ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បុ.កជាមួយ​​ម៉ូតូ​ ស្លា.ប់ម្នាក់ ​និង​របួ.សធ្ងន់ម្នាក់​

46 នាទី មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បណ្ដាល​ឱ្យ​មនុស្ស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង និង​ម្នាក់​ទៀត​បាន​រង​របួស​ជា​ទម្ងន់ បាន​កើតឡើង នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់ ថ្ងៃ​ទី ៤ ខែមិថុនា ឆ្នាំ ២០២៦ នៅ​ផ្លូវជាតិ​លេខ ៥ ចន្លោះ​គីឡូម៉ែត្រ​លេខ ៩០ និង​លេខ ៩១ ចំណុច​ផ្លូវ​ខ្វែង​ទិស ទល់មុខ​ផ្ទះសំណាក់​ផ្កាយព្រឹក ស្ថិត​នៅ​ក្នុងភូមិ​ឡ​ទឹកត្រី សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។

យោង​តាម​របាយការណ៍​បឋម​របស់​សមត្ថកិច្ច​នគរបាល​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ា​កនិច ពណ៌​ប្រផេះ​  ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1M-6675 បើកបរ​ដោយ​យុវជន ឈ្មោះ អ៊ុ​ល រក្សា អាយុ ១៥ ឆ្នាំ មាន​ទីលំនៅ ភូមិ​ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង មាន​ដឹក​យុវជន​ម្នាក់​ទៀត​ពីក្រោយ​ឈ្មោះ មឿ​ន រក្សា (​ឈ្មោះ​រក្សា​ដូច​គ្នា​) អាយុ ១៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ខ្មែរ​ដូច​គ្នា ។​

ជនរងគ្រោះ​បាន​​ធ្វើ​ដំណើរ​ពី​វិមាន​ឯករាជ្យ​សំដៅ​ទៅ​ទួល​ក្រឡាញ់ ក្នុង​ដំណើរ​ពី​ជើង​ទៅ​ត្បូង លុះ មក​ដល់​ចំណុច​កើតហេតុ​ក៏​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​មិន​ស្គាល់​ម៉ាក​បាន ធ្វើ​ដំណើរ​ឆ្លងផ្លូវ​ពី​ទិស​ខាងកើត​ទៅ​លិច បាន​បុក​ម៉ូតូ​ជន​រង​គ្រោះ​ពេញទំហឹង បណ្ដាល​ឲ្យ​ជន​រង​គ្រោះ ឈ្មោះ​អ៊ុ​ល រក្សា បាន​ស្លាប់​នៅ​នឹង​កន្លែង ចំណែក​យុវជន​ម្នាក់​ទៀត​ជិះ​ពីក្រោយ​បាន​រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​។ ដោយឡែក រថយន្ត​បង្ករ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ដែល​ពេល​នេះ​សមត្ថកិច្ច​កំពុង​តែ​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​រថយន្ត​និង​អ្នកបើកបរ​។

ក្រោយ​ពិនិត្យ​ធ្វើការ​របស់​វែង​សមត្ថកិច្ច​នគរបាល​បាន​ប្រគល់​សព​យុវជន​រង​គ្រោះ​ទៅ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ចំណែក​ម៉ូតូ​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​ដើម្បី​បន្ត​នីតិវិធី​។

សូម​រំលឹក​ថា​ជា​រឿយ​ៗ​ចំណុច​ផ្លូវបំបែក​ខ្វែង​ទិស មុខ​ផ្ទះសំណាក់​ផ្កាយព្រឹក ចំណុច​ផ្លូវបែក​ជា​៤ ជាប់​របង​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រិ​ត គឺ តែង​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់​ហើយ​កើតឡើង​ម្ដង​ៗ​ធ្ងន់ធ្ងរ​រហូត​មាន​បាត់បង់​ជីវិត​មនុស្ស​ទៀត​ផង ។​ប្រជាពលរដ្ឋ​សំណូមពរ​ថា រាល់​ផ្លូវ បំបែក​ខ្វែង ទិស​ក្នុង​ក្រុង​កំពង់ឆ្នាំង ទាំង​ផ្លូវ​វាង​ក្រុង ទាំង​ផ្លូវ​ក្នុង​ក្រុង ទាំងអស់​គួរតែ​មាន​ភ្លើង​សញ្ញា​ចរាចរណ៍ (​ភ្លើងស្តុប​)​ ៕​