ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស បណ្ដាញសង្គមអាចជា “មេរោគ” ដ៏កាចសាហាវដែលស៊ីរំលាយក្ដីសុខក្នុងទំនាក់ទំនង ប្រសិនបើគូស្នេហ៍មិនចេះប្រើប្រាស់វាឱ្យបានត្រឹមត្រូវ។
បញ្ហាដំបូងគឺភាពមិនច្បាស់លាស់នៃស្ថានភាពស្នេហានៅលើអនឡាញ ដែលភាគីម្ខាងព្យាយាមលាក់បាំងមិនព្រមបើកចំហ បណ្ដាលឱ្យដៃគូមានអារម្មណ៍ថាខ្លួនជា “មនុស្សអាថ៌កំបាំង” បូករួមទាំងការរក្សាវត្តមានសង្សារចាស់ក្នុងបញ្ជីមិត្តភក្តិ ដែលសុទ្ធតែជាដើមចមនៃភាពមិនទុកចិត្តគ្នា។ កំហុសដ៏ធ្ងន់ធ្ងរមួយទៀត គឺការយកជម្លោះផ្ទៃក្នុងទៅបង្ហោះជាសាធារណៈដើម្បីឌឺដង ឬទាមទារការចាប់អារម្មណ៍ ដែលទង្វើនេះមិនត្រឹមតែមិនជួយដោះស្រាយបញ្ហាឡើយ ប៉ុន្តែថែមទាំងធ្វើឱ្យរឿងរ៉ាវកាន់តែរីករាលដាល និងធ្វើឱ្យដៃគូមានអារម្មណ៍អាប់ឱនមុខមាត់ទៀតផង។
លើសពីនេះ ការញៀនបណ្ដាញសង្គមខ្លាំងពេករហូតមើលរំលងមនុស្សដែលអង្គុយនៅក្បែរ គឺជាការមិនផ្ដល់តម្លៃ និងមិនផ្ដល់កិត្តិយសឱ្យគ្នាដែលធ្វើឱ្យទំនាក់ទំនងកាន់តែឃ្លាតឆ្ងាយ។ ការព្យាយាមតាមដានគ្រប់សកម្មភាព ឬឆែកទូរស័ព្ទដៃគូខ្លាំងពេក ក៏ធ្វើឱ្យបាត់បង់ “លំហផ្ទាល់ខ្លួន” នាំឱ្យមានអារម្មណ៍ថប់ដង្ហើម និងបាត់បង់ភាពជឿជាក់លើគ្នា។
ដើម្បីរក្សាស្នេហាឱ្យនៅយូរអង្វែង គូស្នេហ៍គ្រប់រូបត្រូវចេះរក្សាតុល្យភាពរវាងពិភពអនឡាញ និងជីវិតពិត ដោយផ្ដោតលើការប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់ និងការផ្ដល់តម្លៃឱ្យគ្នាទៅវិញទៅមកជាចម្បង៕
ចែករំលែកព័តមាននេះ