សង្គ្រាមអ៊ុយក្រែន ៖ អ៊ុយក្រែន កាលពីថ្ងៃទី២២ ធ្នូ បានធ្វើការវាយប្រហារជាច្រើនប្រឆាំងបណ្ដាគោលដៅរុស្ស៊ី ។ ការវាយប្រហាររបស់អ៊ុយក្រែនសំដៅជាពិសេស ទីតាំងប្រេងរបស់ក្រុមហ៊ុនTAMANNEFTEGAZ បណ្ដាលឲ្យមានការខូចខាត ។ នេះបើតាមការអះអាងរបស់បណ្ដាអ្នកទទួលខុសត្រូវអ៊ុយក្រែន។
ក្នុងសេចក្ដីប្រកាសមួយអ្នកទទួលខុសត្រូវអ៊ុយក្រែនទាំងនេះគូសបញ្ជាក់ថា នៅតំបន់ក្រស្នូដាភាគខាងត្បូងរុស្ស៊ី បំពង់បង្ហូរប្រេងមូយនិងនាវារុស្ស៊ី២គ្រឿង រងការវាយប្រហារបណ្ដាលឲ្យមានភ្លើងឆេះខ្លាំង ។ បណ្ដាអ្នកទទួលខុសត្រូវអ៊ុយក្រែនមិនបញ្ជាក់ថា តើប្រព័ន្ធអាវុធអ្វីដែលខ្លួនប្រើវាយប្រហារឡើយ ។ មីស៊ីលមួយគ្រាប់ដែលអ៊ុយក្រែនផលិតដោយខ្លួនឯងបានប្រើវាយប្រហារ ទីតាំងបណ្ដោះអាសន្នមួយរបស់កងពលតូចលេខ៩២ទាហានជើងទឹករុស្ស៊ីនៅអូលីនីវកា ក្នុងឧបទ្វីបគ្រីមេដែលរុស្ស៊ីកាន់កាប់ ។
ការវាយប្រហារមួយទៀតសំដៅលើឃ្លាំងគ្រាប់មួយ ក្នុងតំបន់រុស្ស៊ីកាន់កាប់នៅដូណេតស្ក៍ ក្នុងគោលបំណងរារាំងការរុលទៅមុខរបស់កងទ័ពរុស្ស៊ីនៅតំបន់នោះ។ ទីតាំងបញ្ជូនដ្រូនរុស្ស៊ីមួយកន្លែង ក៏រងការខូចខាតដែរ។
ក្នុងការវាយប្រហារដាច់ដោយឡែកមួយទៀតរបស់អ៊ុយក្រែនក៏បណ្ដាល ឲ្យឆេះយន្តហោះប្រដេញ២គ្រឿងរបស់កងទ័ពរុស្ស៊ី កាលពីយប់ថ្ងៃទី២១ធ្នូ នៅព្រលានយន្តហោះមួយស្ថិតនៅជិតក្រុងលីពីតស្ក៍ ភាគខាងលិចរុស្ស៊ី ។ ចំណែកក្រសួងការពារប្រទេសរុស្ស៊ីវិញថ្លែងថា កងកម្លាំងខ្លួនបានស្ទាក់កម្ទេច ដ្រូនអ៊ុយក្រែនជាច្រើនគ្រឿងនាពេលយប់ ក្នុងនោះ៣គ្រឿងពីលើតំបន់ក្រាស្នូដា។
តាមកងទ័ពអាកាសអ៊ុយក្រែនថា រុស្ស៊ីបានបញ្ជូនដ្រូនប្រភេទផ្សេងៗ៨៦គ្រឿង សំដៅអ៊ុយក្រែននាពេលយប់ ដោយអ៊ុយក្រែនបានបាញ់ទម្លាក់អស់៥៨គ្រឿង ។ ដ្រូន៨គ្រឿងទៀតអាចវាយប្រហារគោលដៅ។ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ រុស្ស៊ីបានវាយប្រហារដោយដ្រូនជាច្រើននិងមីស៊ីល ប្រឆាំងអ៊ុយក្រែនពិសេស នៅក្រុងកំពង់ផែអូដេសា។ ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរពូទីន អះអាងកាលពីថ្ងៃទី១៧ធ្នូថា បណ្ដាទិសដៅនៃការវាយលុករបស់លោកលើអ៊ុយក្រែនពិតណាស់នឹងសម្រេចបាន ៕
ចែករំលែកព័តមាននេះ