ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូទីន​ប្រកាស​មិន​ជួប​មុខ​ហ្សេឡិនស្គី​ទេ​ក្រោយ​ការ​បោះ​ដៃ​ទៅ​រក​គាត់​ដោយ​សរ​សេរ​លិខិត​ជា​ចំហ

2 ម៉ោង មុន

ទី​ក្រុង​ម៉ូស្គូ៖ លោក​ពូទីន​បាន​ប្រកាស​ច្រាន​ចោល​ការ​បោះ​ដៃ​របស់​លោក​ហ្សេឡិនស្គី​ដែល​ផ្ញើ​លិខិត​ចំហ​ជូន​លោក​ និង​ស្នើ​សុំ​ជួប​​ទល់​មុខ​គ្នា​ដើម្បី​ចរ​ចា​​បញ្ចប់​សង្គ្រាម​។ ហ្សេឡិន​ស្គី​ថ្លែង​ថា​មើល​ទៅ​រំពឹង​លើ​អាមេរិក​ដើម្បី​ដោះ​ស្រាយ​បញ្ហា​អ៊ុយ​ក្រែន​ប្រហែល​ជា​មិន​ងាយ​ទេ​ព្រោះ​អាមេរិក​ខ្លួន​ឯង​ក៏​កំពុង​ជាប់​ដៃ​នៅ​ក្នុង​សង្គ្រាម​អ៊ីរ៉ង់​ផង​ដែរ​។ លោក​ពូទីនធ្វើ​ហាក់​ដូច​ជា​មិន​ចាប់​អារម្មណ៍​នឹង​ការ​បោះ​ដៃ​របស់​លោក​ហ្សេឡិន​ស្គី។ ​​លោក​ថា​សម្រាប់​ពេល​នេះ ​លោក​​គ្មាន​ហេតុ​ផល​អ្វី​ត្រូវ​ជួប​មុខ​គ្នា​​ទេ​។ ​លោក​បាន​និយាយ​សើច​ចម្អក​ចំពោះ​ការ​ស្នើ​សុំ​ជួប​មុខ​គ្នា​ផ្ទាល់​ដើម្បី​ចរ​ចា​ឱ្យ​មាន​បទ​ឈប់​បាញ់​។ លោ​ក​យល់​ថា​ការ​សរ​សេរ​រៀប​រាប់​នៅ​ក្នុង​លិខិត​ចំហ​នោះ​ហាក់​ដូច​ជា​​មិន​ចេញ​ពី​ដួង​ចិត្ត​ស្មោះ​ទាល់​តែ​សោះ​។​

លោក​ពូទីន​ចោទ​ជា​សំណួរ​ថា​តើ​នេះ​ជា​វិធី​បង្កើត​លក្ខ​ខណ្ឌ​ដើម្បី​ជួប​ទល់​មុខ​គ្នា? ឬ​ក៏​ជា​វិធី​មិន​ចង់​ជួប​មុខ​គ្នា? លោក​សួរ​ និង​ឆ្លើយ​ដោយ​ខ្លួន​ឯង​ថា​ប្រហែល​ជា​មិន​ចង់​ជួប​មុខ​គ្នា​ច្រើន​ជាង​។ លោក​ថែម​ទាំង​ចាត់​ទុក​ភាសា​ដែល​សរ​សេរ​រៀប​រាប់​នៅ​ក្នុង​លិខិត​ចំហ​នោះ​មាន​ចរិត​ខ្វះ​ការ​គួរ​សម​ថែម​ទៀត​ផង​។ យោង​តាម​ទូរទស្សន៍​ប៊ីប៊ី​ស៊ី លោក​ពូទីន​ចង់​សង្កត់​ធ្ងន់​អំពី​ជំហរ​របស់​លោក​ថា​ប្រសិន​បើ​មាន​ការ​ផ្អាក​សង្គ្រាម​តែ​បន្តិច​ អ៊ុយ​ក្រែន​នឹង​ឆក់​យក​ឱកាស​នេះ​ដើម្បី​ពង្រឹង​កម្លាំង​របស់​ខ្លួន​។ ចំណែក​រុស្ស៊ី​បាន​ត្រឹម​​ដាក់​លក្ខ​ខណ្ឌ​ ប៉ុន្តែ​គេ​មិន​គោរព​។ លោក​ថ្លែង​ថា​ការ​ជួប​ទល់​មុខ​គ្នា​អាច​ធ្វើ​ទៅ​បាន​លុះ​ត្រា​តែ​មាន​ការ​ជួប​គ្នា​កម្រិត​អ្នក​ជំនាញ និង​ចេញ​ជា​ដំណោះ​ស្រាយ​ជា​មុន​សិន​។

លោក​យល់ថា​​គោល​បំណង​តែ​មួយ​គត់​នៃ​ការ​ស្នើ​សុំ​ជួប​គ្នា​នេះ​គឺ​ដើម្បី​ឱ្យ​កង​ទ័ព​រុស្ស៊ី​ទច់​មួយ​កន្លែង​សិន​ កុំ​បន្ត​ទៅ​មុខ​ទៀត​។ ប៉ុន្តែ​បើ​ចង់​ធ្វើ​ដូច្នេះ​លុះ​ត្រា​តែ​មាន​កិច្ច​ព្រម​ព្រៀង​។ លោកថា​កិច្ច​ព្រមព្រៀង​នោះ​ត្រូវ​តែ​ប្រាកដ​ប្រជា​ មិន​មែន​កិច្ច​ព្រម​ព្រៀង​ផ្អាក​បាញ់​គ្នា​ត្រឹម​តែ​៦ខែ​ ឬ​៣​ខែ​នោះ​ទេ ប៉ុន្តែ​ត្រូវ​តែ​ជា​កិច្ច​ព្រម​ព្រៀង​រយៈ​ពេល​វែង​។ យើង​អាច​សន្និ​ដ្ឋាន​ទុក​ជា​មុន​ថា​សកម្ម​ភាព​យោធា​អាច​នឹង​បិទ​បញ្ចប់​នៅ​ថ្ងៃ​ណា​មួយ​ជា​មិន​ខាន​។ គ្មាន​​អ្វី​ត្រូវ​សង្ស័យ​សោះ​ឡើយ ប្រតិ​បត្តិ​ការ​សឹក​នឹង​បិទ​បញ្ចប់​ភ្លាម​នៅ​ពេល​យើង​សម្រេច​គោល​ដៅ​ដែល​យើង​បាន​ដាក់​ចេញ​។

លោក​ហ្សេឡិនស្គី​បាន​ចាត់​ទុក​ចម្លើយ​តប​ពី​សំណាក់​លោ​កពូទីន​ចំពោះ​លិខិត​ចំហ​នោះ​មាន​លក្ខណៈ​កម្សោយ​។ លោក​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ថា​ជា​ថ្មី​ម្ដង​ទៀត​ រុស្ស៊ី​បង្ហាញ​ជំហរ​របស់​ខ្លួន​ថា​ចង់​ធ្វើ​សង្គ្រាម​ជា​បន្ត​ទៀត​។ ហ្សេឡិនស្គី​យល់​ថា​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​ពិភព​លោក​ខក​ចិត្ត​មិន​តិច​ទេ​នឹង​ការ​ឆ្លើយ​តប​នោះ​។ គាត់​ (លោក​ពូទីន) មិន​ចង់​ផ្លាស់​ប្ដូរ​បន្តិច​ណា​សោះ​។ គាត់​មិន​ព្រម​ទទួល​ស្គាល់​ការ​ពិត​ថា​សង្គ្រាម​នេះ​ធ្វើ​ឡើង​ដើម្បី​តែតម្រូវ​ចិត្ត​របស់​គាត់​​​ និង​​​ពួក​អ្នក​ដែល​រក​លុយ​បាន​ដោយ​សារ​ទង្វើ​របស់​គាត់​។ ជា​ថ្មី​ម្ដង​ទៀត​ ហ្សេឡិន​ស្គី​អំពាវ​នាវ​ឱ្យ​សហ​គមន៍​អន្តរ​ជាតិ​ដាក់​សម្ពាធ​សេដ្ឋ​កិច្ច​បន្ថែម​ទៀត​ទៅ​លើ​ប្រទេស​រុស្ស៊ី ៕ ប្រភព៖ The Hill