ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិត្តភាពស្អិតល្មួតជាមួយលោកត្រាំ ជួយ Elon Musk កើនទ្រព្យជាង២០០ពាន់លានដុល្លារត្រឹម១​ឆ្នាំ

1 ថ្ងៃ មុន

សហរដ្ឋអាមេរិក ៖ លោក Elon Musk ដែលជាបុគ្គលមានបំផុតលើពិភពលោក នាពេលបច្ចុប្បន្ន បានឃើញទ្រព្យសម្បត្តិកើនឡើងដល់ ២១៣ពាន់លានដុល្លារអាមេរិក ត្រឹមតែមួយឆ្នាំ…

សហរដ្ឋអាមេរិក ៖ លោក Elon Musk ដែលជាបុគ្គលមានបំផុតលើពិភពលោក នាពេលបច្ចុប្បន្ន បានឃើញទ្រព្យសម្បត្តិកើនឡើងដល់ ២១៣ពាន់លានដុល្លារអាមេរិក ត្រឹមតែមួយឆ្នាំ ២០២៤។ ភាគច្រើនត្រូវបានជំរុញដោយទំនាក់ទំនងជិតស្និទ្ធបំផុតរបស់មហាសេដ្ឋីសញ្ជាតិអាមេរិករូបនេះ ជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump និងការកើនឡើងភាគហ៊ុនរបស់ក្រុមហ៊ុន Tesla, SpaceX រួមទាំងការបណ្តាក់ទុនជាច្រើនផ្សេងទៀតរបស់លោក។ នេះបើតាមប្រភពពីគេហទំព័រ Fortune ចេញផ្សាយកាលពីថ្មីៗនេះ។

យោងតាមសន្ទស្សន៍គេហទំព័រ Bloomberg បានឱ្យដឹងថា ទ្រព្យសម្បត្តិសុទ្ធរួមបញ្ចូលគ្នារបស់បុគ្គលមានបំផុតទាំង៥០០រូបលើពិភពលោកឆ្នាំ ២០២៤ បានឈានដល់ ១០ទ្រីលានដុល្លារអាមេរិក ដែលមិនធ្លាប់មានពីមុនមក។ ទោះយ៉ាងណា លោក Elon Musk ​គឺជាបុគ្គលលេចធ្លោជាងគេ ដែលមានចំណែកច្រើនជាង ១៣% នៃការកើនឡើងទ្រព្យសម្បត្តិប្រមាណ ១០ទ្រីលានដុល្លារក្នុងចំណោមមហាសេដ្ឋីកំពូលៗពិភពលោក។

នៅដំណាច់ឆ្នាំ ២០២៤ ទ្រព្យសម្បត្តិរបស់លោក Elon Musk កើនឡើងដល់ ៤៤២.១ពាន់លានដុល្លារ ពោលកើនឡើង ២១៣ពាន់លានដុល្លារ ចាប់ពីដើមឆ្នាំ ២០២៤។ អ្នកជំនាញមើលឃើញថា ឥទ្ធិពលប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump គឺជាកត្តាជំរុញដ៏សំខាននៃកំណើនទ្រព្យសម្បត្តិដ៏មហាសាលរបស់ Elon Musk។

ការគាំទ្រជាសាធារណៈ និងហិរញ្ញវត្ថុរបស់ Elon Musk​ សម្រាប់យុទ្ធនាការឃោសនាលោក Trump មិនត្រឹមតែដាក់ទីតាំងឈរជើងរបស់លោកក្នុងរង្វង់នយោបាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើនទំនុកចិត្តបណ្តាវិនិយោគិនក្នុងក្រុមហ៊ុនរបស់លោកផងដែរ។ ភាគហ៊ុនក្រុមហ៊ុន Tesla បានកើនឡើងច្រើនជាង ៦៥% ក្នុងសប្តាហ៍បន្ទាប់ពីជ័យជម្នះលើការបោះឆ្នោតលោក Trump ដែលត្រូវបានជំរុញដោយសុទិដ្ឋិនិយមជុំវិញការសន្យារបស់លោក Trump ក្នុងការសម្រួលបទប្បញ្ញត្តិយានយន្តស្វយ័ត និងទប់ស្កាត់ការប្រកួតប្រជែងពីបណ្តាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន។

ការយល់ព្រមពីប្រធានាធិបតីជាប់ឆ្នោត ចំពោះបេសកកម្មរបស់ក្រុមហ៊ុន SpaceX នៃភពអង្គារ និងការគាំទ្រសម្រាប់ការចាប់ផ្តើមបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត​ AI របស់លោក Elon Musk គឺជាការលើកទឹកចិត្តឱ្យមានការវិនិយោគបន្ថែម និងកិច្ចសន្យារដ្ឋាភិបាល។ ក្រុមហ៊ុន SpaceX បច្ចុប្បន្នមានតម្លៃប្រមាណ ៣៥០ពាន់លានដុល្លារ បន្ទាប់ពីការលក់ភាគហ៊ុនផ្ទៃក្នុងជាបន្តបន្ទាប់បានឃើញការកើនឡើង ការគាំទ្រពីអ្នកវិនិយោគ ដែលហ៊ានភ្នាល់លើឥទ្ធិពលកំពុងតែស្អិតល្មួតរវាងលោក Elon Musk និងវ៉ាស៊ីនតោន។

ការគាំទ្ររបស់លោក Elon Musk ចំពោះយុទ្ធនាការលោក Trump ត្រូវបានរាយការណ៍ថាច្រើនជាង ១៣០លានដុល្លារ ដោយបង្ហាញឆន្ទៈក្នុងការភ្ជាប់មហិច្ឆតាអាជីវកម្មរបស់ខ្លួនជាមួយនឹងសម្ព័ន្ធភាពនយោបាយ។ ឥទ្ធិពលលោក Elon Musk ​បានពង្រីកលើសពីការរួមចំណែកផ្នែកហិរញ្ញវត្ថុ ដោយតែងតែបង្ហាញខ្លួនជាញឹកញាប់នៅឯការជួបជុំរបស់លោក Trump និងការចូលរួមដោយផ្ទាល់ក្នុងការបង្កើតការពិភាក្សាគោលនយោបាយជុំវិញ AI ការរុករកអវកាស និងថាមពលស្អាតផងដែរ។

លោក Elon Musk ​ក៏ត្រូវបានកំណត់សម្រាប់ការទទួលតំណែងទើបបង្កើតថ្មី គឺជាសហប្រធាននាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាលក្នុងរដ្ឋបាលលោក Trump គោលបំណងកាត់បន្ថយការចំណាយរបស់សហព័ន្ធទឹកប្រាក់២ទ្រីលានដុល្លារ។ តំណែងនេះ ពង្រឹងឋានៈលោក Elon Musk គឺ​ជាតួអង្គសំខាន់ក្នុងរបៀបវារៈសេដ្ឋកិច្ចរបស់លោក Trump ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ