ទីក្រុងវ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានសម្តែងក្តីរីករាយជាខ្លាំង និងជំរុញឱ្យមេដឹកនាំរុស្ស៊ី និងអ៊ុយក្រែន ជួបចរចាគ្នាផ្ទាល់ដើម្បីបញ្ចប់ជម្លោះ ក្រោយពេលដែលប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បានផ្ញើលិខិតចំហជូនលោក វ្លាឌីមៀ ពូទីន ស្នើសុំជំនួបមុខនិងមុខ ហើយខាងវិមានក្រឹមឡាំងក៏បានបើកផ្លូវស្វាគមន៍ភ្លាមៗ។
នៅក្នុងលិខិតចំហនោះ លោក ហ្សេឡេនស្គី បានលើកឡើងថា អ៊ុយក្រែនចង់បញ្ចប់សង្គ្រាមតាមរយៈការជួបសន្ទនាគ្នាដោយផ្ទាល់ ដោយមិនរង់ចាំអាមេរិកមកជួយដោះស្រាយឡើយ ព្រោះបច្ចុប្បន្នវ៉ាស៊ីនតោនកំពុងជាប់រវល់នឹងសង្គ្រាមជាមួយអ៊ីរ៉ង់។ លោកក៏បានប្ដេជ្ញាថា អ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេចក្នុងការអនុវត្តបទឈប់បាញ់ទាំងស្រុងក្នុងអំឡុងពេលចរចា ដោយមានប្រទេសជាច្រើនដូចជា ស្វីស តួកគី និងបណ្តាប្រទេសអារ៉ាប់ ស្ម័គ្រចិត្តធ្វើជាម្ចាស់ផ្ទះ។
ឆ្លើយតបនឹងការវិវត្តដ៏មានសង្ឃឹមនេះ លោក ដូណាល់ ត្រាំ បានជំរុញឱ្យភាគីទាំងពីរធ្វើការសម្រុះសម្រួលគ្នា ខណៈប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ក៏បានប្រកាសយល់ព្រមទទួលយកសំណើសម្របសម្រួលរបស់លោក ត្រាំ កាលពីឆ្នាំមុន ដើម្បីយកមកធ្វើជាមូលដ្ឋានគ្រឹះនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមជាស្ថាពរផងដែរ៕
ចែករំលែកព័តមាននេះ