ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហជីព​នៅ​កម្ពុជា អំពាវនាវ​ឱ្យ​អតីត​ពលករ​មក​ពី​ថៃ​ ស្វែងរក​ឱកាស​ការងារ​ក្នុងស្រុក ខណៈ​ឆ្នាំ​២០២៥ កម្ពុជា​ទទួល​បាន​គម្រោង​វិនិយោគ​ចំនួន ៦៣០ និង​អាច​បង្កើត​ការងារ​ជាង ៤៣​ម៉ឺន​កន្លែង

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ ក្រុម​សហជីព​នៅ​កម្ពុជា បាន​អំពាវនាវ​ឱ្យ​បងប្អូន​អតីត​ពលករ​ត្រឡប់​មក​ពី​ថៃ ស្វែងរក​ឱកាស​ការងារ​ក្នុងស្រុក ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា ទទួល​បាន​គម្រោង​វិនិយោគ​ជាង ៦០០ និង​អាច​បង្កើត​ការងារ​ជាង ៤៣​ម៉ឺន​កន្លែង…

រាជធានីភ្នំពេញ​ ៖ ក្រុម​សហជីព​នៅ​កម្ពុជា បាន​អំពាវនាវ​ឱ្យ​បងប្អូន​អតីត​ពលករ​ត្រឡប់​មក​ពី​ថៃ ស្វែងរក​ឱកាស​ការងារ​ក្នុងស្រុក ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា ទទួល​បាន​គម្រោង​វិនិយោគ​ជាង ៦០០ និង​អាច​បង្កើត​ការងារ​ជាង ៤៣​ម៉ឺន​កន្លែង កាលពី​ឆ្នាំ ២០២៥​កន្លង​ទៅ​នេះ ​។

គិត​ត្រឹម​ដើម​ខែមករា ឆ្នាំ​២០២៦​នេះ ឱកាស​ការងារ ​ដែល​នៅ​សល់​មាន​ប្រមាណ ៨​ម៉ឺន​កន្លែង កំពុង​រង់ចាំ​បងប្អូន​អតីត​ពលករ​ត្រឡប់​មក​ពី​ថៃ និង​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ​ ។ បន្ថែម​លើ​នេះ បើ​តាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានឱ្យ​ដឹង​ថា ពេញ​មួយ​ឆ្នាំ ២០២៥​ កន្លង​ទៅ​នេះ ប្រទេស​កម្ពុជា ទទួល​បាន​គម្រោង​វិនិយោគ​ចំនួន ៦៣០ ក្នុង​ទុន​វិនិយោគ​ប្រមាណ ១០​ប៊ី​លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​ជាង ៤៣​ម៉ឺន​កន្លែង ​។

លោក សំ សឿ​ន ប្រធាន​សហភាព​ពលកម្ម​ជាតិ​កម្ពុជា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៦ ខែមករា​នេះ​ថា ការ​ដែល​ប្រទេស​កម្ពុជា ទទួល​បាន​គម្រោង​វិនិយោគ​ចំនួន ៦៣០ និង​អាច​បង្កើត​ការងារ​ជាង ៤៣​ម៉ឺន​កន្លែង​នោះ គឺជា​ចំណុច​វិជ្ជមាន​ដ៏​ល្អ​មួយ ​សម្រាប់​ប្រជាពលរដ្ឋ ជា​ពិសេស​អតីត​ពលករ​ត្រឡប់​មក​ពី​ថៃ ដោយ​ពួក​គាត់​មិន​ចាំបាច់​បារម្ភ​ថា ខ្វះ​ការងារ​ធ្វើ​ក្នុងស្រុក​នោះ​ឡើយ ​។

លោក​បន្ត​ថា ការ​ទទួល​បាន​គម្រោង​វិនិយោគ​ថ្មី​ៗ​ជា​ច្រើន ហើយ​ដែល​អាច​បង្កើត​ការងារ​រាប់​សែន​កន្លែង​នេះ គឺ​កើត​ចេញពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ហើយ​ក៏​បាន​បង្ហាញ​អំពី​ទំនុកចិត្ត​របស់​អ្នក​វិនិយោគ​មក​លើ​ប្រទេស​កម្ពុជា​ដែរ ​។ មេ​សហជីព​រូប​នេះ បាន​លើក​ឡើង​ដែរ​ថា នា​ដើម​ខែមករា ឆ្នាំ ២០២៦​នេះ មានឱកាស​ការងារ​នៅ​សល់​ប្រមាណ ៨​ម៉ឺន​កន្លែង ហើយ​ឱកាស​ការងារ​នឹង​កើនឡើង​បន្ថែម​ទៀត បន្ទាប់​ពី​គម្រោង​វិនិយោគ​ខាងលើ​នេះ ចាប់ផ្ដើម​ដំណើរការ​ជា​បន្តបន្ទាប់​។ ដូច្នេះ បងប្អូន​អតីត​ពលករ​ត្រឡប់​មក​ពី​ថៃ គួរតែ​ស្វែងរក​ឱកាស​ការងារ​ក្នុងស្រុក ដែល​ទទួល​បាន​ប្រាក់​ឈ្នួល​សមរម្យ និង​មាន​អត្ថប្រយោជន៍​ជា​ច្រើន ​។

លោក សំ សឿ​ន មាន​ប្រសាសន៍​បែប​នេះ​ថា៖ «​ដូចនេះ សូម​បងប្អូន​អតីត​ពលករ សូម​ងាក​មក​រក​ឱកាស​ការងារ​ដ៏​ច្រើន​ស​ន្ទឹ​កស​ន្ទា​ប់ ​ប្រមាណ​ជា​ជាង​កន្លះ​លាន​នាក់ ដែល​ត្រៀម​រង់ចាំ​បងប្អូន​រួច​ជា​ស្រេច ចឹ​ង​បងប្អូន​ទទួល​បាន​ឱកាស​ការងារ ទទួល​បាន​ប្រាក់​ឈ្នួល និង​ទទួល​បាន​នូវ​លក្ខខណ្ឌ​ការងារ​កាន់តែ​ល្អ​ប្រសើរ និង​ធ្វើ​ឱ្យ​ជីវភាព​រស់នៅ​របស់​បងប្អូន កាន់តែ​មាន​ភាព​រីក​ចម្រើន​ទៅ​មុខជា​លំដាប់​»​ ។

ចំណែក​លោក អ៊ុ​ន ដា​រ៉ា ប្រធាន​សហភាព​សហជីព​កម្ពុជា​ពន្លឺ​កម្មករ លើក​ឡើង​ដែរ​ថា ការ​ទទួល​បាន​គម្រោង​វិនិយោគ​ជាង ៦០០ ដែល​អាច​បង្កើត​ការងារ​ជាង ៤៣​ម៉ឺន​កន្លែង​នោះ គឺជា​សញ្ញាណ​វិជ្ជមាន​ដ៏​ល្អ​មួយ​សម្រាប់​សេដ្ឋកិច្ចជាតិ និង​ទីផ្សារ​ការងារ​នៅ​កម្ពុជា ព្រមទាំង​បង្ហាញ​ពី​ទំនុកចិត្ត​របស់​អ្នក​វិនិយោគ​មក​លើ​ប្រទេស​កម្ពុជា ផង​ដែរ​ ។

លោក​បាន​បន្ថែម​ថា៖ «​ការ​បង្កើត​ការងារ​ជាង ៤៣​ម៉ឺន​កន្លែង វា​គឺជា​ឱកាស​ដ៏​ល្អ ហើយ​មាន​តម្លៃ​ណាស់​សម្រាប់​ពលរដ្ឋ ជា​ពិសេស​យុវជន​យើង ហើយ​សំខាន់​ទៀត​នោះ​គឺ​អតីត​ពលករ​ដែល​បាន​ត្រឡប់​មក​ពី​ប្រទេស​ថៃ ឱ្យ​មានការ​ងារ​ធ្វើ​នៅ​ក្នុងស្រុក មាន​ប្រាក់​ចំណូល​ស្ថេ​រ​ភាព​»​ ។

ជាមួយ​គ្នា​នេះ លោក អ៊ុ​ន ដា​រ៉ា ក៏​បាន​អំពាវនាវ និង​លើកទឹកចិត្ត​ដល់​អតីត​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ ស្វែងរក​ឱកាស​ការងារ​នៅ​ក្នុងស្រុក​ ដែល​បច្ចុប្បន្ន​នៅ​សល់​ប្រមាណ ៨​ម៉ឺន​កន្លែង ហើយនឹង​មាន​ជា​បន្តបន្ទាប់​ទៀត ក្រោយ​គម្រោង​វិនិយោគ​ខាងលើ​នេះ​ដំណើរការ ​។ លោក​ថា បងប្អូន​អតីត​ពលករ​អាច​ស្វែងរក​ឱកាស​ការងារ​ទាំងនោះ​តាម​រយៈ​មណ្ឌល​ការងារ និង​សេវា​ផ្គត់ផ្គង់​ការងារ​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ឬ​ក៏​អាច​ទាក់ទង​តំណាង​សហជីព និង​អ្នក​ពាក់ព័ន្ធ​ក្នុង​វិស័យ​ការងារ​ ។

ទាំង​លោក សំ សឿ​ន និង​លោក អ៊ុ​ន ដា​រ៉ា បាន​លើក​ឡើង​ថា បងប្អូន​អតីត​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ ដែល​ទទួល​បានការ​ងារ​ធ្វើ​ក្នុងស្រុក បាន​បង្ហាញ​អារម្មណ៍​រីករាយ និង​អរគុណ​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ក្រសួង​ការងារ ដែល​បាន​យកចិត្តទុកដាក់​ក្នុង​ការ​ស្វែងរក​ឱកាស​ការងារ​ជូន​ពួក​គាត់ ដោយ​ទទួល​បាន​ប្រាក់​ឈ្នួល​សមរម្យ និង​អត្ថប្រយោជន៍​ជា​ច្រើន​ ៕ អត្ថបទសហការ