ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណ្ឌ​រដ្ឋបាល​ជលផល​ស្ទឹង​ត្រែង រឹត​បន្តឹង​វិធានការ​បង្ក្រាប​បទល្មើស​នេសាទ ឃាត់ខ្លួន​ជនសង្ស័យ៨​នាក់ បញ្ជូន​ទៅ​តុលាការ ក្នុង​ឆ្នាំ​២០២៥

1 ថ្ងៃ មុន

ខេត្តស្ទឹងត្រែង ៖ ខណ្ឌ​រដ្ឋបាល​ជលផល នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តស្ទឹងត្រែង បាន​បង្ហាញ​លទ្ធផល​ក្នុង​ការ​អនុវត្ត​ច្បាប់​ជលផល ដោយ​បាន​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ជា​ច្រើន​ករណី និង​ឃាត់ខ្លួន​ជនសង្ស័យ ៨​នាក់…

ខេត្តស្ទឹងត្រែង ៖ ខណ្ឌ​រដ្ឋបាល​ជលផល នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តស្ទឹងត្រែង បាន​បង្ហាញ​លទ្ធផល​ក្នុង​ការ​អនុវត្ត​ច្បាប់​ជលផល ដោយ​បាន​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ជា​ច្រើន​ករណី និង​ឃាត់ខ្លួន​ជនសង្ស័យ ៨​នាក់ បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី នៅ​ក្នុង​រយៈពេល​មួយ​ឆ្នាំ គិត​ត្រឹម​ឆ្នាំ​២០២៥ ។

យោង​តាម​របាយការណ៍​របស់​លោក ស្រី សំ​វិចិត្រ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ស្ទឹង​ត្រែង កាលពី​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២៦ បានឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០២៥ កន្លង​ទៅ​នេះ កម្លាំង​ជំនាញ​បាន​សហការ​ជាមួយ​ប្រជា​សហគមន៍​នេសាទ ឆ្នាំ​ទន្លេ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល និង​មន្ត្រី​ពាក់ព័ន្ធ ចុះ​ប្រតិបត្តិការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ​ជា​ច្រើន​លើក​។

ជនសង្ស័យ​ចំនួន ៨​នាក់ ត្រូវ​បាន​ឃាត់ខ្លួន និង​បញ្ជូន​ទៅ​តុលាការខេត្ត និង​បាន​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្តស្ទឹងត្រែង​។ ឧបករណ៍​នេសាទ​ខុសច្បាប់ និង​ហាមឃាត់​ជា​ច្រើន​ប្រភេទ​ត្រូវ​បាន​ដកហូត រួម​មាន ៖ មង ប្រវែង​សរុប ៣៣,៤៩០ ម៉ែត្រ​។ សន្ទូចរនង ចំនួន ១២,២៧៧ ផ្លែ (​ដកហូត​ពី​តំបន់​អភិរក្ស​សត្វ​ផ្សោត និង​តំបន់ហាមឃាត់​)​។ ទូក ចំនួន ២៩ គ្រឿង និង​ម៉ាស៊ីន ចំនួន ២៩ គ្រឿង​។ ឧបករណ៍​ឆក់ អា​គុយ ១៦ គ្រឿង​, ក្បាល​ឆក់ ១៥ គ្រឿង​, និង​ដង​ឆក់ ០១ គ្រឿង​។​ឧបករណ៍​ផ្សេង​ៗ ដាយ​បិទ​អូរ ១០ មាត់​, របាំង​ស្បៃ​មុង ២៤០ ម៉ែត្រ​, លូ​ស្បៃ​មុង ៨ មាត់​, សាច់​អួន​២២៩​ម៉ែត្រ​, កាំភ្លើង​កែ​ច្នៃ ០១ ដើម ជាដើម​។ ការ​អប់រំ និង​ណែនាំ ប្រជា​នេសាទ​ចំនួន ៦៩ នាក់ ត្រូវ​បាន​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​នេសាទ​ខុសច្បាប់ ហើយ​ប្រជាពលរដ្ឋ​សរុប ២៥៧ នាក់ ត្រូវ​បាន​ផ្សព្វផ្សាយ​-​អប់រំ ណែនាំ អំពី​ច្បាប់​ជលផល ។

ជាមួយ​គ្នា​នេះ​មន្ត្រី​រដ្ឋបាល​ជលផល​ខេត្ត​រួម​ជាមួយ​ឆ្មាំ​ទន្លេ សហគមន៍​នេសាទ បាន​លែង​ត្រី​មេ​ពូជ និង​ត្រី​កំពុង​រងគ្រោះថ្នាក់ ប្រមាណ ៥០ គីឡូក្រាម ចូល​ទៅ​ក្នុង​ទន្លេ​វិញ​។

សកម្មភាព​ចុះ​បង្ក្រាប និង​ដកហូត​ឧបករណ៍​នេសាទ​ល្មើសច្បាប់​នេះ បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​អាជ្ញាធរ​ខេត្តស្ទឹងត្រែង ក្នុង​ការ​ការពារ​ធនធាន​ជលផល និង​ជីវៈចម្រុះ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ពិសេស​នៅ​ក្នុង​តំបន់​ការពារ និង​តំបន់​អភិរក្ស​សំខាន់​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ