ទីក្រុងបាក់ដាត៖ ស្ថានទូតអាមេរិកប្រចាំទីក្រុងបាក់ដាត ប្រទេសអ៊ីរ៉ាក់ បានរងការវាយប្រហារជាច្រើនលើកច្រើនសាដោយគ្រាប់រ៉ុកកែត និងដ្រូនដែលប្រព្រឹត្តឡើងដោយចលនាប្រដាប់អាវុធគាំទ្រអ៊ីរ៉ង់។ មន្ត្រីសន្តិសុខអ៊ីរ៉ាក់២នាក់អះអាងថាមីស៊ីលមួយគ្រាប់បាញ់ត្រូវចំទីលានសម្រាប់ឧទ្ធម្ភាគចក្រចុះចត។ កាលពីព្រឹកមិញ គេឃើញផ្សែងហុយទ្រលោមចេញពីបរិវេណស្ថានទូត។ បរិវេណស្ថានទូតអាមេរិកនៅអ៊ីរ៉ាក់មានលក្ខណៈបត់បែន និងមានទំហំធំបំផុតមួយនៅលើសាកលលោក។

នេះមិនមែនជាលើកទីមួយទេដែលស្ថានទូតអាមេរិកនៅអ៊ីរ៉ាក់រងការវាយប្រហារ។ ទីនេះជាផ្ទាំងស៊ីបនៃការវាយប្រហារដោយរ៉ុកកែត និងដ្រូនពីសំណាក់ក្រុមគាំទ្រអ៊ីរ៉ង់ជាច្រើនលើកច្រើនសាមកហើយ។ រហូតមកដល់ពេលនេះ ស្ថានទូតអាមេរិកមិនទាន់ធ្វើអត្ថាធិប្បាយលើរឿងនេះនៅឡើយទេ។ កាលពីថ្ងៃសុក្រ ស្ថានទូតបានបង្កើនកម្រិតប្រុងប្រយ័ត្នជាថ្មី និងប្រកាសថាអ៊ីរ៉ង់ និងចលនាប្រដាប់អាវុធដែលគាំទ្រអ៊ីរ៉ង់ធ្លាប់វាយប្រហារពលរដ្ឋ ផលប្រយោជន៍ និងហេដ្ឋារចនាសម្ព័ន្ធរបស់អាមេរិកជាច្រើនដងហើយ ហើយពួកគេនឹងវាយប្រហារជាបន្តទៀត។

ប្រទេសអារ៉ាប់រួមក៏រងការវាយប្រហារជាថ្មីផងដែរ។ អគារដ៏ខ្ពស់ស្កឹមស្កៃមួយកន្លែងដែលប្រើជាមជ្ឈមណ្ឌលពាណិជ្ជកម្មនៅទីក្រុងឌូបៃត្រូវខូចខាតដោយអំបែងគ្រាប់ដែលសល់ពីការបាញ់ស្ទាក់ពីលើអាកាស។ គិតទៅមិនដល់២៤ម៉ោងផង អគារនេះរងគ្រោះរហូតដល់ទៅ២ដង។ ប៉ុន្តែសំណាងល្អគ្មាននរណាម្នាក់រងរបួស ឬស្លាប់ទេ។ ការិយាល័យព័ត៌មានប្រចាំទីក្រុងឌូបៃបង្ហោះសារនៅលើបណ្ដាញអ៊ិចថាហេតុការណ៍នេះកើតឡើងបន្ទាប់ពីប្រព័ន្ធការពារដែនអាកាសអារ៉ាប់រួមអាចបាញ់ទម្លាក់ដ្រូន ឬមីស៊ីលដោយជោគជ័យ។

សូមរំលឹកថាកាលពីថ្ងៃសុក្រអគារនេះធ្លាប់រងគ្រោះមួយសាហើយដោយសារអំបែបគ្រាប់ធ្លាក់ទៅចំ។ អ្នករាយការណ៍ព័ត៌មានម្នាក់ប្រាប់ថាខ្លួនស្ដាប់ឮសំឡេងផ្ទុះឮសូរក្ឌាំង។ ខ្លួនស្ទុះចេញពីគ្រែ។ សាក្សីម្នាក់ប្រាប់ថានោះជាសំឡេងផ្ទុះដែលខ្លាំងបំផុតដែលខ្លួនពុំធ្លាប់ជួបប្រទះពីមុនមក។ នោះជាសំឡេងផ្ទុះដ៏ខ្លាំងក្លាបំផុត។ អ្នកឆ្លើយឆ្លងព័ត៌មានម្នាក់ទៀតប្រាប់ថាខ្លួនស្ដាប់ឮសំឡេងផ្ទុះផ្ទួនៗគ្នាធ្វើឱ្យរញ្ជួយអគារ និងបង្កជាដុំផ្សែងដ៏ធំមួយ៕ ប្រភព៖ New Daily TV (NDTV) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ