ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្តតាកែវ ចុះ​ពិនិត្យ​ទីតាំង​ជាក់ស្ដែង ត្រៀម​បើក​ការដ្ឋាន​សាងសង់ «​ប្រាសាទ​កណ្ដាល​បឹង​តាកែវ​»

1 ថ្ងៃ មុន

ខេត្តតាកែវ ​៖ សមិទ្ធផល​ថ្មីស្រឡាង​មួយទៀត កំពុង​ត្រៀម​លេច​រូបរាង​ឡើង​នៅ​ចំ​កណ្ដាល​បេះដូង នៃ​ក្រុង​ដូន​កែវ នៅ​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២៦ លោក វ៉ី…

ខេត្តតាកែវ ​៖ សមិទ្ធផល​ថ្មីស្រឡាង​មួយទៀត កំពុង​ត្រៀម​លេច​រូបរាង​ឡើង​នៅ​ចំ​កណ្ដាល​បេះដូង នៃ​ក្រុង​ដូន​កែវ នៅ​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២៦ លោក វ៉ី សំណាង អភិបាល នៃ​គណៈ​អភិបាល​ខេត្តតាកែវ អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ​ខេត្ត និង​មន្ត្រី​ជំនាញ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​ជាក់ស្ដែង សម្រាប់​ត្រៀម​បើក​ការដ្ឋាន​សាងសង់ «​ប្រាសាទ​កណ្ដាល​បឹង​តាកែវ​» ដែល​គ្រោង​នឹង​ប្រារព្ធ​ធ្វើ​ឡើងជា​ផ្លូវការ នៅ​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២៦ ខាង​មុខ​នេះ ​។

ក្នុង​ឱកាស​ចុះ​ពិនិត្យ​ទីតាំង​នេះ លោកអភិបាលខេត្ត ក៏​បាន​ផ្ដល់​ការ​ណែនាំ​ដល់​មន្ត្រី​បច្ចេកទេស និង​ក្រុមការងារ​សិក្សា​គម្រោង ត្រូវ​ធានា​ឱ្យ​បាន​នូវ​រាល់​បទដ្ឋាន​បច្ចេកទេស​សាងសង់ ជា​ពិសេស​ត្រូវ​ថែរក្សា​ឱ្យ​បាន​នូវ​ទម្រង់ «​រចនាបថ​ខ្មែរ​បុរាណ​» ដើម្បី​ឱ្យ​សំណង់​នេះ​មាន​តម្លៃ​សិល្បៈ​ស្ថាបត្យកម្ម​ខ្មែរ​ពិត​ៗ និង​រឹង​មាំ​យូរអង្វែង ​។

លោកអភិបាលខេត្ត បាន​បង្ហាញ​ នូវ​ក្ដី​សង្ឃឹម​យ៉ាង​មុតមាំ​ថា ប្រាសាទ​កណ្ដាល​បឹង​តាកែវ​នេះ នឹង​ក្លាយជា​សមិទ្ធផល​ប្រវត្តិសាស្ត្រ​ថ្មី​មួយ ក្នុង​ការ​ជួយ​លើក​សម្រស់​ក្រុង​ដូន​កែវ ឱ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ មិន​ត្រឹមតែ​ជា​កន្លែង​គោរព​សក្ការបូជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ឱ្យមក​លេង​កម្សាន្ត​កាន់តែ​ច្រើន ដែល​ជា​កម្លាំង​ជំរុញ​សេដ្ឋកិច្ច​មូលដ្ឋាន និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ ។

សូម​បញ្ជាក់​ថា គម្រោង​សាងសង់​ប្រាសាទ​កណ្ដាល​បឹង​តាកែវ​នេះ គឺជា​គំនិត​ផ្ដួចផ្ដើម​របស់​រដ្ឋបាល​ខេត្តតាកែវ ដោយ​ទទួល​បានការ​គាំទ្រ និង​ចូលរួម​បរិច្ចាគ​ថវិកា​ពី​សប្បុរសជន​នានា​ជិត​ឆ្ងាយ​។ សំណង់​នេះ​ត្រូវ​បាន​កសាង​ឡើង​ក្នុង​គោលបំណង​រំលឹក​ដល់​ប្រវត្តិសាស្ត្រ​ដ៏​រុងរឿង​នៃ​ទឹកដី​តាកែវ ក៏​ដូច​ជា ទុកជា​មរតក​វប្បធម៌​សម្រាប់​មហាជន​គោរព​សក្ការបូជា​តទៅ​អនាគត​ ។

លើស​ពី​នេះ គម្រោង​សាងសង់​ប្រាសាទ​កណ្ដាល​បឹង​តាកែវ​នេះ សាងសង់​អំពី​បេតុង​អា​មេ​យ៉ាង​រឹង​មាំ ដោយ​មានការ​បិទ និង​ក្រាល​លម្អ​ដោយ​ថ្មភក់ ប្រកបដោយ​ភាព​ផ្ចិតផ្ចង់ ប្រាសាទ​មាន​រាង​ចតុកោណ ដែល​មាន​បណ្តោយ ៦,៥៦ ម៉ែត្រ និង​ទទឹង ៦ ម៉ែត្រ ចំណែកឯ​កម្ពស់​សរុប​ឡើង​ដល់ ៩ ម៉ែត្រ​បំពាក់​ដោយ​ដំបូល​ជ្រុង​ក្រឡូម​តាម​លក្ខណៈ​បុរាណ និង​បញ្ចប់​ដោយ​កំពូល​ប្រាសាទ​មាន​រូបរាង​ជា «​ក្រពុំ​ឈូក​» ដែល​ជា​និមិត្តរូប​នៃ​ភាព​បរិសុទ្ធ និង​ភាព​រីក​ចម្រើន ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ