ទីក្រុងកៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡិនស្គី បានបបួលលោកពូទីនជួបគ្នាផ្ទាល់នៅក្នុងទឹកដីកណ្ដាលនៃប្រទេសណាមួយ។ លោកថ្លែងដូច្នេះតាមរយៈការផ្សព្វផ្សាយលិខិតចំហជាសាធារណៈដើម្បីផ្ដាំផ្ញើទៅលោកពូទីន។ នេះជាលើកដំបូងដែលហ្សេឡិនស្គីសរសេរលិខិតចំហផ្ញើទៅពូទីនដោយផ្ទាល់ចាប់តាំងពីសង្គ្រាមផ្ទុះឡើងដំបូងកាលពីចុងខែកុម្ភៈ ឆ្នាំ២០២២។ ហ្សេឡិនស្គីទទួលស្គាល់ថាលោកចាប់ផ្ដើមបែកបែរចិត្តពីអាមេរិកបន្តិចហើយ។ លោកថាប្រសិនបើនៅរង់ចាំរដ្ឋាភិបាលអាមេរិកជួយដោះស្រាយបញ្ហាដូចកាប់បំពង់រង់ចាំទឹកភ្លៀងដូច្នោះដែរ។

ឥឡូវនេះពិភពលោករួមទាំងក្រុមសម្ព័ន្ធមិត្តនៅបស្ចិមប្រទេសកំពុងផ្ដោតការយកចិត្តទុកដាក់ទៅលើសង្គ្រាមអ៊ីរ៉ង់។ ដូច្នេះពួកគេហាក់ដូចជារយាលដៃបន្តិចពីសង្គ្រាមនៅអ៊ុយក្រែន។ លោកហ្សេឡិនស្គីសរសេររៀបរាប់នៅក្នុងលិខិតចំហនោះថាលោកសូមស្នើសុំជួបមុខគ្នាជាមួយលោកពូទីន។ លោកដូណាល់ត្រាំថ្លែងថាវានឹងក្លាយជារឿងដ៏អស្ចារ្យមួយប្រសិនបើលោកពូទីន និងលោកហ្សេឡិនស្គីជួបគ្នា។ លោកថាពួកគេគួរតែធ្វើរឿងនេះ។ ចំពោះសំណួរថាតើលោកបានជំរុញឱ្យលោកពូទីនធ្វើសម្បទានអ្វីខ្លះជាថ្នូរនឹងការបញ្ចប់សង្គ្រាម លោកត្រាំសូមមិននិយាយលម្អិតអំពីបញ្ហានេះទេ។ លោកគ្រាន់តែនិយាយដោយខ្លីថាភាគីទាំង២ចាំបាច់ត្រូវតែធ្វើសម្បទានឱ្យគ្នាទៅវិញទៅមក។

លោកហ្សេឡិនស្គីទំនងជាកំពុងព្យាយាមឆក់យកឱកាសដ៏សំខាន់នេះនៅពេលសង្គ្រាមបន្តកើតឡើងយ៉ាងក្ដៅគគុក។ អ៊ុយក្រែនអាចវាយដណ្ដើមបានទឹកដីរបស់ខ្លួនមកវិញខ្លះតាមរយៈការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយ។ ទន្ទឹមនឹងនោះ រុស្ស៊ីបង្កើនការវាយប្រហារតាមផ្លូវអាកាសនៅទូទាំងប្រទេសអ៊ុយក្រែនដើម្បីធ្វើឱ្យអ៊ុយក្រែនប្រឈមមុខនឹងការខ្វះខាត និងរងគ្រោះពីការវាយប្រហារដោយគ្រាប់មីស៊ីលផ្លោង។ លោកហ្សេឡិនស្គីបំផុសគំនិតថាគម្រោងជួបគ្នានេះគួរតែរៀបចំនៅប្រទេសកណ្ដាល។ ដូច្នេះមានន័យថាលោកមិនចង់ជួបគ្នានៅទីក្រុងម៉ូស្គូ ឬទីក្រុងកៀវទេ។ លោកថាប្រទេសស្វីស តួកគី ឬបណ្ដាប្រទេសអារ៉ាប់អាចជាកន្លែងល្អសម្រាប់ជួបគ្នា។

លោកថាលុះត្រាអ្នកដែលមានឋានៈជាមេដឹកនាំទើបអាចដោះស្រាយបញ្ហាធំៗបាន។ លោកសូមស្នើសុំកំណត់ពេលវេលាជាក់លាក់ដើម្បីរៀបចំកិច្ចជំនួប។ លោកសរសេររៀបរាប់បន្តទៀតថាផ្នែកស៊ើបការណ៍សម្ងាត់របស់អ៊ុយក្រែនឱ្យតម្រុយថារុស្ស៊ីកំពុងពិចារណារៀបចំផែនការធ្វើសង្គ្រាមរហូតដល់ឆ្នាំ២០២៧ និងឆ្នាំ២០២៨។ លោកថារុស្ស៊ីពឹងផ្អែកទៅលើការវាយប្រហារដោយមីស៊ីលផ្លោងពីចម្ងាយដើម្បីសម្រេចគោលដៅទាំងឡាយណាដែលសង្គ្រាមជើងគោកមិនអាចសម្រេចបាន៕ ប្រភព៖ Arab News

ចែករំលែកព័តមាននេះ