ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅ បង្ក្រាប​ទីតាំង​​ឆបោក​តាម​​អន​ឡាញមួយ​កន្លែង ឃាត់ខ្លួន​ជនជាតិ​វៀតណាម២៥​នាក់

4 ម៉ោង មុន

រាជធានីភ្នំពេញ ​៖ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ច្បារ​អំពៅ នៅ​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២៦នេះ បាន​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល និង​បង្ក្រាប​ទីតាំង​មួយ​កន្លែង ដែល​មានការ​សង្ស័យ​ថា​ មាន​ជនបរទេស​ស្នាក់​នៅ និង​លួចលាក់​ប្រព្រឹត្ត​បទល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) ​។

ប្រតិបត្តិការ​នេះ ដឹកនាំ​ផ្ទាល់​ដោយ លោក ម៉ូ​វ ម៉ា​និ​ត អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ច្បារ​អំពៅ ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ច្បាប់​ពី​សំណាក់ លោក វ៉ិត ម​ឃៈ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ដោយ​ចុះ​ឆែកឆេរ​នៅ​ទីតាំង​ផ្ទះ​លេខ​៩១ ផ្លូវ P-10D ស្ថិត​ក្នុងភូមិ​ក្តី​តា​កុយ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​ ។

យោង​តាម​របាយការណ៍​របស់​អាជ្ញាធរខណ្ឌ​ច្បារ​អំពៅ​ បានឱ្យ​ដឹង​ថា នៅ​ក្នុង​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​ជាក់ស្តែង កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​រក​ឃើញ​ជនបរទេស​ជា ជនជាតិ​វៀតណាម​សរុប​ចំនួន ២៥​នាក់ (​ក្នុង​នោះ​មាន​ស្ត្រី​ចំនួន ០៣​នាក់​) កំពុង​ស្នាក់​នៅ​ទីតាំង​ខាងលើ ​។

កម្លាំង​សមត្ថកិច្ច​ក៏​បាន​ធ្វើការ​រឹបអូស និង​ដកហូត​វត្ថុ​តាង ​​រួម​មាន ​៖
-លិខិតឆ្លងដែន​ចំនួន ០៦​ក្បាល
-សម្ភារៈ និង​ឧបករណ៍​បម្រើ​ឱ្យ​ការ​ប្រព្រឹត្ត​បទល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​មួយ​ចំនួន​ទៀត​។

បច្ចុប្បន្ន ជនបរទេស​ទាំង ២៥​នាក់ រួម​ទាំង​វត្ថុ​តាង​ដែល​ដកហូត​បាន ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ ដើម្បី​ធ្វើការ​សាកសួរ​ស្រាវជ្រាវ​បន្ត និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ​៕