បណ្ឌិត គិន ភា ៖«ថៃជារដ្ឋទំនើងកំពូលល្បិច»
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានគូសបញ្ជាក់ថា ថៃជារដ្ឋទំនើងកំពូលល្បិច ។ លោកបណ្ឌិតបានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី០៥ ខែនិថុនា ឆ្នាំ២០២៦ យ៉ាងដូច្នេះថា បន្ទាប់ពីកម្ពុជាប្រកាសជាផ្លូវការអំពីការប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំ (Com pulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) កាលពីម្សិលម្ង៉ៃ កញ្ជ្រោងការទូតនៃរដ្ឋទំនើងមួយបានចេញមកសម្តែងភាពស្លន់ស្លោចំពោះយន្តការនេះ ហើយថែមទាំងព្យាយាមទម្លាក់កំហុសមកលើកម្ពុជាដោយចោទប្រកាន់ថា កម្ពុជាជាអ្នកបិទផ្លូវចរចាទ្វេភាគីទៅវិញ។ ទាំងនេះជាការចោទប្រកាន់ដែលខ្វះមូលដ្ឋាន ព្រោះយន្តការចរចាទ្វេភាគីដ៏សំខាន់រវាងប្រទេសទាំងពីរ គឺ MOU ឆ្នាំ២០០១ ត្រូវបានរដ្ឋទំនើងនោះលុបចោលជាឯកតោភាគីរួចទៅហើយ ។

លោកបណ្ឌិតថា ស្រាប់តែកាលពីម្សិលមិញដដែល កញ្ជ្រោងការទូតរូបនោះបានប្រកាសយ៉ាងសឿងបឿងថា ប្រទេសរបស់ខ្លួនបានត្រៀមលក្ខណៈផ្លូវច្បាប់រួចជាស្រេច ដើម្បីតតាំងជាមួយកម្ពុជាក្រោមឆត្រ UNCLOS ព្រោះខ្លួនបានដឹងជាមុនថា កម្ពុជានឹងជ្រើសរើសផ្លូវនេះ ។
លោកបណ្ឌិតបានលើកឡើងទៀតថា តាមពិតទៅ ជំហររបស់កម្ពុជាចំពោះការដោះស្រាយជម្លោះអធិបតេយ្យដែនសមុទ្រជាមួយប្រទេសជិតខាងនេះ មិនដែលមានការប្រែប្រួលនោះទេ ហើយក៏គ្មានការលាក់លៀមដែរ ។ កម្ពុជាបានសម្តែងការសោកស្តាយជាបន្តបន្ទាប់ចំពោះការប៉ុនប៉ង និងការសម្រេចលុបចោល MOU ឆ្នាំ២០០១ ជាឯកតោភាគី។ ប៉ុន្តែកម្ពុជាមិនអាចរារាំងសកម្មភាពបែបនេះបានឡើយ ទោះបីជា MOU នោះមានលក្ខណៈជាកិច្ចព្រមព្រៀងទ្វេភាគីក៏ដោយ ។ ជាក់ស្តែង រដ្ឋដែលប្រកាន់អាកប្បកិរិយាទំនើងតែងតែផ្តល់អាទិភាពដល់កម្លាំង និងផលប្រយោជន៍ផ្ទាល់ខ្លួន ជាជាងការគោរពគោលការណ៍និងបទដ្ឋានច្បាប់អន្តរជាតិ ។

លោកបណ្ឌិតបានបន្ថែមថាផ្ទុយទៅវិញ កម្ពុជាដែលជារដ្ឋស្រឡាញ់សន្តិភាព តែងតែប្រាថ្នារួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសដទៃ និងប្រកាន់ខ្ជាប់ជានិច្ចនូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមយន្តការការទូត និងច្បាប់អន្តរជាតិ ។
ដោយមិនលាក់លៀមជំហររបស់ខ្លួន ភ្លាមៗក្រោយពេលគណៈរដ្ឋមន្ត្រីថៃសម្រេចលុបចោល MOU ឆ្នាំ២០០១ ជាឯកតោភាគី រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍សម្តែងការសោកស្តាយ និងបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជានឹងប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំក្រោមឆត្រ UNCLOS ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះបញ្ហាអធិបតេយ្យដែនសមុទ្រ ។
បងប្អូនឃើញទេ0x017d7 ទង្វើទាំងនេះបង្ហាញឱ្យឃើញនូវល្បិចកលនយោបាយ និងការទូតពុតត្បុត ដែលត្រូវបានរៀបចំឡើងយ៉ាងប្រុងប្រយ័ត្ន ។

ជាមួយគ្នានោះដែរ លោកបណ្ឌិតគិន ភា បានលើកឡើងថា ការបង្កសម្ពាធ និងការបង្កភាពតានតឹងមកលើកម្ពុជា មិនមែនគ្រាន់តែដើម្បីបង្វែរការចាប់អារម្មណ៍ពីបញ្ហានយោបាយ សេដ្ឋកិច្ច និងសង្គមផ្ទៃក្នុងរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានគោលបំណងពង្រីកឥទ្ធិពល និងជំរុញមហិច្ឆតាភូមិសាស្ត្រនយោបាយរបស់ខ្លួន ជាពិសេស គឺចេតនាឥតប្រែប្រួលតជំនាន់តាំងពីសតវត្សរ៍ទី១៣ ក្នុងការលេបត្របាក់ទឹកដីខ្មែរ ។ នេះគឺជាបញ្ហាដែលប្រជាជនខ្មែរត្រូវតែមានការប្រុងប្រយ័ត្ន និងយល់ដឹងឱ្យបានច្បាស់ ។
ដូច្នេះ មានតែយើងរួមគ្នាពង្រឹងសមត្ថភាពជាតិឱ្យកាន់តែរឹងមាំលើគ្រប់វិស័យ ជាពិសេស វិស័យការពារជាតិ សេដ្ឋកិច្ច ការទូត និងច្បាប់អន្តរជាតិប៉ុណ្ណោះ ទើបយើងអាចការពារអធិបតេយ្យភាព បូរណភាពទឹកដី និងផលប្រយោជន៍ជាតិរបស់កម្ពុជា ក្នុងបរិបទនៃការប្រកួតប្រជែង និងបញ្ហាប្រឈមដែលកំពុងកើតមាននៅក្នុងតំបន់ និងពិភពលោក និងជាពិសេស អាចប្រដៅក្បាលរដ្ឋបិសាចកុំឱ្យវាព្រហើនដាក់យើងបាន ៕

ចែករំលែកព័តមាននេះ