រាជធានីភ្នំពេញ ៖ បុរសម្នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយជិះម៉ូតូបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវ បណ្តាលឱ្យដួលផ្កាប់មុខស្លាប់ ហើយត្រូវជនឆ្លៀតឱកាសលួចយកទូរស័ព្ទថែមទៀត ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ នៅលើកំណាត់មហាវិថីឈ្នះឈ្នះ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
បុរសរងគ្រោះដែលបាត់បង់ជីវិត មិនស្គាល់អត្តសញ្ញាណនោះទេ ជិះម៉ូតូមួយគ្រឿងម៉ាក Honda Click ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1HH-5310 ។
តាមប្រភពព័ត៌មានពីអ្នករត់កង់បីឥណ្ឌាម្នាក់បានឲ្យដឹងថា គាត់បានបើកបរឆ្លងកាត់ទីតាំងកើតហេតុ ស្រាប់តែឃើញបុរសរងគ្រោះកំពុងដេកផ្កាប់មុខក្នុងសភាពមិនមានដង្ហើម ភ្លាមៗនោះគាត់ក៏ប្រញាប់រាយការណ៍ដំណឹងនេះទៅកាន់សមត្ថកិច្ចមូលដ្ឋាន ។
អ្នកឃើញហេតុការណ៍បានបន្តទៀតថា មុនកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងធ្វើដំណើរតាមវិថីឈ្នះឈ្នះ ទិសដៅពីជើងទៅត្បូង ។ លុះមកដល់ចំណុចកើតហេតុ ហួសផ្លូវរត់ភ្លើងបន្តិច ជនរងគ្រោះក៏បានរេចង្កូតម៉ូតូ ទៅបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវ បណ្តាលឲ្យផ្លោងមនុស្សរំលងសួនច្បារពុះចែកទ្រូងផ្លូវផ្កាប់មុខស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ ចំណែកម៉ូតូបានដួលនៅម្ខាងនៃផ្លូវ ព្រមទាំងរងការខូចខាតមួយចំនួន ។
ពលរដ្ឋឃើញហេតុការណ៍បានបន្តទៀតថា បន្ទាប់ពីគ្រោះថ្នាក់រួច គេឃើញមានជនឆ្លៀតឱកាសម្នាក់ព្យាយាមរើសយកទូរស័ព្ទរបស់សពជនរងគ្រោះ ហើយឆ្លើយប្រាប់ថា នឹងទៅប៉ុស្តិ៍ប៉ូលីសដើម្បីរាយការណ៍ដំណឹង ។ លុះសមត្ថកិច្ចមកដល់ថាមិនមានអ្នកទៅដាក់ពាក្យបណ្តឹងនោះទេ ចំណែកទូរស័ព្ទត្រូវជនម្នាក់នោះលួចយកទៅបាត់ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងយកម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំសាច់ញាតិជនរងគ្រោះមកទទួល ។ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕




ចែករំលែកព័តមាននេះ