ឆ្ងល់ផ្ទះវីឡាដុ.តសំរាមរាល់ថ្ងៃ! លុះសមត្ថកិច្ចឆ្មក់ចូល ទើបដឹងជាសម្បុកស្កេមអនឡាញ ជនសង្ស័យភ័យបោះកុំព្យូទ័រច្រើនគ្រឿងចូលទឹកស្រះ
- ភ្នំពេញ
រាជធានីភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ បានឆ្មក់ចូលទៅកាន់ផ្ទះវីឡាមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ ។ បន្ទាប់ពីមានការសង្ស័យ និងងឿងតែឆ្ងល់ថា ហេតុអីបានជាផ្ទះវីឡាខាងលើមានសំរាមច្រើនហើយអត់ដែលឃើញម្ចាស់យកចេញក្រៅដើម្បីឲ្យរថយន្តប្រមូលសំរាមទៅដឹកចេញសោះ ប៉ុន្តែបែរជាឃើញដុតសំរាមនោះចោលនៅក្នុងបរិវេណផ្ទះវីឡារបស់ខ្លួនស្ទើរតែរាល់ថ្ងៃទៅវិញ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ក្រោយពេលចូលទៅដល់ ទើបដឹងថាវីឡាអាថ៌កំបាំងមួយនោះគឺជាទីតាំង Scam Onlineសោះ ហើយភ្លាមៗនោះកម្លាំងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១៦នាក់រួមមានបុរសជនជាតិខ្មែរចំនួន៤នាក់ និងជនជាតិវៀតណាមចំនួន១២នាក់ មានស្រី១នាក់ ។ ពួកគេកំពុងស្នាក់នៅប្រព្រឹត្តសកម្មភាពបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនៅក្នុងផ្ទះវីឡានោះ ហើយកម្លាំសមត្ថកិច្ច ក៏បានរកឃើញស្ត្រីជនជាតិខ្មែរចំនួន៣នាក់ទៀត ដែលជាម្ចាស់វីឡាខាងលើនោះ ដែលនិងអាចត្រូវបានឃាត់ខ្លួនផងដែរ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងបន្តទៀតថា នៅក្នុងចំណោមជនជាតិវៀតណាមទាំង១២នាក់នោះមានម្នាក់ភ័យពេកបានឡើងផ្លោះរបងព្យាយាមរត់គេចខ្លួន បណ្ដាលឲ្យធ្លាក់រងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗទៀតផង ។ ក្រៅពីការឃាត់ខ្លួនមនុស្សទាំង១៩នាក់ខាងលើ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ក៏បានរកឃើញកាំភ្លើងខ្លីម៉ាករ៉ូឡូ១ដើម និងកុំព្យូទ័រជាច្រើនគ្រឿង ។ ក្នុងនោះកុំព្យូទ័រមួយចំនួនរកឃើញនៅតាមបន្ទប់ក្នុផ្ទះវីឡានោះ ចំណែឯមួយចំនួនទៀតត្រូវក្រុមជនសង្ស័យបោះចោលទៅក្នុងទឹកស្រះស្ថិតនៅក្នុងបរិវេណផ្ទះវីឡានោះដែរ ដើម្បីបំបាត់ភស្តុតាងមុនពេលដែលសមត្ថកិច្ចចុះទៅដល់ ។
សមត្ថកិច្ចបានប្រាប់បន្ថែមទៀតថា កុំព្យូទ័របម្រើឲ្យអំពើឆបោកតាមប្រព័ន្ធអនឡាញដែលត្រូវជនសង្ស័យបោះចោលទៅក្នុងទឹកស្រះនោះ ត្រូវបានកងកម្លាំងសមត្ថកិច្ចខាងលើចុះរាវរក និងស្រង់យកឡើងគោករួចហើយដែរ ។ ដោយឡែកផ្ទះវីឡាខាងលើសង់នៅលើដីឡូត៌ធំមួយកន្លែង ដោយមានរបងថ្មស្ទើរតែជុំវិញ ហើយនៅត្រង់ចំណុចណាដែលអត់មានរបងថ្មម្ចាស់ផ្ទះបានយកស្បៃពណ៍ខៀវទៅបិទបាំងដើម្បីកុំឲ្យអ្នកភូមិមើលឃើញនិងដឹងថាមានជនបរទេសកំពុងស្នាក់នៅប្រព្រឹត្តបទល្មើស Scam Online នៅក្នុងនោះ ។
សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា មុននិងឈានដល់ការចុះបង្ក្រាបនេះ គឺទីតាំង Scam Onlineនោះបានបង្កឲ្យមានការសង្ស័យនិងងឿងឆ្ងល់ ដោយសារតែផ្ទះវីឡាមួយនោះមានសំរាមច្រើន ហើយអត់ដែលឃើញម្ចាស់ផ្ទះយកសំរាមចេញក្រៅដើម្បីឲ្យរថយន្តប្រមូលសំរាមទៅដឹកចេញសោះ ។ ប៉ុន្តែបែរជាឃើញដុតសំរាមនោះចោលនៅក្នុងបរិវេណផ្ទះវីឡារបស់ខ្លួនស្ទើរតែរាល់ថ្ងៃទៅវិញ ទើបកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យធ្វើការស្រាវជ្រាវនិងឆ្មក់ចូលទៅបង្ក្រាបនិងចាប់ខ្លួន រួចនាំទៅសាកសួរដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់បែបនេះតែម្ដង ៕


















ចែករំលែកព័តមាននេះ