Your browser does not support the audio element.
បរទេស ៖ តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានពីមុន ជិត៣,០០០ដុល្លារក្នុង១អោន (១អោនស្មើនឹង៨,៣ជី) ជំរុញដោយភាពមិនប្រាកដប្រជាលើសង្គ្រាមពន្ធរបស់សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) និងការភ័យខ្លាចកាន់តែខ្លាំងឡើង ជុំវិញភាពតានតឹងពាណិជ្ជកម្មសកល។ នេះបើយោងតាមប្រភពពីសារព័ត៌មាន Reuters ចេញផ្សាយនៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។
តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតជាប្រវត្តិសាស្ត្រ នៅក្នុងតម្លៃ ២,៩៩០.០៩ដុល្លារក្នុង១អោន មុនពេលធ្លាក់មកត្រឹម ២,៩៨៧.២៦ដុល្លារក្នុង១អោន ឬស្មើ ៣,៥៩៨ដុល្លារក្នុង១តម្លឹង នៅក្នុងការជួញដូរ គិតត្រឹមម៉ោង៩ព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។ ស្របពេលអនាគតមាសសហរដ្ឋអាមេរិកក៏ហក់កើនឡើងក្នុងតម្លៃខ្ពស់ ២,៩៩៦ដុល្លារក្នុងមួយអោន។ បណ្តាអ្នកវិភាគមើលឃើញថា តម្លៃមាសនឹងឈានដល់៣,០០០ដុល្លារក្នុងមួយអោនក្នុងពេលដ៏ខ្លីខាងមុខនេះ។
លោក Yeap Jun Rong អ្នកយុទ្ធសាស្ត្រទីផ្សារ នៃក្រុមហ៊ុន IG International បានថ្លែងថា ការរំពឹងទុករបស់បណ្តាអ្នកវិនិយោគគឺ ភាពតានតឹងពាណិជ្ជកម្មសកលទំនងជានឹងកាន់តែអាក្រក់ទៅៗ មុនពេលត្រឡប់រកភាពប្រសើរឡើងវិញ ហើយពួកគេកំពុងងាកទៅរកលោហៈធាតុមាស ដែលជាការវិនិយោគដ៏មានសុវត្ថិភាពបំផុត នៅក្នុងស្ថានភាពមិនប្រាកដប្រជាបច្ចុប្បន្ននេះ»។
ប្រភពពី Reuters បានរាយការណ៍ថា សង្គ្រាមពន្ធរបស់លោក ត្រាំ ត្រូវបានបណ្តាអ្នកវិភាគរំពឹងយ៉ាងទូលំទូលាយថានឹងបង្កឱ្យមានអតិផរណា និងភាពមិនប្រាកដប្រជាសេដ្ឋកិច្ចសកល ហើយបានជំរុញឱ្យមាសឡើងដល់កម្រិតខ្ពស់បំផុតនៅឆ្នាំនេះ ខណៈមាសត្រូវបានមើលឃើញថាជារនាំងការពារហានិភ័យវិបត្តិនយោបាយ និងអតិផរណា។
ពន្ធចុងក្រោយបំផុតក្នុងសង្គ្រាមពាណិជ្ជកម្មរបស់លោក ត្រាំ បង្កើតបានជាការកំណត់ពន្ធសងសឹកទៅវិញទៅមករកទីបញ្ចប់មិនទាន់ឃើញ។ ជាក់ស្តែង សហភាពអឺរ៉ុប (EU) បានប្រកាសពន្ធសងសឹក ៥០% លើស្រាវីស្គីរបស់អាមេរិក ដើម្បីឆ្លើយតបទៅនឹងការដាក់ពន្ធរបស់អាមេរិកលើដែកថែប និងអាលុយមីញ៉ូម។ ពន្ធសងសឹកនេះ ជំរុញឱ្យលោក ត្រាំ គំរាមកំហែងដើម្បីគិតពន្ធរហូតដល់ ២០០% លើការនាំចូលស្រាអឺរ៉ុប។ កត្តានេះហើយ កម្តៅនៃភាពតានតឹងពាណិជ្ជកម្មសកល កាន់តែក្តៅឡើងៗ៕
ចែករំលែកព័តមាននេះ