ខេត្តបន្ទាយមានជ័យ ៖ ក្រសួងការពារជាតិ បានប្រកាសនាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះថា ៖ ស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃ នៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ៖

ក្រសួងការពារជាតិបានបញ្ជាក់ថា នៅម៉ោង៨:០១នាទី យោធាថៃបានបាញ់ផ្លោងចំនួន២គ្រាប់ ក្នុងភូមិសាស្ត្រប៉ោយប៉ែត១គ្រាប់ធ្លាក់នៅសង្កាត់អូរឬស្សី និង១គ្រាប់ទៀត ធ្លាក់នៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សកម្មភាពខាងលើ ជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ។
កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ ។
សូមបងប្អូនប្រជាពលរដ្ឋតាមដាននិងទទួលព័ត៌មានពីប្រភពផ្លូវការ ព្រមទាំងចូលរួមសហការណ៍ និងគោរពទៅតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានទាំងអស់គ្នា ៕
ចែករំលែកព័តមាននេះ