ខេត្តមណ្ឌលគិរី ៖ ក្រោមស្មារតីយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពប្រជាពលរដ្ឋ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ កាលពីវេលាម៉ោង ២៣:៣០ នាទីយប់ ឈានចូលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ក្រុមគ្រូពេទ្យសង្គ្រោះបឋមនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តមណ្ឌលគិរី បានអន្តរាគមន៍ជួយសង្គ្រោះ និងបញ្ជូនស្ត្រីមានផ្ទៃពោះម្នាក់ដែលឈឺពោះសម្រាលកូន ទៅកាន់មន្ទីរពេទ្យដោយជោគជ័យ។
លោក ប៊ុន សួរ ប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរីបានឱ្យដឹងថា ស្ត្រីរូបនោះគឺជាជនភៀសសឹកដែលកំពុងស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន ក្នុងបរិវេណវត្តត្រាវគៀត ខេត្តព្រះវិហារ ។ នៅពាក់កណ្តាលអាធ្រាត្រ ខណៈដែលស្ត្រីរូបនោះចាប់ផ្តើមឈឺពោះសម្រាលកូនខ្លាំង ក្រុមគ្រូពេទ្យប្រចាំការនៅក្នុងជំរុំ បានធ្វើការពិនិត្យ និងសម្រេចបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែក «១៦ មករា» ជាបន្ទាន់ ដើម្បីធានាបាននូវសុវត្ថិភាពទាំងម្ដាយ និងទារក។
លោកប្រធាន បញ្ជាក់ថា តាមរយៈការប្រើប្រាស់រថយន្តសង្គ្រោះបន្ទាន់ និងមានការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញ ស្ត្រីរូបនោះបានទៅដល់មន្ទីរពេទ្យប្រកបដោយសុវត្ថិភាព និងស្ថិតក្រោមការមើលថែទាំយ៉ាងដិតដល់ពីសំណាក់គ្រូពេទ្យ។
សកម្មភាពនេះ បានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋបាលខេត្តមណ្ឌលគិរី និងមន្ទីរសុខាភិបាល ក្នុងការផ្តល់សេវាសុខាភិបាលជូនដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសជនងាយរងគ្រោះដែលកំពុងស្នាក់នៅក្នុងជំរុំភៀសសឹក ឱ្យទទួលបាននូវការការពារ និងព្យាបាលបានទាន់ពេលវេលា ទោះបីជាស្ថិតក្នុងស្ថានភាពលំបាក ឬនៅពេលយប់ព្រលប់យ៉ាងណាក៏ដោយ៕




ចែករំលែកព័តមាននេះ