នាំ១៩៦២នោះ បានប៉ះពាល់ទៅដល់រឿងផែនទីបោះបង្គោលព្រំដែន ដោយផ្ទាល់រួចស្រាប់ទៅហើយ ពោលគឺគ្រាន់តែចាប់ទាញយកមកពង្រីកសេចក្តីបន្ថែម ក៏អាចអូសទាញថៃ ត្រឡប់ចូលទៅកាន់តុលាការពិភពលោក ជាលើកទី៣ បានដោយងាយ ៕

ចែករំលែកព័តមាននេះ