ខេត្តបាត់ដំបង ៖ ត្រឹមតែរយៈពេល០៥ថ្ងៃ ដើមខែមករានេះ អគ្គិភ័យបានលេបត្របាក់យកលំនៅឋានប្រជាពលរដ្ឋអស់ចំនួន០២ខ្នងជាបន្តបន្ទាប់ ។ នេះបើយោងតាមរបាយការណ៍របស់មន្ត្រីជំនាញដែលបានរាយការណ៍ពីតាមបណ្ដាស្រុកនានា ដែលនាំឲ្យមានការខាត់បង់ទ្រព្យសម្បត្តិស្ទើរទាំងស្រុង តែពុំមានបង្កគ្រោះថ្នាក់ដល់មនុស្សទេ ។
យោងតាមរបាយការណ៍ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះបានឲ្យដឹងថា គិតត្រិមថ្ងៃទី០៥ ដើមខែមករានេះ អគ្គិភ័យបានកើតឡើងចំនួន០២លើកផ្ទូនៗដែលនាំឲ្យឆេះលំនៅឋានរបស់ប្រជាពលរដ្ឋអស់ចំនួន០២ខ្នង ខូចខាតទ្រព្យសម្បត្តិអស់ស្ទើរទាំងស្រុង តែពុំមានគ្រោះថ្នាក់ដល់មនុស្សទេ ។
របាយការណ៍ដដែលបានឲ្យដឹងថា ករណីទី១ បានកើតឡើងនៅព្រឹកថ្ងៃទី០៤ មករា អគ្គិភ័យបានឆេះផ្ទះប្រជាពលរដ្ឋនៅភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ដែលមានម្ចាស់ឈ្មោះ វី នឿម ប្រុសអាយុ៧៤ឆ្នាំ ។ លំនៅឋានដែលរងការខូចខាត គឺធ្វើពីឈើប្រក់ស័ង្កសី មានទំហំ៦ម៉x៧ម៉។
បើតាមម្ចាស់ផ្ទះដែលបាននិយាយប្រាប់សមត្ថកិច្ចអគ្គិភ័យនេះ បណ្ដាលមកពីការទុស្សេខ្សែចរន្តអគ្គិសនី ។ បើនិយាយពីការខូចខាតវិញ មន្ត្រីជំនាញបានស្រង់សម្ដីម្ចាស់ផ្ទះថា ក្រៅតែពីខូចខាតអស់ផ្ទះ០១ខ្នង ទ្រព្យសម្បត្តិស្ទើរទាំងស្រុង នៅក្នុងផ្ទះក៏ត្រូវអគ្គិភ័យលេបយកទាំងអស់ដែរ ។ ជនរងគ្រោះបានបញ្ជាក់ប្រាប់សមត្ថកិច្ចថា ភ្លើងបានឆេះកូនជ្រូកសន្សំប្រាក់ ដែលគាត់សន្សំបានប្រមាណ០៥លានរៀល ។
ប៉ុន្តែជនរងគ្រោះមិនបានលម្អិតពីទឹកប្រាក់ដែលត្រូវខាតបង់សរុបនោះទេ គាត់គ្រាន់តែប្រាប់សមត្ថកិច្ចថា ក្រៅពីផ្ទះ និងប្រាក់សន្សំក្នុងកូនជ្រូកដីចំនួន០៥លានរៀល អគ្គិភ័យបានលេបយកគ្រែចំនួន០៦ និងភួយ បុង កន្ទេល ចាន ឆ្នាំង អស់ទាំងស្រុងតែម្ដង តែពុំមានគ្រោះថ្នាក់មនុស្សទេ។ ចំពោះរថយន្តពន្លត់អគ្គិភ័យរបស់សមត្ថកិច្ចវិញ បើតាមសមត្ថកិច្ចបានប្រាប់ថា មន្ត្រីជំនាញ បានចេញរថយន្តពន្លត់អគ្គិភ័យ០១គ្រឿង ដើម្បីជួយអន្តរាគមន៍ តែបានត្រឹមបាញ់ទប់ស្កាត់ បង្ការ កុំឲ្យមានការឆេះរាលដាលប៉ុណ្ណោះ ព្រោះភ្លើងបានឆេះលឿនពេល ដែលយើងមិនអាចជួយសង្គ្រោះលំនៅឋាននោះបានឡើយ ។
ដោយឡែកករណីទី២ បើតាមរបាយការណ៍ដដែលបានឲ្យដឹងថា អគ្គិភ័យបានកើតឡើងនៅរសៀលថ្ងៃទី០៥ មករា នៅភូមិរទៀង ឃុំកំពង់ល្ពៅ ស្រុកសំឡូត ។ អគ្គិភ័យនេះបានឆេះលំនៅឋានរបស់ប្រជាកសិករម្នាក់ឈ្មោះ ម៉ម ហាន ភេទប្រុស អាយុ៦១ឆ្នាំ និងមានភរិយាជាជនពិការផង។ លំនៅឋានរបស់គាត់ធ្វើអំពីឈើប្រក់ស័ង្កសី ដែលមានទំហំ ៥ម៉x៦ម៉ ។
បើតាមមន្ត្រីមូលដ្ឋានបានប្រាប់ថា ជនរងគ្រោះបានបាត់បង់ទ្រព្យសម្បតិ្តទាំងស្រុងតែម្ដង ដោយ
ពុំអាចជួយរំដោះអ្វីបានបន្តិចឡើយ ។
ប្រភពដដែលបានរាយការណ៍ថា ក្រៅពីខូចខាតផ្ទះ០១ខ្នង គ្រួសារកសិករដ៏កំសត់មួយនេះ បានបាត់បង់«ឯកសារគ្រួសារ» លុយកាក់ គ្រឿងអល័ង្ការបន្តិចបន្តួច គ្រែចំនួន០៣ និងសម្ភារប្រើប្រាស់ រួមទាំងទ្រុងចិញ្ចិមមាន់ និងទូភ្ញាស់ពងមាន់ផង ។ ពោល គឺអគ្គិភ័យបានលេបយកទ្រព្យសម្បត្តិគាត់អស់ទាំងស្រុងតែម្ដង ។
ក្នុងគ្រោះអគ្គិភ័យនេះ បើតាមរបាយការណ៍មន្ត្រីជំនាញមិនបានបញ្ជាក់លម្អិតពីទំហំទឹកប្រាក់ នៃការខូចខាតនោះទេ គ្រាន់តែបញ្ជាក់ថា ជនរងគ្រោះបានបាត់បង់លំនៅឋាន០១ខ្នង រួមទាំងទ្រព្យសម្បត្តិអស់ទាំងស្រុង ។ មូលហេតុ ដែលនាំឲ្យមានអគ្គិភ័យកើតឡើង បើសមត្ថកិច្ចដែលបានស្រង់សម្ដីជនរងគ្រោះបាននិយាយថា «ភ្លើងចង្កៀងប្រេងកាត ជាដើមចមនាំឲ្យមានអគ្គិភ័យដ៏មហន្តរាយនេះកើតឡើង» ។
ជនរងគ្រោះបានបញ្ជាក់ប្រាប់សមត្ថកិច្ចថា ភ្លើងចង្កៀងដែលដុតកម្ដៅក្នុងទូភ្ញាស់ពងមាន់ បានដួលរលំ ហើយក៏ឆាបឆេះរាលដាលពេញកន្លែងភ្ញាស់ រហូតលេបយកទាំងផ្ទះអស់គ្មានសល់តែ
ម្ដង។ ស្ថិតក្នុងសណ្ឋានភាពប្រថុចញ៉ុចបែបនេះ សមត្ថកិច្ចបានប្រាប់ថា រថយន្តពន្លត់អគ្គិភ័យរបស់សមត្ថកិច្ច មិនអាចចេញអន្តរាគន៍ទាន់ពេលវេលាទេ ពីព្រោះសមត្ថកិច្ចទទួលដំណឹងនេះ
យឺតពេក ។
យ៉ាងណាក្ដី នេះគឺជាគ្រោះមហន្តរាយដែលគួរឲ្យកត់សម្គាល់ផងដែរ គ្រាន់តែត្រឹមរយៈ០៥ថ្ងៃ ដើមខែមករា ឆ្នាំ២០២៥ អគ្គិភ័យបានស្វាគមន៍ចំនួន០២លើកផ្ទួនៗធ្វើឲ្យប្រជាកសិករចំនួន០២គ្រួសារ បានបាត់បង់លំនៅឋាន និងទ្រព្យសម្បត្តិអស់គ្មានសល់។ ដូច្នេះ ប្រជាពលរដ្ឋ គួរតែមានការប្រុងប្រយ័ត្នចំពោះអគ្គិភ័យដែលអាចកើតឡើងដោយយថាហេតុ ព្រោះនេះជារដូវប្រាំងក្ដៅហូតហែង៕
ចែករំលែកព័តមាននេះ