ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន វ៉េ​ង លាប មានឈ្មោះក្នុងប.ញ្ជីខ្មៅ​ឈប់​ឱ្យ​​ដេញថ្លៃ ប៉ុន្តែដេញបាននៅខេត្តស្ទឹងត្រែង

20 ម៉ោង មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​៖ ក្រុមហ៊ុន វ៉េ​ង លាប បាន​គាំង​សកម្មភាព​នៃ​គម្រោង​សាងសង់​ផ្លូវ​មួយ​ចំនួន​ក្នុង​ខេត្តស្ទឹងត្រែង​ក្រោយ​ដេញថ្លៃ​ប្រកួតប្រជែង​បាន​ជោគជ័យ ចន្លោះ​កាលពី​ថ្ងៃ​ទី​២៥​ខែកុម្ភៈ ០១គម្រោង​និង​ថ្ងៃ​ទី​២៨​ខែកុម្ភៈ​ចំនួន​០២​គម្រោង​បន្ថែម ។​ បន្ទាប់​មក​ទើប​ដឹង​ថា​ក្រុមហ៊ុន វ៉េ​ង…

ខេត្តស្ទឹងត្រែង​៖ ក្រុមហ៊ុន វ៉េ​ង លាប បាន​គាំង​សកម្មភាព​នៃ​គម្រោង​សាងសង់​ផ្លូវ​មួយ​ចំនួន​ក្នុង​ខេត្តស្ទឹងត្រែង​ក្រោយ​ដេញថ្លៃ​ប្រកួតប្រជែង​បាន​ជោគជ័យ ចន្លោះ​កាលពី​ថ្ងៃ​ទី​២៥​ខែកុម្ភៈ ០១
គម្រោង​និង​ថ្ងៃ​ទី​២៨​ខែកុម្ភៈ​ចំនួន​០២​គម្រោង​បន្ថែម ។​

បន្ទាប់​មក​ទើប​ដឹង​ថា​ក្រុមហ៊ុន វ៉េ​ង លាប ត្រូវ​បាន​អគ្គនាយកដ្ឋាន​រដ្ឋបាលក្រសួងមហាផ្ទៃ​ដាក់​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​ទទួល​ការ​ដែល​ត្រូវ​បាន​ដកសិទ្ធិ​មិន​ឲ្យ​ដាក់​សំណើ​ដេញថ្លៃ​គម្រោង​មូលនិធិ​ឃុំ​សង្កាត់​ឬ​ធ្វើ​ជា​អ្នកតំណាង​ក្រុមហ៊ុន​ណាមួយ​ក្នុង​ការ​ដាក់​សំណើ​ដេញថ្លៃ​កិច្ចសន្យា​ឃុំ​សង្កាត់​ឬ​ធ្វើ​ជា​អ្នក​ទទួល​ការ​បន្ត​ក្នុង​ការ​អនុវត្ត​កិច្ចសន្យា​ឃុំ​សង្កាត់ មិន​ឱ្យ​ចូលរួម​ដេញថ្លៃ​នៅ​រាជធានី​ខេត្ត កាលបរិច្ឆេទ​ផុត​រយៈពេល​ដកសិទ្ធិ​ជា​រៀង​រហូត ចេញ​ដោយ​អគ្គ​នាយក​ដ្ឋា​ន​រដ្ឋបាល​ក្រសួងមហាផ្ទៃ​ថ្ងៃ​ទី​១៨​ខែកុម្ភៈ​ឆ្នាំ​២០២៥​។ ស្អុយឈ្មោះនៅខេត្តព្រះវិហារ មកដេញថ្លៃបាននៅខេត្តស្ទឹងត្រែង ។

លោក ភី​វ មឿង​ឃុន មេឃុំ​ព្រះ​រំកិល​ស្រុក​បុរី​អូ​ស្វាយ​សែន​ជ័យ​បាន​ប្រាប់​កោះសន្តិភាព​នា​រសៀល​ថ្ងៃ​ទី​១៣​ខែមីនា​២០២៥ តាម​រយៈ​ទូរ​សព្ទ​ថា សូម​ពិនិត្យ​លើ​ឯកសារ​បញ្ជីខ្មៅ​គេ​ធ្វើ​តែ​សម្រាប់​ខេត្តព្រះវិហារ ហើយ​ក្រុមហ៊ុន​វ៉េ​ង លាប គាត់​អាច​ដេញថ្លៃ​បាន​លើកលែងតែ​ខេត្តព្រះវិហារ​ដែល​គេ​បដិសេធ ហើយ​បច្ចុប្បន្ន​កំពុង​ពិចារណា ក្រុមហ៊ុន​គាត់​បញ្ជីខ្មៅ ខ្ញុំ​សួរ​ទៅ​បច្ចេកទេស​ខេត្ត​គេ​ថា​គេ​បដិសេធ​តែ​ព្រះ​វិហារ​ទេ ទូ​ទាំង​ប្រទេស​គាត់​មាន​សិទ្ធិ​ដេញថ្លៃ​បាន​ដូច​គ្នា ខ្ញុំ​ក៏​អត់​យល់​ដែរ មិន​ទាន់​ច្បាស់​នៅ
ឡើយ​ទេ​កំពុង​សួរ​ទៅ​ខាងលើ​ទៀត បើ​គាត់​មាន​សិទ្ធិ​យើង​ទទួលយក​គាត់ ដោយសារ​ដេញថ្លៃ​បាន​។

បើ​ទូ​ទាំង​ប្រទេស​គេ​លប់ឈ្មោះ​គាត់​មិន​ឲ្យ​ដេញថ្លៃ​ទូ​ទាំង​ប្រទេស​យើង​ក៏​អត់​យក​ដែរ​។​លោក​មេឃុំ​បញ្ជាក់​ទៀត​ថា​រឿង​ប្រាក់​កក់​២​ភាគរយ យើង​ផ្អែក​ទៅ​លើ​ផែនការ​វិនិយោគ​បើ​គាត់​មាន​យោបល់​យ៉ាងម៉េច​អាហ្នឹង​គេ​ពិនិត្យ​ទៅ​លើ​ឯកសារ​ច្បាប់​ទៀត ឧទាហរណ៍​ថា​គេ​ដាក់​បញ្ជីខ្មៅ​ហើយ​នៅ​ចចេស​ដេញ​ទៀត​ប្រាក់​កក់​និង​គេ​ធ្វើ​យ៉ាងម៉េច​ត្រូវ​មើលទៅ​តាម​ហ្នឹង​ទៀត​។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​ដេញថ្លៃ​គម្រោង​មូលនិធិ​ឃុំ សង្កាត់ព្រះ​រំកិល ស្រុក​បុរី​អូ​ស្វាយ​សែន​ជ័យ​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៥ បាន​ដាក់​ប្រកាស់​ដេញថ្លៃ​មួយ​គម្រោង សម្រាប់​សាងសង់​ផ្លូវ​គម្រោង​ចំនួន​០១ ក្នុង​តម្លៃ​ប៉ាន់ស្មាន ៤៨៨,៨៨៥,៩០០៛(​បួន​រយ​ប៉ែ​តសិប​ប្រាំបី​លាន ប្រាំបី​រយ​ប៉ែតសិប​ប្រាំ​ពាន់ ប្រាំបួន​រយ​រៀល​កត់​)​។

ជា​លទ្ធផល​កិច្ចសន្យា​ដេញថ្លៃ​គម្រោង​ខាងលើ នេះ​បាន​ទៅ​អ្នក​ដេញថ្លៃ​ឈ្មោះ វែង លាប ក្រុមហ៊ុន វែង លាប ក្នុង​តម្លៃ សរុប ១៧៨,០០០,០០០​រៀល​គត់​។

ដោយឡែក​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៥ នៅ​សាលាសង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង​បាន​ដាក់​ប្រកាស​ប្រកួតប្រជែង​ដេញថ្លៃ​ចំនួន ២ គម្រោង កិច្ចសន្យា​គម្រោង​ទី​១ ៖ បាន​ដាក់​ដេញថ្លៃ សាងសង់​ផ្លូវ​បេតុង​អា​មេ​ប្រវែង ៨១៩ ម៉ែត្រ ទទឹង ៦​ម៉ែត្រ តម្លៃ​ប៉ាន់ស្មាន ៤៥៧.១៧៣.៣០០ រៀល​គត់​។

ជា​លទ្ធផល​តម្លៃ​ទាប​ទី​១ បាន​ទៅ អ្នក​ដេញថ្លៃ​ឈ្មោះ ភឿន សុ​ភ័​ណ្ឌ ក្រុមហ៊ុន វ៉េ​ង លាប ក្នុង​តម្លៃ​ដាក់​ដេញថ្លៃ សរុប ២៩៩.០០០.០០០ រៀល​គត់​។

កិច្ចសន្យា​គម្រោង​ទី​២ ៖ បាន​ដាក់​ដេញថ្លៃ​គម្រោង​សាងសង់​ផ្លូវ​បេតុង​អា​មេ​ប្រវែង ៤៩១ ម៉ែត្រ ទទឹង ៥​ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ តម្លៃ​ប៉ាន់ស្មាន ២៣១.៣៧៦.៥០០រៀល​ ។​ជា​លទ្ធផល​តម្លៃ​ទាប​ទី​១ បាន​ទៅ អ្នក​ដេញថ្លៃ​ឈ្មោះ ភឿន សុ​ភ័​ណ្ឌ ក្រុមហ៊ុន វ៉េ​ង លាប ក្នុង​តម្លៃ​ដាក់​ដេញថ្លៃ សរុប ១៥២.០០០.០០០ រៀល​គត់​។

ទាក់ទិន​ក្នុង​គម្រោង​មូលនិធិ​សង្កាត់​ស្ទឹង​ត្រែង​ខាងលើ​លោក ជា វណ្ណ ចៅសង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង លោក​សុំ​មិន​និយាយ​អ្វី​ទាំងអស់ រង់ចាំ​ខេត្ត​ឆ្លើយ​តប​។

ក្រុមហ៊ុន វ៉េ​ង លាប ប្រធាន​ក្រុមហ៊ុន​ឈ្មោះ​វ៉េ​ង លាប​មាន​អាសយដ្ឋាន ភូមិ​ឬ​ស្សី​ជ្រោយ ឃុំ​ឬ​ស្សី​ជ្រោយ ស្រុក​មុខកំពូល​ខេត្តកណ្ដាល​ស្ថិត​លើ​លេខ​រៀង​ទី​២២ ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង​៣៧ ដែល​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ​បាន​ដាក់​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​ទទួល​ការ​ដែល​ត្រូវ​បាន​ដកសិទ្ធិ​មិន​ឲ្យ​ដាក់​សំណើ​ដេញថ្លៃ​គម្រោង​មូលនិធិ​ឃុំ​សង្កាត់​ឬ​ធ្វើ​ជា​អ្នកតំណាង​ក្រុមហ៊ុន​ណាមួយ​ក្នុង​ការ​ដាក់​សំណើ​ដេញថ្លៃ​កិច្ចសន្យា​ឃុំ​សង្កាត់​ឬ​ធ្វើ​ជា​អ្នក​ទទួល​ការ​បន្ត​ក្នុង​ការ​អនុវត្ត​កិច្ចសន្យា​ឃុំ​សង្កាត់ កាលពី​ថ្ងៃ​ទី ១៨​ខែកុម្ភៈ​ឆ្នាំ​២០២៥ ក្រោម​ចំណាយ​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រ​សួ​ម​ហ​ផ្ទៃ​ចុះ​ថ្ងៃ​ទី​១៣ ខែកុម្ភៈ​ឆ្នាំ​២០២៥​។

មូលហេតុ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ​ដាក់បញ្ចូល​ក្រុមហ៊ុន វ៉េ​ង លាប ក្នុង​បញ្ជី​ឈ្មោះ​អ្នក​ទទួល​ការ​ដែល​ត្រូវ​បាន​ដាក់​ក្នុង​បញ្ជីខ្មៅ​ឬ​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ដាក់​សំណើ​ដេញថ្លៃ​កិច្ចសន្យា​ឃុំ​សង្កាត់ ជា​រៀង​រហូត​ដោយសារ​ក្រុមហ៊ុន​បាន​អនុវត្ត​ខុស​ពី​នីតិវិធី​លទ្ធកម្ម​គម្រោង​មូលនិធិ​ឃុំ សង្កាត់ ដោយ បង្ខំ​គណៈកម្មការ​លទ្ធកម្ម​ឃុំ​ឱ្យ​អនុវត្ត​ខុស​ពី​នីតិវិធី តែ​គណៈកម្មការ​លទ្ធកម្ម មិន​ព្រម ហើយ​សុំ​ថត​សំណុំ​ឯកសារ​ដេញថ្លៃ​ក្រុមហ៊ុន​ដែល​បាន​ដាក់​សំណើ ដេញថ្លៃ និង​បង្ក​ការ​អុកឡុក​យ៉ាង​អនាធិបតេយ្យ មិន​គោរព​តាម នីតិវិធី គោលការណ៍​ណែនាំ ដូច​មាន​ចែង​ក្នុង​សៀវភៅ​ណែនាំ​ស្តី​ពី​ការ​អនុវត្ត​គម្រោង មូលនិធិ​ឃុំ សង្កាត់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ជា​ធរមាន នៅ​ក្នុង​ខេត្តព្រះវិហារ​។

ទាក់ទិន​ករណី​ខាងលើ​នេះ​ដែរ នាយក​ទីចាត់ការ​ផែនការ​និង​វិនិយោគ​ខេត្តស្ទឹងត្រែង​លោក កែវ សំ​អុល បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព​នៅ​រសៀល​ថ្ងៃ​ទី​១៣​មីនា​២០២៥​តាម​ទូរ​សព្ទ​ថា ករណី​នេះ​កំពុង​រៀបចំ​ឯកសារ​ដាក់​ជូន​អភិបាលខេត្ត​ដើម្បី​ឲ្យ​គាត់​អនុម័ត​ថា​តើ​ឱ្យ​ក្រុមហ៊ុន​វ៉េ​ង លាប ចូល​ដេញ​ទៀត​ឬ​មិន​អោយ​ចូល តែ​ឥឡូវ​យើង​រៀប​អត់​ទាន់​រង់ចាំ​ស​ប្តា​ហ៍​ក្រោយ ។

​​ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ