រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រជាគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា ប្រទេសថៃបានបង្កសង្គ្រាមរំលោភបំពានកម្ពុជាយ៉ាងកំរោលមកលើបូរណភាពទឹកដីកម្ពុជា នៅតាមបណ្តោយព្រំដែនក្រោមលេសការពារសន្តិសុខ និងអធិបតេយ្យរបស់ខ្លួន ។

យោងតាមសារលិខិតក្នុងឱកាសរំឮកខួបទី៤៧នៃទិវាជ័យជម្នះ ៧មករា សម្តេចតេជោ ហ៊ុន សែនបានលើកឡើងថា ទន្ទឹមនឹងការសម្រេចបានជោគជ័យនានា ប្រទេសជាតិយើងនៅតែត្រូវប្រឈមនឹងការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍អន្តរជាតិ ភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល និងការចុះខ្សោយនៃសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ ដែលបាននិងកំពុងជះឥទ្ធិពលមកលើដំណើរវិវឌ្ឍន៍របស់ជាតិយើង ។
សម្តេចតេជោបានបញ្ជាក់យ៉ាងដូច្នេះថា «ជាពិសេស ប្រទេសថៃបានបង្កសង្គ្រាមរំលោភបំពានកម្ពុជាយ៉ាងកំរោលមកលើបូរណភាពទឹកដីកម្ពុជានៅតាមបណ្តោយព្រំដែនក្រោមលេសការពារសន្តិសុខ និងអធិបតេយ្យរបស់ថៃ ។ នៅក្នុងសកម្មភាពរំលោភបំពាននេះ កងយោធាថៃបានបាញ់ប្រហារវាយសម្រុកមកលើកងទ័ពកម្ពុជា ដែលកំពុងស្ថិតក្នុងទីតាំងលើដែនអធិបតេយ្យ របស់កម្ពុជា និងវាយប្រហារលើគោលដៅស៊ីវិលនានាឥតរើសមុខ ដោយប្រើប្រាស់អាវុធធំតូច និងទំនើបគ្រប់ប្រភេទ ទាំងជើងគោក ជើងទឹក និងជើងអាកាស បង្កនូវមហន្តរាយយ៉ាងធំធេងដល់ប្រជាពលរដ្ឋយើងដែល កំពុងរស់នៅយ៉ាងសុខសាន្តនៅតាមតំបន់ទាំងនោះ» ។
សម្តេចតេជោប្រធានគណបក្សប្រជាជនបានហៅសកម្មភាពបែបនេះ ជាការរំលោភយ៉ាងធ្ងន់ធ្ងរបំផុតលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា បំពានធម្មនុញ្ញអង្គការសហប្រជាជាតិ បំពានធម្មនុញ្ញអាស៊ាន និងមិនគោរពស្មារតីនៃសហគមន៍អាស៊ានឡើយ ។ ម្យ៉ាងទៀត សកម្មភាពបែបនេះ ក៏ជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់ មនុស្សធម៌អន្តរជាតិ និងកាតព្វកិច្ចអន្តរជាតិក្នុងការការពារជនស៊ីវិល ទ្រព្យសម្បត្តិវប្បធម៌ជាតិ និងបេតិកភណ្ឌពិភពលោក ។
សម្តេចបន្តថា ឆ្លើយតបនឹងអំពើរំលោភបំពាននេះ កងកម្លាំងប្រដាប់អាវុធកម្ពុជាបានអនុវត្តសិទ្ធិស្វ័យការពារខ្លួនយ៉ាងរឹងមាំ ។ ក្នុងស្ថានការណ៍ដ៏ធ្ងន់ធ្ងរនេះ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់ជំហរអត់ធ្មត់ប្រកបដោយសុឆន្ទៈ និងភាពស្មោះត្រង់ ខិតខំដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធីតាមគ្រប់យន្តការ និងស្របតាមច្បាប់អន្តរជាតិ ពិសេស បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ដែលបានព្រមព្រៀងគ្នា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៥ ។ ប៉ុន្តែភាគីថៃបានពង្រីកសកម្មភាពវាយប្រហារកាន់តែធំឡើង ដោយមិនអនុវត្តនូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួនេះឡើយ ដែលធ្វើឱ្យសភាពការណ៍កាន់តែមានសភាពធ្ងន់ធ្ងរ និងមហន្តរាយឡើងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ។
ស្ថិតក្នុងស្ថានការណ៍នេះ សហគមន៍អន្តរជាតិដែលតែងតែផ្តល់តម្លៃខ្ពស់ចំពោះសន្តិភាព មនុស្សធម៌ នីតិរដ្ឋ និងវិបុលភាពនោះ បានជំរុញយ៉ាងសកម្មដល់ការខិតខំដោះស្រាយជម្លោះ និងការកំណត់ខណ្ឌសីមាព្រំដែន រវាងប្រទេសទាំងពីរតាមរយៈមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញ អាស៊ាន សន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ ព្រមទាំងសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែល មានស្រាប់រវាងកម្ពុជា និងថៃ រួមទាំងការជំរុញអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ។
សម្តេចតេជោក៏បានលើកឡើងថា ក្រោយការព្យាយាមចរចាប្រកបដោយភាពអត់ធ្មត់ កម្ពុជា និងថៃ បានឯកភាពអនុវត្តបទឈប់បាញ់ភ្លាមនៅនឹងកន្លែង ដែលបានចូលជាធរមានចាប់ពីម៉ោង ១២:០០ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ តទៅ ។ ការឯកភាពគ្នានេះ ដែលបានសម្រេចនៅក្នុងកិច្ចប្រជុំពិសេសលើកទី៣នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជា ណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ បានបញ្ជាក់នូវការតាំងចិត្តរួមគ្នាក្នុងការវិលត្រឡប់ទៅរកការសន្ទនាតាមរយៈ
និងផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងដែលបានធ្វើកន្លងមក ក៏ដូចជាយន្តការទ្វេភាគីដែលមានស្រាប់ សំដៅបញ្ឈប់ អរិភាពគ្រប់ទម្រង់ និងដើម្បីបង្កើតនូវសន្តិភាពមួយពិតប្រាកដ និងប្រកបដោយចីរភាព ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាង មុតមាំចំពោះការកសាងទំនុកចិត្ត និងការស្តារប្រក្រតីភាពឡើងវិញ និងសន្តិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន។
ជាមួយគ្នានោះដែរ សម្តេចតេជោក៏បានលើកឡើងថា កម្ពុជាសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការខិតខំដើម្បីសម្រេចនូវគោលដៅចម្បងរបស់ខ្លួន គឺការបញ្ចប់ទុក្ខវេទនារបស់ប្រជាជន ទប់ស្កាត់ការបំផ្លិចបំផ្លាញ និងបន្តដើរលើមាគ៌ាឆ្ពោះទៅរកសន្តិភាព ដំណោះស្រាយប្រកបដោយយុត្តិធម៌ និងចីរកាល, ទន្ទឹមនោះ កម្ពុជានឹងមិនធ្វើសម្បទាននូវអធិបតេយ្យ ឬ សេចក្តីថ្លៃថ្នូររបស់ខ្លួនឡើយ ។ ក្នុងស្មារតីនេះ កម្ពុជាអនុវត្តយ៉ាងខ្ជាប់ខ្ជួន និងពេញលេញនូវបទឈប់បាញ់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ ក៏ដូចសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៥ ដើម្បីនាំយកមកវិញនូវសន្តិភាពសម្រាប់ប្រទេសទាំងពីរ ក៏ដូចដើម្បីសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។
សម្តេចតេជោបន្ថែម កម្ពុជាសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះគ្រប់ប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិ ជាពិសេស សហរដ្ឋអាម៉េរិក សាធារណរដ្ឋប្រជាមានិតចិន និងបណ្តាប្រទេសអាស៊ានក្រោមការសម្របសម្រួលរបស់ ប្រទេសម៉ាឡេស៊ីក្នុងឋានៈជាប្រធានអាស៊ានដែលបានជួយជ្រោមជ្រែង និងចូលរួមសកម្មក្នុងការស្វែងរកដំណោះ ស្រាយសន្តិភាពនេះ តាំងពីការរៀបចំបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៥ រហូតមកដល់បច្ចុប្បន្ន។
សម្តេចសង្កត់ធ្ងន់ថា«នៅលើមាគ៌ាឆ្ពោះទៅមុខបន្តទៀត សូមជនរួមជាតិគ្រប់រូបបន្តលើកកម្ពស់ ស្មារតីស្នេហាជាតិ ប្រឹងឈរខ្លួនឯង ខិតខំខ្លួនឯង និងពង្រឹងភាពម្ចាស់ការខ្លួនឯង ដើម្បីធានាដល់ការការពារ និងកសាងប្រទេសជាតិយើង ។ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ផ្អែកលើកម្លាំងមហាសាមគ្គី និងស្មារតីស្នេហាជាតិដ៏ មោះមុត យើងពិតជាបន្តយកឈ្នះលើរាល់ឧបសគ្គបាន មិនថាឧបសគ្គធំប៉ុណ្ណាឡើយ។ យើងចងចាំប្រវត្តិសាស្ត្រនេះ ចងចាំឧក្រិដ្ឋកម្មបំផ្លាញមរតកវប្បធម៌ដែលជាដួងព្រលឹងរបស់ជាតិ ចងចាំការប្រមាថមើលងាយដែលអ្នក រំលោភបំពានបានប្រព្រឹត្តមកលើជាតិ មាតុភូមិ និងប្រជាជនយើង»។
សម្តេចបានបន្ថែមថា៖ ខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់នៅគ្រប់ទិសទីសូមបន្តរួបរួមសាមគ្គីគ្នាជាធ្លុងមួយក្រោម បាវចនាជាតិ សាសនា ព្រះមហាក្សត្រ និងរួមសាមគ្គីជុំវិញរាជរដ្ឋាភិបាល ប្រកបដោយជំនឿមុតមាំ ចំពោះបុព្វហេតុដ៏យុត្តិធម៌របស់យើង។ សាមគ្គីរស់ សាមគ្គីឈ្នះ ហើយគ្មានអានុភាពណាមកបំផ្លាញឆន្ទៈរបស់យើងបានឡើយ ៕
ចែករំលែកព័តមាននេះ