ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម​ ហេង សួរ និង​លោក​ជំទាវ ​ជួប​សំណេះសំណាល និង​ទទួលទាន​អាហារ​ជាមួយ​បងប្អូន​កម្មករ កម្មការិនី​ នៅខេត្តកំពង់ស្ពឺ

5 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​លោក​ជំទាវ ព្រមទាំង​ថ្នាក់ដឹកនាំ​ក្រសួង បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​ទទួលទាន​អាហារ​ថ្ងៃត្រង់​ប្រកបដោយ​ភាព​ស្និទ្ធស្នាល​ជាមួយ​បងប្អូន​កម្មករនិយោជិត​នៅ​រោងចក្រ អា​រ៉ូ​ម៉ា សឹក​សេស ហ្គា​ម៉ិ​ន ឯ​.​ក (Aroma Success Garment Co., Ltd.) ស្ថិត​ក្នុងស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ នា​ព្រឹក​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០២៦ ដែល​ជា​រោងចក្រ​មួយ​អនុវត្ត​វប្បធម៌​អនុលោម​ភាព​តាម​ច្បាប់​ស្តី​ពី​ការងារ​បាន​ល្អ​ប្រសើរ​។

ការ​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជា​បន្តបន្ទាប់​ជាមួយ​បងប្អូន​កម្មករនិយោជិត​ប្រកបដោយ​បរិយាកាស​រីករាយ និង​ស្និទ្ធស្នាល​នា​ពេល​នេះ គឺជា​ឱកាស​មួយ​ដ៏​មាន​សារៈសំខាន់​សម្រាប់​ថ្នាក់ដឹកនាំ​ក្នុង​ការ​សាកសួរ​សុខទុក្ខ​ដោយ​ផ្ទាល់ និង​ឈ្វេងយល់​ពី​ស្ថានភាព​ការងារ​ប្រចាំ​ថ្ងៃ​ពួក​គាត់ ដើម្បី​ផ្តល់​ជូន​ដំណោះស្រាយ​ជា​បន្តបន្ទាប់ ស្រប​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​ទាំង​១០​ចំណុច​របស់ សម្តេច​តេ​ជោ និង​ទាំង​១០​ចំណុច​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ខិតខំ​បង្កើត​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ និង​បាន​ប្រែក្លាយ​សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ​។

ទន្ទឹម​នឹង​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​ផ្តាំផ្ញើ​ការ​សួរសុខទុក្ខ​ពី​សំណាក់ សម្តេច​ធិ​បតី និង​លោក​ជំទាវ​បណ្ឌិត ដែល​តែងតែ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ​បងប្អូន​កម្មករនិយោជិត និង​គិតគូរ​ធ្វើ​ឱ្យ​ជីវភាព​រស់នៅ​របស់​បងប្អូន​កាន់តែ​ប្រសើរ​ឡើង​។ ឯកឧត្តម​ក៏​បាន​ជម្រាប​ជូន​ពី​ការ​ប្រឹងប្រែង​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​ការ​ធានា​ឱ្យ​មាន​សុខដុម​នី​យ​កម្ម​ទំនាក់ទំនង​វិជ្ជាជីវៈ ដោយ​បង្កើន​នូវ​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​រវាង​បងប្អូន​កម្មករនិយោជិត និង​ម្ចាស់​រោងចក្រ សហគ្រាស រួម​គ្នា​ដោះស្រាយ​រាល់​បញ្ហា សំណូមពរ ចៀសវាង​នូវ​វិវាទ​ការងារ​ដែល​នាំ​ដល់​ការ​ធ្វើ​កូដកម្ម​ខុស​នីតិវិធី​ច្បាប់​។ ក្នុង​ករណី​មាន​បញ្ហា​ដែល​ពិបាក​ដោះស្រាយ ឬ​មិន​ច្បាស់លាស់​លើ​ចំណុច​ណាមួយ​នៅ​កន្លែង​ការងារ សូម​ទាក់ទង​ជា​បន្ទាន់​មក​លេខ ១២៨៦ ដើម្បី​ក្រុម​មន្ត្រី​ផ្សះផ្សា​វិវាទ​របស់​ក្រសួង ឬ​មន្ទីរ​ការងារ ចុះ​សម្របសម្រួល ឬ​ពន្យល់​ជូន និង​លេខ ១២៩៧ សម្រាប់​ព័ត៌មាន​ឱកាស​ការងារ ឬ​រៀន​ជំនាញ​វិជ្ជាជីវៈ​។ ឯកឧត្តម​ក៏​បាន​លើកទឹកចិត្ត​ឱ្យ​មានការ​ចុះ​ឈ្មោះ​ចូល​រៀន​ជំនាញ​វិជ្ជាជីវៈ​ដោយ​ឥត​គិតថ្លៃ​តាម​រយៈ​កម្មវិធី TVET ១,៥​លាន​ផង​ដែរ​។

ឯកឧត្តម ហេង សួរ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ម្ចាស់​រោងចក្រ​ដែល​បាន​ផ្តល់​ឱកាស​ការងារ និង​អនុវត្ត​វប្បធម៌​អនុលោម​ភាព​តាម​ច្បាប់​ស្តី​ពី​ការងារ​បាន​ល្អ ដែល​រួមចំណែក​ដ៏​សំខាន់​ក្នុង​ការ​សម្រេច​បាន​នូវ​ការងារ​សមរម្យ ហើយ​បងប្អូន​កម្មករនិយោជិត​ក៏​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន រួម​ទាំង​អត្ថប្រយោជន៍​ពី​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.)​ផង​ដែរ​។ ដំណើរការ​ច្រវាក់​ផលិតកម្ម​របស់​រោងចក្រ​ក៏​ទំនើប​ដោយ​មាន​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម (Automation) តាម​ផ្នែក​នីមួយ​ៗ និង​កន្លែង​ការងារ​មាន​ផាសុកភាព ខណៈ​ដែល​លក្ខខណ្ឌ​ការងារ និង​លក្ខខណ្ឌ​សុវត្ថិភាព និង​សុខភាព​ការងារ​នៅ​រោងចក្រ​ក៏​មាន​ស្តង់ដា​ខ្ពស់​។

ក្នុង​បរិយាកាស​ប្រកបដោយ​ភាព​ស្និទ្ធស្នាល​នេះ បងប្អូន​កម្មករនិយោជិត​បាន​សម្តែង​នូវ​សេចក្តី​ត្រេកអរ​យ៉ាង​ក្រៃ​លែង​ចំពោះ​វត្តមាន​នៃ ថ្នាក់ដឹកនាំ​ក្រសួង ដែល​ពិតជា​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់ និង​ផ្តល់​នូវ​ភាព​កក់ក្តៅ​ដល់​បងប្អូន ស្រប​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​ធិ​បតី​។

សូម​បញ្ជាក់​ថា អា​រ៉ូ​ម៉ា សឹក​សេស ហ្គា​ម៉ិ​ន ដែល​បាន​បើក​ដំណើរការ​កាលពី​ឆ្នាំ ២០២៣ គឺជា​ប្រភេទ​រោងចក្រ កាត់ដេរ​សម្លៀក​បំពាក់​ផ្គត់ផ្គង់​ម៉ាក​ល្បី​ៗ ដូច​ជា​៖ ម៉ាក Alo, Nike, Vuori, Lulu និង Adanola សម្រាប់​ទីផ្សារ​នៅ សហរដ្ឋ​អាម៉េរិក ចិន អូស្ត្រាលី កា​ណា​ដា ហូ​ឡង់ អង់គ្លេស និង​កូរ៉េ​ខាងត្បូង​។ បច្ចុប្បន្ន​មាន​កម្មករនិយោជិត​បំពេញការងារ​ចំនួន ២ ៦៥១ នាក់ (​ស្រី ២ ២៨៥ នាក់​) ដែល​ទទួល​បាន​លក្ខខណ្ឌ​ការងារ​ល្អ និង​អត្ថប្រយោជន៍​ផ្សេង​ៗ​ជា​ច្រើន ដែល​រួម​មាន​ទាំង កន្លែង​សម្រាប់​កម្មករនិយោជិត​ទទួលទាន​អាហារ និង​ផ្តល់​អាហារ​ថ្ងៃត្រង់​ជាមួយនឹង​បង្អែម​ដោយ​ឥត​គិតថ្លៃ​ផង​ដែរ​៕ អត្ថបទសហការ