ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​កំពុង​ដឹកនាំ​ការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​ឆបោក​បច្ចេកវិទ្យា​អន​ឡាញ​យ៉ាង​តឹង​រឹង និង​សកម្ម​បំផុត​មួយ​ក្នុង​តំបន់

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ប្រទេស​កម្ពុជា​បាន​និងកំពុង​ដឹកនាំ​ការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​អន​ឡាញ​យ៉ាង​តឹង​រឹង និង​សកម្ម​បំផុត​មួយ​ក្នុង​តំបន់​ ។​ នេះ​បើ​តាម​អ្នកនាំពាក្យ​រាជរ​ដ្ឋា​ភិ​បាល​ ។

ការ​បញ្ជាក់​បែប​នេះ ​ខណៈ​សមត្ថកិច្ច​បាន​និង​កំពុងធ្វើការ​បង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​គ្រប់​ទិស​ទី​នៅ​ក្នុង​ប្រទេស​កម្ពុជា ព្រមទាំង​បា​នប​ណ្តេ​ញ​ជនបរទេស​​ដែល​បាន​មក​លួច​ស្នាក់​នៅ​ខុសច្បាប់​ និង​បាន​ប្រព្រឹត្តិ​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទៅ​ស្រុក​វិញ​ជា​បន្តបន្ទាប់​​។

ថ្លែង​ក្នុង​ស​ន្និ​សី​ទ​សារព័ត៌មាន​ នា​ព្រឹក​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០២៦ ​ឯកឧត្តម ​ប៉ែន បូ​ណា​ អ្នកនាំពាក្យ​រាជរដ្ឋា​ភិ​បាល​បាន​លើក​ឡើង​ថា​ នៅ​ស្ទើរតែ​គ្រប់​កិច្ចប្រជុំ ឬ​ពិធី​សំណេះសំណាល​នានា​ទាំង​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​ និង​ជា​ប្រមុខរដ្ឋ​ស្តីទី ទាំង​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី តែងតែ​ក្រើនរម្លឹក​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ ជា​ពិសេស​ អាជ្ញាធរ​មូលដ្ឋាន​អំពី​ការ​បង្ក្រាប​បទល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ឬ Online Scams ដោយ​វិធានការ​យ៉ាង​តឹងរឹង និង​ម៉ឺងម៉ាត់​បំផុត ​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ក៏​បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យក​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) ជា​អាទិភាព​ខ្ពស់​មួយ ​ដែល​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​នឹង​សន្តិសុខ​សង្គម សុវត្ថិភាព​ប្រជាពលរដ្ឋ និង​កិត្តិយស​ជាតិ​នៅ​លើ​ឆាក​អន្តរជាតិ​។

ចាប់តាំងពី​អាណត្តិ​ទី​៦ ដឹកនាំ​​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​បន្ត​ដល់​នីតិកាល​ទី​៧ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត រាជរដ្ឋាភិបាល​បាន​បង្ហាញ​ឆន្ទៈ​ដ៏​រឹង​មាំ​ និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​បំផុត ព្រមទាំង​បាន​ធ្វើ​សកម្មភាព​ជាក់ស្តែង​ ក្នុង​ការ​បង្ក្រាប​បណ្តាញ​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​គ្រប់​ប្រភេទ ដោយ​គ្មាន​ការ​អត់ឱន និង​ប្រកបដោយ​ភាព​ម៉ឺង​មាត់​បំផុត តាម​រយៈ​សកម្មភាព​ការងារ ដូច​ជា ​៖ សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី បាន​ដាក់​ចេញ​នូវ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដល់​មន្ត្រី​ក្រោម​ឱវាទ និង​កងកម្លាំង​ពាក់ព័ន្ធ​ទាំងអស់​ឱ្យ​បង្ក្រាប​បណ្តាញ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ឱ្យ​ដល់​ឫសគល់​ដោយ​គ្មាន​បង្អែបង្អង់ មិន​អត់ឱន និង​មិន​លើក​លែង​ ។

គោលដៅ​យុទ្ធសាស្ត្រ​របស់​រាជរ​ដ្ឋា​ភិ​បាល គឺ​មិន​ត្រឹមតែ​បង្ក្រាប​តាម​ករណី​នីមួយ​ៗ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បំផ្លាញ​បណ្តាញ​ឧក្រិដ្ឋកម្ម​ទាំងមូល ដកហូត​សមត្ថភាព​ប្រតិបត្តិការ​, កាត់​ផ្តាច់​ប្រភព​ហិរញ្ញវត្ថុ និង​បិទ​ច្រក​ប្រតិបត្តិការ​ទាំងអស់ ដើម្បី​បញ្ឈប់​បញ្ហា​នេះ​ឱ្យ​បាន​ជាក់ស្តែង និង​យូរអង្វែង​។ នេះ​បង្ហាញ​ថា កម្ពុជា​មិនមែន​ជា​គោលដៅ​ឧក្រិដ្ឋកម្ម​ទេ ប៉ុន្តែ​ជា​ប្រទេស​ដែល​កំពុង​ដឹកនាំ​ការ​ប្រយុទ្ធ​ប្រឆាំង​យ៉ាង​តឹង​រឹង និង​សកម្ម​បំផុត​មួយ​ក្នុង​តំបន់​។

សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី បាន​ចាត់​ទុក​ការ​បោសសំអាត​ក្រុម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) ថា​ ជា​កិច្ចការ​ចាំបាច់​ដែល​ត្រូវ​បន្ត​ធ្វើ​រហូត​ទាល់តែ​អស់​ជា​ដាច់ខាត ពីព្រោះ​ក្រុម​នេះ​បាន​មក​សំងំ​លាក់​ខ្លួន​​ក្នុង​ប្រទេស​កម្ពុជា និង​បាន​បំផ្លាញ​មុខមាត់ និង​សេចក្តី​ថ្លៃថ្នូរ​របស់​កម្ពុជា​យ៉ាងធ្ងន់ធ្ងរ ហើយ​បញ្ហា​នេះ​នឹង​ក្លាយជា​ការ​គំរាមកំហែង​ដ៏​ធំ​មួយ​សម្រាប់​កម្ពុ​ជានា​ពេល​អនាគត​។

ទន្ទឹម​នឹង​ការ​កោតសរសើរ​រាជរដ្ឋាភិបាល​ ដែល​បាន​ប្រកាន់​យក​ការ​ទទួលខុសត្រូវ​ខ្ពស់ សម្តេច​ប្រមុខរដ្ឋ​ស្តីទី បាន​ផ្តល់​អនុសាសន៍​បន្ថែម​ជូន​រាជរដ្ឋាភិបាល​ថា ការ​បង្ក្រាប​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ ត្រូវ​តែ​ដើរ​ទន្ទឹម​គ្នា​នឹង​ការ​បង្ក្រាប​មន្ត្រី​ដែល​ពាក់ព័ន្ធ និង​ចាត់ការ​ចំពោះ​មន្ត្រី​ដែល​អសកម្ម​ក្នុង​ការ​បង្ក្រាប​បណ្តាញ​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​មួយ​នេះ​ ។

អ្នកនាំពាក្យ​បាន​បន្ថែម​ថា ​ដើម្បី​ឱ្យ​ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ មាន​ប្រសិទ្ធ​ភាព​និង​សង្គតិភាព រាជរដ្ឋាភិបាល​បាន​បង្កើត​ក្របខ័ណ្ឌ​គតិ​យុ​ត្ត​ជា​ច្រើន​ដើម្បី​ធានា​ថា ការ​អនុវត្ត​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ប្រព្រឹត្ត​ទៅ​ដោយ​ត្រឹមត្រូវ​តាម​នីតិវិធី និង​គ្មាន​ការ​ខ្វះចន្លោះ​ ។

កម្រង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ពាក់ព័ន្ធ​នឹង​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ មាន​ដូច​ជា​៖ ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដែល​មាន​គោលដៅ​សំខាន់​គឺ​បំពេញ​ចន្លោះ​ប្រហោង​តាម​រយៈ​ការ​បង្កើត​បទល្មើស​ព្រហ្មទណ្ឌ​ថ្មី​ចំនួន​៥ និង​បង្កើន​ទោស​ធ្ងន់​ជាង​មុន​ដើម្បី​ធានា​ថា ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ក្នុង​ទ្រង់ទ្រាយ​បែប​នេះ​នឹង​មិន​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ទេ បទបញ្ជា​ស្តី​ពី​យុទ្ធនាការ​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា អនុក្រឹត្យ​ស្តី​ពី​ការ​គ្រប់គ្រង​សន្តិសុខ​សុវត្ថិភាព​តាម​ទីតាំង​រស់នៅ​ប្រមូលផ្តុំ និង​ប្រកាស​អន្តរក្រសួង​ស្តី​ពី​បែបបទ និង​នីតិវិធី​នៃ​ការ​ផាកពិន័យ ចំពោះ​ម្ចាស់​ឬ​អ្នក​គ្រប់ គ្រង​ទីតាំង​រស់នៅ​ប្រមូលផ្តុំ​ ។

ជាមួយ​គ្នា​នោះ​ដែរ ​ឯកឧត្តម​ថា ​ជា​លទ្ធផល ក្នុង​រយៈពេល ១០​ខែ​កន្លង​ទៅ​នេះ អាជ្ញា​ធរមាន​សមត្ថកិច្ច ​និង​កងកម្លាំង​គ្រប់​លំដាប់ថ្នាក់​ក្នុង​រាជធានី​-​ខេត្ត បាន​បំពេញបេសកកម្ម​បង្ក្រាប​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​បាន​រាប់រយ​ករណី ដោយ​ក្នុង​នោះ ជនសង្ស័យ​រាប់​ពាន់​នាក់​ដែល​ពាក់ព័ន្ធ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ និង​ជនបរទេស​រាប់​សែន​នាក់​ត្រូវ​បាន​បណ្តេញចេញ ឬ​ស្ម័គ្រចិត្ត​ចាក​ចេញពី​កម្ពុជា​។

កាលពី​ចុងខែ​ឧសភា ​កន្លង​ទៅ​ថ្មី​ៗ​នេះ តុលាការ​ខេត្តកំពត​ក៏​បាន​សម្រេច​ផ្តន្ទាទោស​ជនជាតិ​ចិន​៦​នាក់ ឱ្យ​ជាប់​ពន្ធនាគារ​កំណត់​ម្នាក់​ៗ​អស់​មួយ​ជីវិត​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​លើ​និស្សិត​ជនជាតិ​កូរ៉េ​កាលពី​ខែសីហា ឆ្នាំ​២០២៥​។ ទាំងនេះ​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ពិតប្រាកដ​របស់​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​កម្ពុជា ក្នុង​ការ​លុប​បំបាត់​បណ្តាញ​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​មួយ​នេះ​ឱ្យ​ទាល់តែ​អស់ពី​កម្ពុជា​ ៕