រាជធានីភ្នំពេញ ៖ រសៀលថ្ងៃទី៦ ខែ មករា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍ ដែលមានមន្ត្រីសុខាភិបាល គ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល ចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) សរុបចំនួន ៣២១២រូប ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការខិតខំកន្លងមករបស់មន្ត្រី និងបុគ្គលិកសុខាភិបាល និងបានជំរុញឱ្យទាំងអស់គ្នា បន្តបំពេញការងារដោយផ្តោតលើការកាត់បន្ថយភាពមិនប្រក្រតី នៅក្នុងការបម្រើសេវា ឱ្យនៅសល់តិចតួចបំផុត ។
ឯកឧត្តមសាស្ត្រារ្យរដ្ឋមន្ត្រី បានណែនាំពីយន្តការ នៃការបម្រើសេវាថែទាំ ដែលមានលក្ខណៈទំនាក់ទំនងគ្នា (រួមទាំងការបញ្ជូនអ្នកជំងឺ) ចាប់តាំងពីមណ្ឌលសុខភាព ទៅមន្ទីរពេទ្យបង្អែកកំរិត១ និងកំរិត២ រហូតដល់មន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យជាតិ តាមរយៈការតាមដានជំងឺឱ្យបានជាប់លាប់រហូតដល់អ្នកជំងឺបានទទួលការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលា ។
ឯកឧត្តមសាស្ត្រាចារ្យ បានធ្វើបទបឋកថា លើប្រធានបទ ការរៀបចំរបាយការណ៍បង្ហាញពីសមិទ្ធិផលរបស់អង្គភាពមួយ ដែលរបាយការណ៍នោះត្រូវរំលេចចំណុចមួយចំនួន រួមមាន ៖
១)ទិដ្ឋភាពទូទៅនៃការផ្លាស់ប្តូរ ដោយបង្ហាញពីតថភាព នៃសមិទ្ធិផល និង បង្ហាញនូវភស្តុតាងនៃសមិទ្ធិផល ជាទិន្នន័យ នៃការប្រើប្រាស់សេវា តម្លៃសេវា សូចនាករគុណភាព និងការប្រៀបធៀបជាមួយនឹងអង្គភាព និងស្ថាប័នផ្សេងៗ
២)លក្ខណៈអំណោយផល ដែលធ្វើឱ្យទទួលសមិទ្ធិផល
៣)បញ្ហាប្រឈមដែលរារាំង និងជួបប្រទះនិង
៤)ការងារសំខាន់ៗ ដែលធ្វើឱ្យមានការប្រែប្រួលជាវិជ្ជមាន។ល។
ក្រុមការងារនៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិអង្គរជុំ នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប បានធ្វើបទបង្ហាញពីការប្រើប្រាស់ PDIA សម្រាប់ទាក់ទាញឱ្យប្រជាជន មកប្រើប្រាស់សេវាឱ្យបានច្រើន ដោយជ្រើសរើសយកការកែលម្អ គារវកិច្ច និងបដិសណ្ឋារកិច្ច នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យ ។
ក្រោយពីបទបង្ហាញ ក៏មានការពិភាក្សា និងចែករំលែកបទពិសោធន៍លើប្រធានបទទាក់ទងនឹងការធ្វើអភិបាលកិច្ច របស់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ការធ្វើនិយតកម្មសេវាឯកជន ការពង្រើកសេវាបន្ថែមនៅតាមមណ្ឌលសុខភាព។
ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ បានមានមតិបន្ថែម ក្នុងគោលបំណងជំរុញឱ្យអង្គភាពបម្រើសេវាសុខាភិបាលទាំងអស់ ឈានឱ្យលើសពីការបម្រើសេវា គារវកិច្ច និងបដិសណ្ឋារកិច្ចល្អ ឆ្ពោះទៅបង្កើតឱ្យបាននូវការបម្រើសេវាដោយក្តីករុណា (compassion) ដែលការបម្រើសេវាបែបនេះ កើតចេញពីសេចក្តីមេត្តា (empathy) របស់បុគ្គលិកសុខាភិបាល ដែលជាការទទួល សាកសួរ ស្តាប់ ពិនិត្យអ្នកជំងឺ ដើម្បីស្វែងរកប្រភពនៃការឈឺចាប់ រួមផ្សំជាមួយនឹងសកម្មភាពព្យាបាលបែបវេជ្ជសាស្ត្រ ដែលប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់ ៕


ចែករំលែកព័តមាននេះ