ទីក្រុងម៉ូស្គូ៖ ពូទីនទុកឱកាសឱ្យកងទ័ពអ៊ុយក្រែនចុងក្រោយដែលនៅសេសសល់នៅតំបន់ខឺស និងកំពុងជាប់ក្នុងការឡោមព័ទ្ធរបស់រុស្ស៊ី សូមលើកដៃចុះចាញ់ជាបន្ទាន់បើចង់សុខ។ បើមិនដូច្នេះទេគឺមានតែផ្លូវមរណៈមួយមុខគត់។ លោកថ្លែងដូច្នេះនៅក្នុងកិច្ចជំនួបជាមួយប្រធានាធិបតីបេឡារូសនៅវិមានក្រឹមឡាំង។ ចំណែកកងទ័ពបរទេសដែលជួយច្បាំងអ៊ុយក្រែននៅខឺសនោះក៏មិនរួចខ្លួនដែរ។ ពួកគេត្រូវចាត់ទុកជាក្រុមភេរវករតាមច្បាប់របស់ប្រទេសរុស្ស៊ី។
លោកពូទីនអះអាងថារុស្ស៊ីបានរាយអន្ទាក់ក្រសោបជាប់កងទ័ពអ៊ុយក្រែនដែលតស៊ូចុងក្រោយនៅតំបន់ខឺសខាងលិច។ មួយថ្ងៃបន្ទាប់ពីណែនាំទៅមេបញ្ជាការកងទ័ពនៅតំបន់នោះដើម្បីវាយយកតំបន់ខឺសទាំងស្រុងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន លោកពូទីនថ្លែងប្រាប់អ្នកសារព័ត៌មានថាស្ថានការណ៍សឹកនៅខឺសស្ថិតនៅក្រោមការគ្រប់គ្រប់របស់របស់រុស្ស៊ីទាំងស្រុងហើយ។ កងទ័ពដែលវាយលុកចូលទឹកដីរបស់យើងកំពុងស្ថិតនៅឯកោហើយនៅពេលនេះ។
កាលពីប៉ុន្មានថ្ងៃមុននេះ មេបញ្ជាការកងទ័ពអ៊ុយក្រែនធ្លាប់បដិសេធថាគ្មានការហ៊ុមព័ទ្ធកងទ័ពរបស់ខ្លួនទេ។ ប៉ុន្តែលោកទទួលស្គាល់ថាពួកគេត្រូវតែដកថយតាមយុទ្ធសាស្ត្រការពារខ្លួន។ នាយអគ្គសេនាធិការកងទ័ពអ៊ុយក្រែនថ្លែងថាកងទ័ពរបស់ខ្លួនអាចរុញច្រានការវាយលុករបស់រុស្ស៊ីចំនួន៥ដង។ លោកថាការប្រយុទ្ធគ្នានៅតែបន្តនៅតំបន់ខឺសនៅឡើយទេ។
អ្នកឆ្លើយឆ្លងព័ត៌មានរុស្ស៊ីថ្លែងថាមានការប្រយុទ្ធគ្នាដោយប្រើប្រាស់កាំភ្លើងធំដ៏ខ្លាំងក្លានៅទីក្រុងស៊ូតហ្សា (Sudzha) ដែលរុស្ស៊ីទើបតែវាយយកបានមកវិញកាលពីថ្ងៃពុធ។ ឌីបស្ទេត (Deep State) ជាអង្គភាពបោះពុម្ពផែនទីកងទ័ពជាផ្លូវការទទួលស្គាល់ដោយអ៊ុយក្រែន។ ឌីបស្ទេតបង្ហាញថាតំបន់ដែលអ៊ុយក្រែនកាន់កាប់នោះបានរួញនៅសល់តូចសឹងតែអស់ពីផែនទី។
លោកពូទីនថ្លែងថាទាហានអ៊ុយក្រែនត្រូវរុស្ស៊ីវាយបំបែកជាចម្រៀកៗ និងកាត់ផ្ដាច់ចេញពីគ្នាទៅជាកងឯកភាពតូចៗ។ លោកថាបើរុស្ស៊ីវាយទឹកផ្ដាច់ព្រ័ត្រទៅលើពួកគេនៅដំណាក់កាលចុងក្រោយដើម្បីខ្ទប់ដង្ហើមពួកគេតែម្ដង គ្មាននរណាម្នាក់អាចចេញពីតំបន់ខឺសបានឡើយ។ ដូច្នេះនៅសល់តែផ្លូវ២គត់សម្រាប់ជ្រើសរើស ទី១ លើកដៃសូមចុះចាញ់ និងទី២ ស្លាប់។
គួរកត់សម្គាល់ថាលោកពូទីនថ្លែងដោយមោទកភាព និងដោយទំនុកចិត្តបែបនេះមិនមែនជាការលេងសើចទេ។ លោកទើបតែចុះទៅពិនិត្យមើលសភាពការណ៍ជាក់ស្ដែងនៅតំបន់ខឺស និងស្លៀកពាក់ឯកសណ្ឋានកងទ័ពថែមទៀតផង។ ហេតុនេះវាជាការបញ្ជាក់ថាជ័យជម្នះកំពុងស្ថិតនៅក្នុងដៃរបស់រុស្ស៊ី។ លោកប្រាប់មេទ័ពរុស្ស៊ីថាត្រូវបង្ហើយកិច្ចការដែលនៅសេសសល់។ មានន័យថាវាយផ្ដាច់យកតំបន់ខឺសទាំងមូលតែម្ដង៕
ចែករំលែកព័តមាននេះ