ខេត្តសៀមរាប ៖ សិស្សានុសិស្សដែលជាប្រជាជនភៀសសឹក មកស្នាក់នៅវត្តពោធិ៍២ដើម ពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ ត្រូវបានលោកគ្រូ អ្នកគ្រូបង្រៀបបន្ត នៅមណ្ឌលសុវត្ថិភាព ។ នេះបើយោងតាមរដ្ឋបាលខេត្តសៀមរាប បានប្រកាសនាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ ។

រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា ការសិក្សាដែលមិនអាចបោះបង់បាន ដោយពិនិត្យឃើញស្ថានភាពសិស្សានុសិស្សច្រើន ក្នុងតំបន់សុវត្ថិភាពវត្តប្រាសាទគោកចក នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ លោកគ្រូ អ្នកគ្រូ ដែលបានភៀសសឹកបានរៀបចំបង្រៀនដល់សិស្សានុសិស្ស ដែលបានកំពុងភៀសសឹក មកស្នាក់នៅទីតាំងសុវត្ថិភាព នៅវត្តពោធិ៍២ដើម ដោយបែងចែកសិស្សានុសិស្ស និងការបង្រៀនទៅតាមថ្នាក់ដូចខាងក្រោម ៖

១-ថ្នាក់ទី១ មានសិស្សចំនួន ៣២នាក់
២-ថ្នាក់ទី២ មានសិស្សចំនួន ១០នាក់
៣-ថ្នាក់ទី៣ មានសិស្សចំនួន ១៦នាក់
៤-ថ្នាក់ទី៤ មានសិស្សចំនួន ៨នាក់
៥-ថ្នាក់ទី៥ មានសិស្សចំនួន ១៤នាក់
៦-ថ្នាក់ទី៦ មានសិស្សចំនួន ១០នាក់
ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តសៀមរាប ក៏បានផ្តល់ជូននូវសម្ភារៈសិក្សា រួមមាន សៀវភៅសរសេរ ៥០ក្បាល បិចខៀវ ៣៤០ដើម បិចក្រហម ១៧០ដើម បន្ទាត់ ១៧០ដើម ខ្មៅដៃ ៣៤០ដើម ខ្មៅដៃពណ៌ ១៧០ដើម ជ័រលុប១៧០ ដែកខួង១៧០ កាបូប១៧០ ក្តាខៀនធំ៣ផងដែរ ។

រដ្ឋបាលខេត្តសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកគ្រូ អ្នកគ្រូ ដែលបានឆ្លៀតឱកាសបង្រៀនដល់សិស្សានុសិស្សបានរៀនបន្ត ទោះបីមិនបានសិក្សានៅក្នុងថ្នាក់ក៏ដោយ ក៏ពួកគាត់នៅតែបន្តសិក្សាបានដោយមិនបោះបង់ការសិក្សា ៕
ចែករំលែកព័តមាននេះ