ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​៤៩​នាក់​ស្លាប់​នៅ​លើ​វាល​ខ្សាច់​សាហារ៉ា​ដោយ​សារ​ឡាន​ខូច និង​គ្មាន​ទឹក​សម្រាប់​ផឹក

1 ម៉ោង មុន

ទី​ក្រុង​អាប៊ូចា៖ អាជ្ញា​ធរ​ប្រទេស​នីហ្សេរីយ៉ា​ថ្លែង​ថា​មនុស្ស​យ៉ាង​តិច​៤៩​នាក់​បាន​ទទួល​មរណភាព​ដោយ​សារ​ស្រេក​ទឹក​ខះ​ក​ខ្លាំង​ពេក​នៅ​លើ​វាល​ខ្សាច​សាហារ៉ា​ដ៏​សែន​ដាច់​ស្រយាល​ស្ថិត​នៅ​ប្រទេស​នី​ហ្សេ​ភាគ​ខាង​ជើង​។ បញ្ហា​នេះ​កើត​ឡើង​ដោយ​សារ​តែ​​រថ​យន្ត​​ដែល​ពួក​គេ​បាន​​​នោះ​ខូច​នៅ​តាម​ផ្លូវ​ធ្វើ​ដំណើរ។​​ ហេតុ​នេះ​ពួក​គេ​ត្រូវ​គាំង​ដំណើរ​នៅ​មួយ​កន្លែង​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​។ ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​ទាំង​នោះ​ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស​មួយ​ក្រុម​ដែល​វិល​ត្រឡប់​​ពី​ចូល​រួម​​​ពិធី​បុណ្យ​​តាម​សាសនា​ឥស្លាមដែល​រៀប​ចំ​នៅ​ប្រទេស​នី​ហ្សេ​។ ឡាន​ក៏​ខូច​ រីឯ​ទឹក​ក៏​ផឹក​អស់​ទៀត​។ ដូច​នេះ​មាន​តែ​សេចក្ដី​ស្លាប់​មួយ​មុខ​គត់​នៅ​លើ​វាល​​​​ខ្សាច់​ដ៏​ធំ​ជាង​គេ​នៅ​ក្នុង​ពិភព​លោក​មួយ​នេះ​។

អាជ្ញា​ធរ​បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេស​ប៊ុក​ថា​មនុស្ស​៤៩​នាក់​បាន​ស្លាប់​ដោយសារ​ការ​ស្រេក​ទឹក​នៅ​តំបន់​ដាច់​ស្រយាល​ចម្ងាយ​ជាង​៨០​គីឡូ​ម៉ែត្រ​ភាគ​ខាង​លិច​ទី​ក្រុង​​អាសា​ម៉ាកា (Assamaka)។ ទី​នេះ​ជា​តំបន់​ឆ្លង​កាត់​ដ៏​សំខាន់​រវាង​ប្រទេស​នី​ហ្សេ (Niger) និង​អាល់​ហ្សេរី​ ហើយ​​ក៏​មាន​ទី​តាំង​កៀក​នឹង​ព្រំ​ដែន​ប្រទេស​ម៉ាលី​ផង​ដែរ។ ដោយ​សារ​ខ្វះ​ខាត​ទឹក​ផឹក​ផង​ និង​មិន​អាច​ជួស​ជុល​ឡាន​ផង​ ទោះ​បីមាន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ពី​​តៃ​កុង​ឡាន​, ព្រូ​ឡាន និង​អ្នក​ដំណើរ​ស្រុះ​ដៃ​គ្នា​យ៉ាង​ណា​ក្ដី នៅ​ទី​បំផុត​ពួក​គេ​ត្រូវ​តែ​បង់​សង្ខារ​គ្រប់​ៗ​គ្នា​​​​​។ នៅ​ទី​នោះ គ្មាន​លក្ខណៈ​អំណោយ​ផល​ទាល់​តែ​សោះ​។ ម៉្យាង​ជា​តំបន់​ដាច់​ស្រយាល, ម៉្យាង​ជា​តំបន់​ដែល​អាកាស​ធាតុ​ក្ដៅ​ហួត​ហែង​ខ្លាំង និង​ម៉្យាង​ទៀត​គ្មាន​អ្វី​សម្រាប់​ផ្គត់​ផ្គង់​ទាល់​តែ​សោះ​។ ដូច​នេះ បើ​ជាប់​កុន​នៅទី​នោះ​ពិបាក​នឹង​រស់​ណាស់​។ គេ​បាន​បញ្ចុះ​សព​ជន​រង​គ្រោះទាំង​នោះ​​​នៅ​ក្នុង​រណ្ដៅ​សាក​សព​រួម​។

​មនុស្ស​២​នាក់​អាច​រំដោះ​ខ្លួន​រួច​ផុត​ពី​សេចក្ដី​ស្លាប់​បន្ទាប់​ពី​ពួក​គេ​ប្រថុយ​ធ្វើ​ដំណើរ​ដោយ​ជើង​ទទេ​ចម្ងាយ​ជាង​៥០​គីឡូ​ម៉ែត្រ​។ ពួក​គេ​ដើរ​កាន់​តែ​​ឆ្ងាយ​​​​​ក៏​ទៅ​ដល់​ប្រភព​ទឹក​១​​កន្លែង​។ បន្ទាប់​មក​ ពួក​គេ​​ក៏​បង្ហួស​ដំណើរ​ទៅ​​ដល់​ទី​ក្រុង​អាសា​ម៉ាកា​​។ គឺ​នៅ​ទី​នោះ​ហើយ​ដែល​ពួកគេ​រាយ​ការណ៍​អំពី​បញ្ហា​ដែល​ពួក​គេ​បាន​ឆ្លង​កាត់​ប្រាប់​ទៅ​អាជ្ញា​ធរ​។ គណៈ​ប្រតិ​ភូ​មួយ​ក្រុម​ដែល​ត្រូវ​គេ​បញ្ជូន​ទៅ​ពិនិត្យ​​មើល​កន្លែង​កើត​ហេតុ​នោះ​បាន​ស្រាវ​ជ្រាវ​ឃើញ​ថា​ឡាន​មួយគ្រឿង​នោះ​បើក​បរ​រយៈ​ពេល​ច្រើន​ថ្ងៃ​ពេក​តាំង​ពី​ទី​ក្រុង​តាល់​ហាន់​ដឹក​ (Talhandek) នៃ​ប្រទេស​ម៉ាលី​ដែល​ស្ថិត​នៅ​ចម្ងាយ​៣​រយ​គីឡូ​ម៉ែត្រ​ពី​ព្រំ​ដែន​ប្រទេស​នី​ហ្សេរី​យ៉ា​។

រហូត​មក​ដល់​ពេល​នេះ គេ​នៅ​តែ​មិន​ទាន់​ដឹង​ថា​តើ​មូល​ហេតុ​អ្វី​ទើប​បាន​ជា​ឡាន​នោះ​ខូច​ ហើយ​​ក៏​មិន​ដឹង​ថា​តើ​អ្នក​ដំណើរ​បាន​រង់​ចាំ​ឡាន​ក្រែង​លោ​ដំណើរ​ការ​ឡើង​វិញ​នោះ​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​ ឬ​ប៉ុន្មាន​ថ្ងៃ​នោះ​ដែរ​។​ រាល់​ការ​ព្យាយាម​របស់​តៃ​កុង​ឡាន ព្រូឡាន និង​អ្នក​ដំណើរ​​មិន​បាន​ជោគ​ជ័យ​ទេ​ក្នុង​ការ​ជួស​ជុល​ឡាន​នោះ​​។ ទិដ្ឋ​ភាព​នៅ​នឹង​កន្លែង​កើត​ហេតុ​គួរ​​ឱ្យ​រន្ធត់​ណាស់​។ សាក​សព​មនុស្ស​រាប់​សិប​នាក់​ដេក​រដូក​រណែល​ពេញ​ហ្នឹង​។ តំបន់​វាល​ខ្សាច់​នេះ​ត្រូវ​គេ​ស្គាល់​ថា​ជា​កន្លែង​ដែល​ជន​ភៀស​ខ្លួន និង​អ្នក​ចំណាក​ស្រុក​យក​ធ្វើ​ជា​ទីតាំង​​​សំណាក់​​មួយ​សំណើ​សិនមុន​នឹង​​បន្ត​ដំណើរ​ពី​បណ្ដា​ប្រទេស​​​នៅ​ទ្វីប​អាហ្វ្រិក​ឆ្លង​ទៅ​ទ្វីប​អឺរ៉ុប​។ មនុស្ស​ជា​ច្រើន​ធ្លាប់​ស្លាប់​ដោយ​សារ​ការ​ស្រេក​ទឹក​ ឬ​ការអត់​អាហារ​នៅ​លើ​វាល​ខ្សាច់​ដ៏​ក្ដៅ​ហួត​ហែង​នេះ​មិន​តិច​នាក់​ឡើយ​​៕ ប្រភព៖ Al Jazeera​