រាជធានីភ្នំពេញ ៖ ករណីចាប់ថៅកែក្រុមហ៊ុនអចលនទ្រព្យជនជាតិចិនម្នាក់ ជំរិតទារប្រាក់(ឌីជីថលគ្រីបតូ)២លានដុល្លារ មិនបាន ក្រុមឧក្រិដ្ឋជនសម្លាប់នៅខណ្ឌច្បារអំពៅ រួចដឹកយកទៅប្លុងចោលក្នុងរថយន្តព្រូសនៅខណ្ឌដង្កោ កាលពីអំឡុងចុងខែឧសភា ឆ្នាំ២០២៦នោះ ត្រូវបានកម្លាំងនគរបាលកម្រិតធ្ងន់ និងកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌដង្កោ ខណ្ឌសែនសុខ និងខណ្ឌច្បារអំពៅ ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនជាតិចិនដូចគ្នា ដែលសង្ស័យថា ជាក្រុមឧក្រិដ្ឋជនបានចំនួន៤នាក់ហើយ នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង១០និង៣០នាទីព្រឹក និងបន្តតាមចាប់បក្ខពួកដែលនៅសល់បន្តទៀត ។ សូមរម្លឹកថា ៖«ករណីប្រទះឃើញសព និងរថយន្តយកទៅប្លុងចោលនៅខណ្ឌដង្កោ គឺចាប់ជម្រិតទារប្រាក់២លានដុល្លារ មិនបានសម្លាប់ចោល ជនរងគ្រោះជាជនជាតិចិន» ។
ជនសង្ស័យជាជនជាតិចិនទាំង៤នាក់នោះ រួមមាន ៖ ១.ឈ្មោះ ZHOU JIAN HONG ភេទប្រុស អាយុ៥២ ឆ្នាំ មុខរបរចុងភៅ ជាមេខ្លោង (គ្មានសារធាតុញៀន និងគ្មានលិខិតឆ្លងដែន) ។ ២.ឈ្មោះ ZHAO FENG QUAN ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ គឺជាអ្នកធ្វើសកម្មភាព (គ្មានសារធាតុញៀន និងគ្មានលិខិតឆ្លងដែន) ។ ៣.ឈ្មោះ HAN DE DONG ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ ចុងភៅ ជាអ្នកដឹកជនសង្ស័យរត់គេចខ្លួន (គ្មានសារធាតុញៀន និងគ្មានលិខិតឆ្លងដែន) ។ ៤.ឈ្មោះ MA RONG GUI ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរម្ចាស់ការ៉ាស់រថយន្ត ជាអ្នកសមគំនិត) គ្មានសារធាតុញៀន និងមានលិខិតឆ្លងដែន) ។
នគរបាលដកហូតបានវត្ថុតាងមួយចំនួន មានដូចជាទូរសព្ទ IPHONE ចំនួន០៤គ្រឿង, រថយន្តចំនួន០២គ្រឿង ម៉ាក TOYOTA LAND CRUISER ស៊េរីឆ្នាំ២០០៨ ពណ៍ខ្មៅ ស្លាក់លេខ 2AI-3068 ១គ្រឿង និងម៉ាក TOYOTA RRIUS ស៊េរីឆ្នាំ២០១២ ពណ៌.ស ស្លាក់លេខ 2BH-1311 ១គ្រឿង (ជារថយន្តដឹកសាកសពយកទៅផ្លុងចោល) ព្រមទាំងម៉ូតូម៉ាកស្មាក់ ពណ៍ក្រហមលាយខ្មៅ ពាក់ស្លាកលេខ 1CE-0447 និងលិខិតឆ្លងដែនចំនួន០២ច្បាប់ ។
សូមបញ្ជាក់ថា បុរសរងគ្រោះឈ្មោះ Yang Weixin អាយុ៥៣ឆ្នាំ ជនជាតិចិន មុខរបរថៅកែក្រុមហ៊ុនអចលនទ្រព្យ ស្នាក់នៅបន្ទប់លេខZ១២ ជាន់ទី១៩ ខុនដូរ VIEW ASTON ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ក្រុមឧក្រិដ្ឋជនបានសម្លាប់ជនរងគ្រោះ ដោយការខ្ទប់ដង្ហើម ចាក់ និងវាយធ្វើទារុណកម្មរហូតដល់ស្លាប់ រួចដឹកសពយកទៅប្លុងចោលក្នុងរថយន្ត ១គ្រឿង ម៉ាកToyota Prius ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BH-1311 រួចបានគេចខ្លួនបាត់អស់ ។
បន្ទាប់មកទាំងសាកសព និងរថយន្តត្រូវបានក្រុមអ្នកបើករថយន្តដឹកទំនិញប្រទះឃើញ បង្កឲ្យមានការភ្ញាក់ផ្អើលវេលាម៉ោង១១ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចដីវាលមួយកន្លែង ស្ថិតនៅក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បើតាមប្រពន្ធជនរងគ្រោះ បានបំភ្លឺប្រាប់ឲ្យសមត្ថកិច្ចដឹងថា កាលពីអំឡុងឆ្នាំ២០១៤ ប្ដីនាងគាត់មានទំនាស់រឿងរកស៊ីជាមួយដៃគូដែលជា ជនជាតិចិនដូចគ្នា ដោយជននោះបានបង្ខំឲ្យប្ដីគាត់សងលុយរឿងរកស៊ីក្ស័យធន។ លុះដល់អំឡុងឆ្នាំ២០២៥ គូទំនាស់ខាងលើបានមករកប្ដីគាត់និយាយរឿងលុយនោះទៀត ហើយប្ដីគាត់ក៏ប្រាប់ថា បើកចង់ឈ្នះចាញ់ចាំប្ដឹងផ្ដល់គ្នា នៅប្រទេសចិនទៅ ។ ដោយឡែកនៅយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ប្ដីគាត់ក៏ស្រាប់តែបាត់ខ្លួន ហើយគាត់ជាប្រពន្ធ ក៏ទំនាក់ទំនងជាមួយសមត្ថកិច្ចរួចក៏ឆែកកាមេរ៉ាសុវត្ថិភាពអាគារស្នាក់នៅ ។
លុះនៅវេលាម៉ោងប្រហែល០៣ និង០០នាទី ទៀបភ្លឺថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ លេខទូរសព្ទប្ដីនាងខ្ញុំបានផ្ញើសារមកទូរសព្ទនាងខ្ញុំ ឲ្យផ្ញើលុយ(ប្រាក់ឌីជីថលគ្រីបតូ)ចំនួន២លានដុល្លារ, ក្រោយមកជនសង្ស័យនៅបន្តផ្ញើសារមកបន្តបន្ទាប់ទៀត, លុះនៅវេលាម៉ោងប្រហែល០៨ និង៤៧នាទី ថ្ងៃដដែល ជនសង្ស័យបានផ្ញើសារមកប្រាប់ថា បញ្ចប់ត្រឹមហ្នឹងទៅ រួចនាងខ្ញុំទំនាក់ទំនងទៅលេខទូរសព្ទប្ដីនាងខ្ញុំវិញលែងបាន, លុះនៅវេលាម៉ោងប្រហែល១១ និង៣០នាទី ថ្ងៃដដែល ស្រាប់តែមានសមត្ថកិច្ចទំនាក់ទំនងមកប្រាប់នាងខ្ញុំថា ប្រទះឃើញសាកសពប្ដីហើយ ទើបនាងខ្ញុំបានទៅមើលសាកសពប្ដី ។
ស្ត្រីរូបនោះ បានប្រាប់សមត្ថកិច្ចបន្តទៀតថា ពេលនោះឃើញនៅចំណតរថយន្តអាគារស្នាក់នៅមានជនសង្ស័យចំនួន៣នាក់បានចាប់ប្ដី រុញចូលទៅក្នុងរថយន្ត ១គ្រឿង នៅវេលាម៉ោង៨និង១៦នាទីយប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ។ លុះនៅវេលាម៉ោងប្រហែល០៣ទៀបភ្លឺថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ លេខទូរសព្ទប្ដីរបស់គាត់បានផ្ញើសារមកទូរសព្ទគាត់ បង្ខំឲ្យផ្ញើលុយគ្រីបតូចំនួន២លានដុល្លារ ។ ក្រោយមកជនសង្ស័យនៅបន្តផ្ញើសារមកបន្តបន្ទាប់ទៀត លុះនៅវេលាម៉ោងប្រហែល០៨និង៤៧នាទីព្រឹកថ្ងៃដដែល ជនសង្ស័យបានផ្ញើសារមកប្រាប់ថាបញ្ចប់ត្រឹមហ្នឹងទៅ បន្ទាប់មកគាត់ទំនាក់ទំនងទៅលេខទូរសព្ទប្ដីគាត់វិញ លែងបានរហូតតែម្ដង ។ លុះដល់វេលាម៉ោងប្រហែល១១និង៣០នាទីព្រឹក ថ្ងៃដដែល ស្រាប់តែមានសមត្ថកិច្ចទំនាក់ទំនងមកប្រាប់ថា ប្រទះឃើញសាកសពប្ដីគាត់ហើយ ទើបនាងគាត់ទៅមើលឃើញពិតជាសាកសពប្ដីគាត់មែន ៕













ចែករំលែកព័តមាននេះ