ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះឡានមួយ​គ្រឿងក្នុង​យានដ្ឋាន​ជួសជុល ​ផ្អើល​ទាំងកណ្ដាល​អ​ធ្រា​ត្រ

6 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ទំនង​អាច​បណ្ដាល​មក​ពី​ការ ​«​ឆ្លង​ចរន្ត​អគ្គិស​នី​» ទើប​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​រថយន្ត​មួយ​គ្រឿង​អស់​​គ្មាន​សល់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល នៅ​វេលា​ម៉ោងជាង​១២​រំលងអ​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​០៦ មិថុនា នៅ​ក្នុង​យានដ្ឋាន​ជួសជុល​រថយន្ត​មួយ​កន្លែង នៅ​ភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​ ។

តាម​រយៈ​របាយ​ការ​ណ៍​មន្ត្រី​ជំនាញ​បាន​ឲ្យ​ដឹង​ថា រថយន្ត​នោះ​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​នៅ​ក្នុង​យានដ្ឋាន «​រ៉ា​ន សា​រ៉ា​» ដែល​មាន​ទីតាំ​ង​នៅ​ចំណុច​ខាងលើ​ ។ រថយន្ត​នោះ​ម៉ាក TOYOTA ពាក់​ស្លាក​លេខ បាត់ដំបង 2C-9136 ជា​រថយន្ត​ដែល​ភ្ញៀវ​យក​ទៅ​ជួសជុល​ ។ នេះ​បើ​តាម​ការ​សួរនាំ​របស់​សមត្ថកិច្ច​ ។

ម្ចាស់​យានដ្ឋាន​បាន​ដាក់​ការ​សង្ស័យ​ជំ​ហាន​ដំបូង​ថា អគ្គិភ័យ​នោះ​ អាច ​«​ឆ្លង​ចរន្ត​» ទើប​បង្ក​ជា​អគ្គិ​ភ័យ​ឆេះ​រថ​យន្ត​នោះ​ឡើង​ហ្មត់​ ។ នេះ​បើ​តាម​សម​ត្ថ​កិច្ច​បាន​ស្រង់​សម្ដី​ម្ចាស់​យានដ្ឋាន​នោះ​ ។

អគ្គិភ័យ​បាន​លេប​ត្របាក់​យក​រថយន្ត​នោះ​ស្ទើរ​អស់ទាំង​ស្រុង សល់​តែ​គ្រោងឆ្អឹង​ដែក មុន​ពេល​រថយន្ត​ពន្លត់អគ្គិយ​របស់​សមត្ថកិច្ច​ចុះ​ទៅ​ដល់​ ។ គេ​មិន​ទាន់​ដឹង​ថា តើ​ម្ចាស់​យានដ្ឋាន​ត្រូវ​ទ​ទូល​ខុស​ត្រូវ​បែប​ណា ចំពោះ​រថយន្ត​ភ្ញៀវ​ដែល​យក​ទៅ​ជួសជុល ហើយ​ត្រូវ​អគ្គិភ័យ​ឆេះ​ខូចខាត​អស់​នៅ​ក្នុង​យានដ្ឋាន​របស់​ខ្លួន​ ។

គេ​មិន​ទាន់​ទ​ទួល​បានការ​បំភ្លឺ​បែប​ណា​ពី​ម្ចាស់​យានដ្ឋាន​នៅឡើយ​ទេ មក​ទល់​ពេល​នេះ ពាក់ព័ន្ធ​នឹង​រថយន្ត​អតិថិជន​យក​ទៅ​ជួសជុល​ហើយ​ត្រូវ​ភ្លើង​ឆេះ​។ ប៉ុន្តែ​យ៉ាងណា ពេល​នេះ​ មន្ត្រី​ជំនាញ​កំពុង​សួរនាំ​អំពី​គ្រោះ​មហន្តរាយ​នេះ​នៅឡើយ​ទេ ដើម្បី​ស្វែងរក​ការ​ពិត ដែល​នាំ​ឲ្យ​មាន​អគ្គិភ័យ​ឆេះ​រថយន្ត​ក្នុង​យានដ្ឋាន​ជួសជុល​៕