ខេត្តស្វាយរៀង ៖ កម្លាំងសមត្ថកិច្ចនគបាលនៃអធិការដ្ឋាននគបាលស្រុករំដួល ចុះបង្ក្រាបនិងចាប់ឃាត់ខ្លួនក្មេងទំនើងម្នាក់ដែលថតឃ្លីបវីដេអូ សំញ៉ែងដាវ និងកំបិត តាមបណ្តាញសង្គម មានអីចូលពន្ធនាគារបានសម្រេច ។
ករណីនេះ បានកើតឡើងកាលពីថ្ងៃទី០៣ មករា ២០២៥ ស្ថិតនៅភូមិកំពង់អំពឹល ឃុំកំពង់អំពឹលស្រុករំដួល ។ បើតាមមន្ត្រីនគបាលស្រុករំដួលបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក មាស ធួក អធិការ នៃអធិការដ្ឋាននគរបាលស្រុករំដួល បានដឹកនាំកងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុករំដួល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំកំពង់អំពិលបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនក្មេងទំនើងម្នាក់ឈ្មោះ អាន ផាន់ណា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង ដែលបានថតវីដេអូ និងបង្ហោះតាមបណ្តាញសង្គម និងបានផ្ញើរសារវីដេអូ គម្រាមអ្នកដ៏ទៃ មានទាំងកាំបិតទៀតផង។
ប្រភពបន្តថា ក្រោយពីបានឃើញ ជនសង្ស័យបង្ហោះឃ្លីបវីដេអូភ្លាម សមត្ថកិច្ចយើងធ្វើការស្រាវជ្រាវរហូតចាប់ខ្លួនបានរួមទាំងវត្ថុតាងដកហូតរួមមាន៖ កាំបិត០២ដើម និងទូរស័ព្ទដៃ០១គ្រឿង។
នៅចំពោះមុខសមត្ថកិច្ច ក្មេងទំនើងនេះបានឆ្លើយសារភាពថា ខ្លួនពិតជាបានថត និងផ្ញើវីដេអូទៅអ្នកដទៃមានទាំងកាំបិត ពិតប្រាកដមែន ។
បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ និងត្រូវបានសាលាដំបូងខេត្ត ចេញដីកាឃុំខ្លួនក្នុងពន្ធនាគារខេត្តស្វាយរៀង រួចហើយ៕
ចែករំលែកព័តមាននេះ