ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ បន្ត​រៀបចំ​វេទិកា​ការងារ​នៅ​ខេត្តបាត់ដំបង ដើម្បី​ផ្ដល់​ឱកាស​ការងារ​ជាង ៩ ពាន់​កន្លែង​ជូន​ប្រជាពលរដ្ឋ

1 នាទី មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ កាលពី​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០២៦ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បន្ត​រៀបចំ «​វេទិកា​ការងារ សន្តិសុខ​សង្គម និង​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​» ក្រោម​ប្រធានបទ «​ខ្មែរ​ជួយ​រក​ការងារ និង​ផ្ដល់​ការងារ​ឱ្យ​ខ្មែរ​» នៅ​បរិវេណ​វត្ត​ឧត្តម​មាន​ជ័យ​សិរី​មុន្នី ក្នុងស្រុក​រុក្ខ​គី​រី ខេត្តបាត់ដំបង ដោយ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ អតីត​ពលករ​មក​ពី​ប្រទេស​ថៃ និង​យុវជន​ជិត ៧០០​នាក់​។

ក្នុង​ឱកាស​នេះ ឯកឧត្តម សាន គី​ម​ហុង អនុរដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មាន​ប្រសាសន៍​លើកទឹកចិត្ត​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​ចាប់​យក​ឱកាស​ការងារ​ក្នុងស្រុក ដែល​មាន​ចំនួន ៩ ៤៩០ កន្លែង ពី​បណ្តា​ក្រុមហ៊ុន រោងចក្រ សហគ្រាស​ធំ​ៗ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​។ ឯកឧត្តម​បាន​បញ្ជាក់​ថា ការ​ចូល​បម្រើ​ការងារ​ស្របច្បាប់​នៅ​ក្នុងស្រុក នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​បងប្អូន​តាម​រយៈ​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) នូវ​របប​ចំនួន​បី រួម​មាន​របប​ហានិភ័យ​ការងារ របប​ថែទាំ​សុខភាព និង​របប​សោធន​និវត្តន៍ ដែល​មាន​កិច្ច​គាំពារ​ប្រហាក់ប្រហែល​នឹង​មន្ត្រីរាជការ​ដែរ​។

ទន្ទឹម​នឹង​នោះ ឯកឧត្តម​បាន​ក្រើនរំលឹក​ពី​ហានិភ័យ​នៃ​ការ​ធ្វើ​ចំណាកស្រុក​ខុសច្បាប់ ដែល​ប្រឈម​នឹង​ការ​កេងប្រវ័ញ្ច និង​ខ្វះ​ការ​ការពារ​តាម​ផ្លូវច្បាប់​។ ការ​ធ្វើ​ការងារ​ក្នុងស្រុក មិន​ត្រឹមតែ​ធានា​បាន​នូវ​ប្រាក់​ចំណូល​ស្ថិរភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ផ្ដល់​ឱកាស​ឱ្យ​បាន​ជួបជុំ និង​ថែទាំ​ក្រុម​គ្រួសារ​ជាទី​ស្រឡាញ់​ទៀត​ផង​។ ក្នុង​ករណី​មាន​បំណង​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​ដែល​មាន​ប្រាក់ខែ​ខ្ពស់ ពលរដ្ឋ​ត្រូវ​ជ្រើសរើស​ក្រុមហ៊ុន​ស្របច្បាប់ និង​ធ្វើការ​ផ្ទៀងផ្ទាត់​បញ្ជី​ឈ្មោះ​ជាមួយ​អាជ្ញាធរ ឬ​ទាក់ទង​លេខ​ជំនួយ​រហ័ស ១២៩៧ សម្រាប់​ផ្នែក​ផ្គូផ្គង​ការងារ និង​លេខ ១២៨៦ សម្រាប់​ផ្នែក ប​.​ស​.​ស​.​។

លើស​ពី​នេះ ឯកឧត្តម​អនុរដ្ឋលេខាធិការ​បាន​លើកទឹកចិត្ត​ដល់​យុវជន​ឱ្យ​ចូល​រៀន​ជំនាញ​បច្ចេកទេស​នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តបាត់ដំបង តាម​រយៈ​កម្មវិធី «TVET ១,៥ លាន​» ដែល​ជា​កម្មវិធី​ជាតិ​ឥត​គិតថ្លៃ និង​មាន​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ រួម​មាន​ជំនាញការ​ជួសជុល​ម៉ាស៊ីនត្រជាក់ អគ្គិសនី សំណង់ សេវាកម្ម​កាហ្វេ សាឡ​ន សម្អាងការ និង​ជំនាញ​ជា​ច្រើន​ទៀត រួម​ទាំង​ការ​ធ្វើតេស្ត​ទទួលស្គាល់​ជំនាញ​ពី​មុន (RPL) ដើម្បី​ធានា​បាន​នូវ​ការងារ​ធ្វើ និង​ប្រាក់​ឈ្នួល​សមរម្យ​។

សូម​បញ្ជាក់​ថា វេទិកា​នេះ​មានការ​សហការ​ចូលរួម​ពី​ក្រុមហ៊ុន និង​សហគ្រាស​ធំ​ៗ​ជា​ច្រើន រួម​មាន​ក្រុមហ៊ុន វេន​ធូ​រ៉ា លេ​ឌើ​វែ​រ​, ថា​កូ អា​ហ្គ្រី​, សាន ហ្វេ​ង​, វ៉ា​ន់​លី ថា​យ​អឺរ​, សមាគម TAFTAC, តំបន់​សេដ្ឋកិច្ច​ពិសេស រ៉ូ​យ៉ា​ល់ គ្រុប ភ្នំពេញ​, តំបន់​សេដ្ឋកិច្ច​ពិសេស ចេ​ជាង គម្រោង​២ និង​អង្គការ​ការី​តាស​កម្ពុជា​។ សម្រាប់​ឱកាស​ការងារ​នៅ​ប្រទេស​ជប៉ុន ក៏​មានការ​ចូលរួម​ពី​ក្រុមហ៊ុន អ៊ែ​ក​ស៊​ល អេ​ស៊ា យូ​មេន រី​សសស៍​, មង្គល អេ​ច​អ និង វង្ស វឌ្ឍនៈ មេន​ផៅ​វ័​រ ផង​ដែរ​៕ អត្ថបទសហការ