រាជធានីភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌចំការមន ចុះរដ្ឋបាលត្រួតពិនិត្យអគារ ក្នុងមូលដ្ឋាន រកឃើញជនបរទេស ០៨នាក់ ពាក់ព័ន្ធល្បែងភ្នាល់អនឡាញ និងគ្មានលិខិតឆ្លងដែន ។
កាលពីរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះត្រួតពិនិត្យរដ្ឋបាល ស្ថិតនៅក្នុងទីតាំងអគារ The Peak Tower 1 & 2 វិថីសម្តេចហ៊ុនសែន ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជាលទ្ធផល អាជ្ញាធរត្រួតពិនិត្យតាមបន្ទប់ស្នាក់នៅគ្រប់ជាន់ រកឃើញមានជនបរទេសស្នាក់នៅសរុបចំនួន ៤៨៩នាក់ ស្រី៣០៩ នាក់ មាន ១៨សញ្ជាតិ ។
ក្នុងនោះរកឃើញបទល្មើសចំនួន ០៣បន្ទប់ ឃាត់ខ្លួនមនុស្សចំនួន ០៨នាក់ ស្រី ០១នាក់ មានលិខិតឆ្លងដែន ០៥នាក់ និងមិនមានលិខិតឆ្លងដែន ០៣នាក់ ។ ដោយដកហូតសម្ភារៈរួមមាន កុំព្យូទ័រយួរដៃចំនួន ០២គ្រឿង, ស៊ីភីយូចំនួន ០៨គ្រឿង, ម៉ូនីទ័រចំនួន ១៥គ្រឿង, កុំព្យូទ័រ All in One, ចំនួន ០៩គ្រឿង, ទូរស័ព្ទចំនួន ៤៤គ្រឿង ។
ពាក់ព័ន្ធបញ្ហានេះ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការត្រួតពិនិត្យសម្ភារៈខាងលើ បានរកឃើញ ពិតជាជាប់ពាក់ព័ន្ធ ករណីល្បែងភ្នាល់តាមប្រព័ន្ធអនឡាញខុសច្បាប់ ។
បច្ចុប្បន្ន អាជ្ញាធរខណ្ឌចំការមន បានប្រគល់ជនបរទេសទាំងនោះ បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៕






ចែករំលែកព័តមាននេះ