ត្រួតពិនិត្យអគារខុនដូស្កាយ៣១ ឃាត់ខ្លួនជនសង្ស័យ៨នាក់បើកល្បែងស៊ីសងតាមអនឡាញ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អគារខុនដូស្កាយ៣១ នៅសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ត្រូវបានកម្លាំងគណ:បញ្ជាការឯកភាពរាជធានីភ្នំពេញ សហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ចុះត្រួតពិនិត្យឆែកឆេរដោយឃាត់ខ្លួនជនជាតិចិន,វៀតណាម និងខ្មែរចំនួន៨នាក់ បើកលេងល្បែងស៊ីសងតាមអនឡាញខុសច្បាប់ ។

តាមអធិការដ្ឋានខណ្ឌទួលគោកបានឲ្យដឹងថា នៅថ្ងៃទី០៥ ខែ មិថុនា ឆ្នាំ២០២៦ វេលាម៉ោង១៦និង៥០នាទីរសៀល គណ:បញ្ជាការឯកភាពរាជធានីភ្នំពេញ ដឹកនាំដោយ លោកសុខ ពេញវុធ អភិបាលរងនៃគណ: អភិបាលរាជធានីភ្នំពេញ ដោយមានកិច្ចសម្របសម្រួលពីលោក ញ៉ាន បូរី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យអាគារខុនដូរស្កាយ៣១ ដែលមានទីតាំងដីឡូត៍លេខ១៥៥ ផ្លូវលេខ២៨៧ កែងផ្លូវលេខ៥២៨ ក្រុមទី៤៩ ភូមិ១៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក៏បានប្រទះឃើញសកម្មភាពបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់(បើកល្បែងស៊ីសងតាមអនឡាញ) នៅ០២បន្ទប់ផ្សេងគ្នា ។
ឆែកឆេរបន្ទប់លេខ៨១០ ជាន់ទី៨ និងបន្ទប់លេខ ១៩០៣ ជាន់ទី១៩ នៃខុនដូស្កាយ៣១ រកឃើញជនសង្ស័យចំនួន០៨នាក់ ជនជាតិចិន០៣នាក់ និងជនជាតិខ្មែរចំនួន០៤នាក់ និងជនជាតិវៀតណាម០១នាក់ (ស្រី០១) ជាភ្នាក់ងារស៊ីសងល្បែងភ្នាល់តាមអនឡាញ និងចាប់យកវត្ថុតាងពាក់ព័ន្ធ និងល្បែងភ្នាល់ស៊ីសងខុសច្បាប់តាមអនឡាញ មួយចំនួន រួចនាំយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរចម្លើយតាមនីតិវិធី ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួន ១-ឈ្មោះ វ៉ន សុភ័ក្រ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ភ្នាក់ងារស៊ីសងតាមអនឡាញ ស្នាក់នៅបន្ទប់លេខ៨១០ នៃអគារខុនដូរ ស្កាយ៣១ខាងលើ, ២-ឈ្មោះ ស្រ៊ុន វណ្ណ: ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ភ្នាក់ងារស៊ីសងតាមអនឡាញ ស្នាក់នៅបន្ទប់លេខ៨១០ នៃអគារខុនដូរ ស្កាយ៣១, ៣-ឈ្មោះ HUANG DAQUAN ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរ ភ្នាក់ងារស៊ីសងតាមអនឡាញ ស្នាក់នៅបន្ទប់លេខ៨១០ នៃ អគារខុនដូរ ស្កាយ៣១, ៤-ឈ្មោះ LIU ZANMIN ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរ ភ្នាក់ងារស៊ីសងតាមអនឡាញ ស្នាក់នៅបន្ទប់លេខ៨១០ នៃ អគារខុនដូស្កាយ៣១, ,៥-ឈ្មោះ លឿម
ពិឈឹង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរភ្នាក់ងារស៊ីសងតាមអនឡាញ ស្នាក់នៅបន្ទប់លេខ១៩០៣ នៃ អគារខុនដូរ ស្កាយ៣១, ៦-ឈ្មោះ ឆៃ ថាត់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរភ្នាក់ងារស៊ីសងតាមអនឡាញ ស្នាក់នៅបន្ទប់លេខ១៩០៣ នៃអគារខុនដូរ ស្កាយ៣១, ៧-ឈ្មោះ HUANG HAOCHANG ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ: EB4843481 ផ្ដល់នៅប្រទេសចិន មុខរបរ ភ្នាក់ងារស៊ីសងតាមអនឡាញ ស្នាក់នៅបន្ទប់លេខ១៩០៣ នៃ អគារខុនដូរ ស្កាយ៣១ និង៨-ឈ្មោះ HO KIMLINH ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរ ភ្នាក់ងារស៊ីសងតាមអនឡាញ ស្នាក់នៅបន្ទប់លេខ១៩០៣ នៃ អគារខុនដូរ ស្កាយ
៣១ .។
នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចចាប់យក វត្ថុតាងពាក់ព័ន្ធ និងល្បែងស៊ីសងភ្នាល់តាមអនឡាញ រួមមាន៖ ១-ទូរស័ព្ទដៃ០៣គ្រឿង ម៉ាក I phone 11Promax ពណ៌ក្រហម០១គ្រឿង , ម៉ាក VIVO ពណ៌ផ្កាឈូក០១គ្រឿង រួមនិងម៉ាក SUFER ពណ៌ខ្មៅមួយគ្រឿង និងកុំព្យូទ័រយួរដៃចំនួន០២គ្រឿង ម៉ាក Lenovo ០១គ្រឿង និងម៉ាក ACER មួយគ្រឿង (សម្រាប់ទទួលភ្ញៀវចាក់ភ្នាល់អនឡាញ)និងទូរស័ព្ទដៃដែលជនសង្ស័យខាងលើប្រើប្រាស់ផ្ទាល់ខ្លួនចំនួន០៥គ្រឿង។២-ទូរស័ព្ទដៃ០៣គ្រឿង ម៉ាក I PHONE 11 PROMAX ចំនួន០២គ្រឿង និងទូរស័ព្ទ I PHONE13 មួយគ្រឿង , ឡេបថប០៤គ្រឿង រួមនិងកុំព្យូទ័រ លើតុចំនួន០២គ្រឿង (សម្រាប់ទទួលភ្ញៀវចាក់ភ្នាល់អនឡាញ) រួមនិងទូរស័ព្ទដៃផ្ទាល់ខ្លួនចំនួន០៥គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី ៕

ចែករំលែកព័តមាននេះ