រាជធានីភ្នំពេញ ៖ ឧក្រិដ្ឋជនចាប់ជម្រិតជាជនជាតិចិន និងខ្មែរចំនួន១៩នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលនៅតាមបណ្ដាខណ្ឌ និងខេត្តនានាបង្ក្រាបបានជាបន្តបន្ទាប់ រួចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញកាត់ការតាមច្បាប់ ។

តាមផេករបស់ស្នងការនគបាលរាជធានីភ្នំពេញ ដែលបង្ហោះនៅមុននេះបន្តិចបានឲ្យដឹងថា សមត្ថកិច្ចជំនាញផែនការងារនគរបាលព្រហ្មទណ្ឌបង្ក្រាបជនសង្ស័យជនជាតិចិននិងខ្មែរ១៩នាក់ បង្កប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់ និងបង្កភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរអន្តរជាតិ ។
សមត្ថកិច្ចផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឈានដល់ការបង្ក្រាបបានជនសង្ស័យជនជាតិចិន និងខ្មែរចំនួន១៩នាក់ ដែលបានប្រព្រឹត្តនៅចំណុចអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ផ្លូវសហព័ន្ធរុស្សី សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ការបង្ក្រាបនោះ ធ្វើឡើងជាបន្តបន្ទាប់ដឹកនាំកម្លាំងដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ កាលពីទី០៦ រហូតដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ដែលមានការសហការពីកម្លាំងនគរបាលខេត្តមណ្ឌលគីរី ខេត្តស្វាយរៀង និងខេត្តបន្ទាយមានជ័យ ។

តាមសមត្ថកិច្ចឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានរថយន្តចំនួន០៥គ្រឿង និងអាវុធខ្លីចំនួន០១ដើម។ ក្នុងចំណោមជនសង្ស័យទាំ១៩នាក់ មានជនជាតិចិន០២នាក់ និងជនជាតិខ្មែរ១៧
នាក់។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី។ ដោយឡែក ចំពោះបក្សពួកជនសង្ស័យដែលនៅសេសសល់មួយចំនួន សមត្ថកិច្ចកំពុងស្រាវជ្រាវ ដើម្បីបន្តស្វែងរកឃាត់ខ្លួនយកមកចាត់ការតាមនីតិវិធី ។
ទាក់ទិននឹងបទល្មើសសមត្ថកិច្ចពុំបានទម្លាយឲ្យដឹងនោះទេ។ បើតាមព័ត៌មានឲ្យដឹងថា ជនជាតិខ្មែរនិងចិនទាំងនោះពាក់ព័ន្ធនឹងករណីជម្រិតទារប្រាក់៕
ចែករំលែកព័តមាននេះ