រាជធានីភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះការបំផ្លិចបំផ្លាញថ្មីៗនេះ ដោយកងកម្លាំងយោធាថៃ ទៅលើជណ្តើរឈើឡើងប្រាសាទខ្នារ ។
ថ្លែងការណ៍របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ បានថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះការបំផ្លិចបំផ្លាញថ្មីៗនេះ ដោយកងកម្លាំងយោធាថៃ ទៅលើជណ្តើរឈើឡើងប្រាសាទខ្នារ ដែលជាហេដ្ឋារចនាសម្ព័ន្ធសម្រាប់ឡើងទៅកាន់ប្រាសាទខ្នារ និងសម្រាប់បម្រើដល់កិច្ចការអភិរក្សបេតិកភណ្ឌវប្បធម៌ និងដែលត្រូវបានសាងសង់ដោយអាជ្ញាធរកម្ពុជា នៅឆ្នាំ២០១៧ ។
ក្រសួងថា ជណ្តើរនេះមានចំនួន ១,១៨១កាំ និងមានប្រវែង៣២៥ម៉ែត្រ ឆ្ពោះទៅកាន់ប្រាសាទ ដោយត្រូវបានកសាងឡើងក្នុងគោលបំណងគាំទ្រដល់ការអភិរក្ស និងការគ្រប់គ្រងទីតាំងបេតិកភណ្ឌ ព្រមទាំងសម្រួលដល់ការចូលទស្សនារបស់ភ្ញៀវ អ្នកស្រាវជ្រាវ និងសហគមន៍មូលដ្ឋាន ។
ក្រសួងវប្បធម៌ បានលើកឡើងថា ការបំផ្លិចបំផ្លាញដោយចេតនាទៅលើហេដ្ឋារចនាសម្ព័ន្ធនេះ គឺជាទង្វើបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់បេតិកភណ្ឌវប្បធម៌ និងដល់កិច្ចខិតខំប្រឹងប្រែងអភិរក្ស ដែលកម្ពុជាបានអនុវត្តអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ទង្វើនេះ គឺជាផ្នែកមួយ នៃការប៉ុនប៉ងកាន់តែច្បាស់ ក្នុងការផ្លាស់ប្តូរស្ថានភាពជាក់ស្តែងនៅលើដី បង្កើតស្ថានភាព Fait accompli និងជាការប៉ុនប៉ងលុបបំបាត់ភស្តុតាងជាក់ស្តែង ដែលបង្ហាញពីការគ្រប់គ្រង ការអភិរក្ស និងការថែរក្សាទីតាំងប្រាសាទ និងទេសភាពវប្បធម៌ជុំវិញ ដោយកម្ពុជាជាយូរលង់មកហើយ។ សកម្មភាពបែបនេះ ផ្ទុយនឹងគោលការណ៍មូលដ្ឋាន ស្តីពីការការពារបេតិកភណ្ឌវប្បធម៌ និងមិនស្របតាមកាតព្វកិច្ចរបស់រដ្ឋភាគីក្នុងការការពារសម្បត្តិវប្បធម៌សម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងជនជំនាន់ក្រោយនោះទេ ។
ជាមួយគ្នានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមធ្វើការតវ៉ាយ៉ាងម៉ឺងម៉ាត់បំផុត និងបដិសេធទាំងស្រុងចំពោះផែនការរបស់ភាគីថៃ ក្នុងការរៀបចំព្រឹត្តិការណ៍សាធារណៈ ពិធីសាសនា សកម្មភាពទេសចរណ៍ និងការបើកប្រាសាទតាក្របី ឱ្យសាធារណជនចូលទស្សនា ព្រមទាំងការលក់សំបុត្រចូលទស្សនា ដែលគ្រោងអនុវត្តនៅថ្ងៃទី៦ និងទី៧ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមគូសបញ្ជាក់ជាថ្មីថា ប្រាសាទតាក្របី និងប្រាសាទខ្នារ ជាទីតាំងបេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្ត្រ ដែលស្ថិតនៅក្នុងដែនអធិបតេយ្យ នៃព្រះរាជាណាចក្រកម្ពុជា ដូចមានបញ្ជាក់ច្បាស់តាមសន្ធិសញ្ញា និងអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ព្រមទាំងលិខិតូបករណ៍ច្បាប់ពាក់ព័ន្ធ ដែលត្រូវបានទទួលស្គាល់ក្រោមច្បាប់អន្តរជាតិ ។
ការរៀបចំសកម្មភាពសាធារណៈ ការទទួលភ្ញៀវទេសចរ និងការប្រមូលថ្លៃចូលទស្សនាដោយអាជ្ញាធរថៃ នៅប្រាសាទតាក្របី គឺជាការអនុវត្តអំណាចដោយខុសច្បាប់លើទឹកដីកម្ពុជា និងជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ សកម្មភាពទាំងនេះ មិនអាចទទួលយកបានឡើយ ហើយជាគោលបំណងបង្កើតការយល់ច្រឡំថាមានការគ្រប់គ្រងរដ្ឋបាលរបស់ភាគីថៃ លើទីតាំងបេតិកភណ្ឌវប្បធម៌របស់កម្ពុជា ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បដិសេធយ៉ាងដាច់ខាតចំពោះការប៉ុនប៉ងណាមួយក្នុងការធ្វើឱ្យមានភាពស្របច្បាប់ ឬធ្វើឱ្យក្លាយជារឿងប្រក្រតីលើការកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់នេះ តាមរយៈសកម្មភាពទេសចរណ៍ វប្បធម៌ សាសនា ឬរដ្ឋបាល។ សកម្មភាពទាំងនេះ គ្មានអានុភាពផ្លូវច្បាប់ និងមិនអាចកែប្រែអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជាលើប្រាសាទតាក្របីបានឡើយ ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អំពាវនាវដល់រាជរដ្ឋាភិបាលថៃ ឱ្យបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពទាំងអស់ខាងលើ រួមទាំងប្រតិបត្តិការទេសចរណ៍ ការលក់សំបុត្រចូលទស្សនា និងរាល់សកម្មភាព ដែលបង្កការខូចខាត កែប្រែ ឬរំខានដល់ទីតាំងបេតិកភណ្ឌវប្បធម៌ ដែលស្ថិតនៅក្នុងទឹកដីកម្ពុជា។ ក្រសួងក៏ជំរុញឱ្យភាគីថៃ គោរពកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ ចៀសវាងសកម្មភាព ដែលអាចបង្កើនភាពតានតឹង និងចៀសវាងវិធានការណាមួយ ដែលអាចប៉ះពាល់ដល់ការដោះស្រាយបញ្ហានេះដោយសន្តិវិធី ។
ព្រះរាជាណាចក្រកម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការការពារអធិបតេយ្យភាពរបស់ខ្លួន អភិរក្សបេតិកភណ្ឌវប្បធម៌ និងបន្តស្វែងរកដំណោះស្រាយតាមផ្លូវច្បាប់ និងការទូតដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដើម្បីការពារបូរណភាពទឹកដី និងមរតកវប្បធម៌របស់ជាតិ ៕





ចែករំលែកព័តមាននេះ