ខេត្តកណ្ដាល ៖ បុរសជាអតីតជាមន្រ្តីយោធាស្រុកអង្គស្នួលម្នាក់បានទទួលមរណៈភាព ដោយរោគាពាធ កាលពី១ឆ្នាំមុន ហើយបានបន្សល់ទុកនៅអាវុធ គ្រាប់ និងគ្រឿងផ្ទុះជាច្រើននៅក្រោមគ្រែក្នុងបន្ទប់ដេកក្នុងផ្ទះរបស់គាត់ ។ បន្ទាប់ពីគាត់ស្លាប់ទៅបន្ទប់គាត់ក៏ត្រូវបានក្រុមគ្រួសារចាក់សោរចោលអស់រយៈពេល១១ខែមកហើយ ដោយពុំបានពិនិត្យមើលឲ្យដឹងថាមានអ្វីនៅក្នុងនោះឡើយ ។ រហូតដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ កូនស្រីរបស់គាត់ម្នាក់បានចូលទៅពិនិត្យមើលនៅក្នុងបន្ទប់នោះ ក៏ស្រាប់តែប្រទះឃើញអាវុធនិងគ្រឿងផ្ទុះខាងលើ ហើយក៏បានរាយការណ៍ជូននគរបាលឲ្យទៅពិនិត្យមើលនិងនាំយកទៅរក្សាទុក ។
អតីតមន្រ្តីយោធាស្រុកអង្គស្នួលរូបនោះឈ្មោះសំ វណ្ណា អាយុប្រមាណ៦០ឆ្នាំ មានទីលំនៅក្នុងភូមិក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ដោយឡែកអាវុធ គ្រាប់ និងគ្រឿងផ្ទុះដែលគាត់ទុកនៅក្រោមគ្រែក្នុងបន្ទប់មុនពេលស្លាប់នោះមានដូចជា ៖ គ្រាប់បែកដៃចំនួន០៣គ្រាប់,គ្រាប់មីនខ្យល់៧២A ០១គ្រាប់,គីបអគ្គីសនី ចំនួន០៧ ,គីបធម្មតាចំនួន០៥,គីបគ្រាប់បែកដៃចំនួន៧០,ម្សៅTNT ចំនួន៤,៥ដុំ មានទម្ងន់ស្មើរ៤៥០ក្រាម ,អាវុធម៉ាកអឹមសី(M16)០១ដើម,អាវុធម៉ាកអឹម១៩មួយដើម,បង់កាំភ្លើងចំនួន០៨ ក្នុងនោះបង់ដែលមានគ្រាប់ចំនួន០២បង់, គ្រាប់កាំភ្លើងAkចំនួន៦៩គ្រាប់ និងគ្រាប់កាំភ្លើងអឹមសីចំនួន៣២គ្រាប់ ។
បើតាមកូនស្រីរបស់គាត់ម្នាក់ឈ្មោះសំ សុីនួន អាយុ៣៧ឆ្នាំ មុខរបរ លក់ដូរ បានប្រាប់នគរបាលថា ឪពុកនាងរូបនោះបានទទួលមរណៈភាពកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ កន្លងទៅដោយរោគាពាធ ។ ក្រោយមកនាងនិងក្រុមគ្រួសារបានបិទទ្វារបន្ទប់លោកឪពុកនិងចាក់សោចោល ដោយពុំបានត្រួតពិនិត្យមើលថា តើមានអ្វីខ្លះនៅក្នុងនោះទេ ហើយគិតរហូតមកដល់ពេលនេះបានចាក់សោចោលរយៈពេល១១ខែកន្លងមកហើយ ។ លុះដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ នាងក៏បានចូលទៅពិនិត្យមើលនៅក្នុងបន្ទប់នោះ ក៏ស្រាប់តែប្រទះឃើញអាវុធ គ្រាប់និងគ្រឿងផ្ទុះខាងលើ នៅក្រោមគ្រែ ទើបរាយការណ៍ជូននគរបាលឲ្យទៅពិនិត្យមើលនិងយកទៅរក្សាទុកតែម្ដង ។
សមត្ថកិច្ចបានប្រាប់ថា ក្រោយពេលចុះទៅដល់នគរបាលបានប្រមូលយកអាវុធ គ្រាប់ និងគ្រឿងផ្ទុះខាងលើ បន្ទាប់មកបានយកតែអាវុធម៉ាកអឹមសី (M16) ,អាវុធម៉ាកអឹម១៩,បង់និងគ្រាប់កាំភ្លើងប៉ុណ្ណោះ រួចនាំទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ។ ចំណែកគ្រាប់បែកដៃ,គ្រាប់មីនខ្យល់៧២A , គីបអគ្គីសនី ,គីបធម្មតា,គីបគ្រាប់បែកដៃ,ម្សៅTNT បានប្រគល់ជូនអង្គភាពកំចាត់មីនCMAC នាំយកទៅរក្សាទុក ៕
ចែករំលែកព័តមាននេះ