ទីក្រុងប៉េកាំង៖ ប្រធានាធិបតីចិន លោកស៊ីជីនពីង នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងនាសប្ដាហ៍ក្រោយនេះហើយ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ប្រទេសទាំង២។ បើដូច្នេះមែន វាជាដំណើរទស្សនកិច្ចជាថ្មីម្ដងទៀតទៅប្រទេសឯកោនិយមមួយនេះចាប់តាំងពីអាក់ខានរយៈពេលជិត៧ឆ្នាំ។ ដំណើរទស្សនកិច្ចនេះជាចំណាត់ជាបន្តបន្ទាប់របស់ប្រទេសចិនដើម្បីពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធនឹងគ្នា។ ប្រមុខដឹកនាំកូរ៉េខាងជើង លោកគីមជុងអ៊ុន បានបោះដៃទៅរកប្រទេសរុស្ស៊ីកាលពីប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបានឈានដល់ការបញ្ជូនកងទ័ព និងអាវុធយុទ្ធភ័ណ្ឌជាច្រើនទៅរុស្ស៊ីដើម្បីគាំទ្ររុស្ស៊ីនៅក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។

ទោះជាមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយរុស្ស៊ី ប៉ុន្តែមេដឹកនាំវ័យក្មេងរូបនេះក៏បន្តរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសចិនដដែលក្នុងនាមចិនជាដៃគូពាណិជ្ជកម្មធំជាងគេ និងជាអ្នកផ្ដល់ជំនួយធំជាងគេសម្រាប់កូរ៉េខាងជើង។ អ្នកវិភាគម្នាក់ឈ្មោះវីលាម យ៉ាង (William Yang) យល់ថានៅពេលកូរ៉េខាងជើងកាន់តែខិតទៅរករុស្ស៊ី ចិននឹងប្រើប្រាស់ដំណើរទស្សនកិច្ចរបស់លោកស៊ីជីនពីងលើកនេះដើម្បីរក្សាឥទ្ធិពលរបស់ខ្លួនទៅលើរបបដឹកនាំនៅទីក្រុងព្យុងយ៉ាង និងដើម្បីការពារផលប្រយោជន៍របស់ចិនដែលសំខាន់ជាយុទ្ធសាស្ត្រនៅតំបន់អាស៊ីបូព៌ា។

លោកស៊ីនឹងបំពេញទស្សនកិច្ចចាប់ពីថ្ងៃចន្ទដល់ថ្ងៃអង្គារ។ ពោលគឺទស្សនកិច្ចនេះធ្វើឡើងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះបន្ទាប់ពីលោកទទួលដំណើរទស្សនកិច្ចរបស់លោកត្រាំទៅកាន់ទីក្រុងប៉េកាំង និងបន្ទាប់មកទទួលដំណើរទស្សនកិច្ចរបស់លោកពូទីនម្នាក់ទៀត។ កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងបានក្លាយជាកង្វល់ដ៏ធំមួយសម្រាប់អាមេរិក។ ម៉្យាងទៀត អង្គការសហប្រជាជាតិក៏បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើកូរ៉េខាងជើងដោយសារតែការផលិតអាវុធនុយក្លេអ៊ែរ និងកម្មវិធីមីស៊ីលអន្តរទ្វីប។

ការប្រកាសអំពីគម្រោងទស្សនកិច្ចរបស់លោកស៊ីជីនពីងទៅកូរ៉េខាងជើងធ្វើឡើងមួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើងទើបតែបើកសម្ពោធទីតាំងថ្មីដើម្បីផលិតសារធាតុសម្រាប់ផ្សំផលិតគ្រាប់បែកនុយក្លេអ៊ែរ។ ទោះបីកូរ៉េខាងជើងមិនបានបញ្ជាក់ឱ្យច្បាស់ថានោះជាទីតាំងអ្វីក៏ដោយ ប៉ុន្តែគេជឿជាក់ថានោះជារោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម។ នៅអំឡុងបើកសម្ពោធទីតាំងនោះ លោកគីមប្រកាសអំពីការពង្រីកកម្លាំងនុយក្លេអ៊ែររបស់ខ្លួនឱ្យកើនឡើងជាស្វ័យគុណ៕ ប្រភព៖ AP

ចែករំលែកព័តមាននេះ