រាជធានីភ្នំពេញ ៖ កញ្ចប់វិនិយោគគ្រប់ជ្រុងជ្រោយរបស់សហភាពអឺរ៉ុប ដែលរួមមាន ឥណទានរបស់ធនាគារវិនិយោគអឺរ៉ុបសកល (EIB Global) បូករួមជាមួយជំនួយឥតសំណង និងជំនួយបច្ចេកទេសរបស់សហភាពអឺរ៉ុប នឹងជួយពង្រឹងវិស័យកសិកម្មនៅកម្ពុជា លើកកម្ពស់សន្តិសុខស្បៀង ធ្វើឱ្យខ្សែច្រវាក់តម្លៃផលិតផល ដែលបានជ្រើសរើស កាន់តែមានភាពប្រកួតប្រជែង និងជំរុញដល់ការនាំចេញ ។
ទឹកប្រាក់វិនិយោគនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់កសិករខ្នាតតូចចំនួន ១០០,០០០នាក់ គ្រួសារមានដីធ្លីខ្នាតតូចចំនួន ២៥,០០០ គ្រួសារ និងសហគ្រាសកសិកម្មចំនួន ៥០០ ដោយនឹងជួយ បង្កើនផលិតភាព និងការប្រកួតប្រជែង។ កញ្ចប់វិនិយោគនេះ នឹងជួយកែលម្អមន្ទីរពិសោធន៍ជាតិកសិកម្ម ពង្រីកហេដ្ឋារចនាសម្ព័ន្ធការងារកសិកម្មសំខាន់ៗ ដើម្បីលើកកម្ពស់សមត្ថភាពអនាម័យ និងភូតគាមអនាម័យរបស់កម្ពុជា ក៏ដូចជាគាំទ្រដល់ការសាងសង់ស្ពានមួយខ្សែនៅកោះខ្សាច់ទន្លា ដើម្បីធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូន និងការចូលទៅកាន់ទីផ្សារ ។
គំនិតផ្តួចផ្តើមនេះ គឺស្របទៅតាមយុទ្ធសាស្ត្រ Global Gateway របស់សហភាពអឺរ៉ុប ដែលជំរុញដល់កំណើនប្រកបដោយចីរភាព ភាពធន់នឹងអាកាសធាតុ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន។ ធនាគារវិនិយោគអឺរ៉ុបសកល (EIB Global) ដែលជាសាខាសកលរបស់ធនាគារវិនិយោគអឺរ៉ុប និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) នៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅថ្ងៃនេះ នូវទឹកប្រាក់ជំនួយឥតសំណងចំនួន ១៥លានអឺរ៉ូ របស់សហភាពអឺរ៉ុប សម្រាប់កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT)។ ដោយជាអាទិភាពសំខាន់មួយសម្រាប់រដ្ឋាភិបាលកម្ពុជា កម្មវិធី ASPIRE-AT មានគោលដៅធ្វើទំនើបកម្មវិស័យ កសិកម្ម លើកកម្ពស់សន្តិសុខស្បៀង និងពង្រឹងសក្តានុពលនៃការនាំចេញ។ ជំនួយនេះបំពេញបន្ថែមលើឥណទានចំនួន ៦០លានអឺរ៉ូ ពីធនាគារវិនិយោគអឺរ៉ុបសកល (EIB Global) និងជំនួយគាំទ្រ ចំនួន៤,៥ លានអឺរ៉ូ ទៀត ពីសហភាពអឺរ៉ុប សម្រាប់ជំនួយបច្ចេកទេស ដែលនឹងត្រូវអនុវត្តដោយធនាគារ វិនិយោគអឺរ៉ុប (EIB)។ ការផ្ដល់ជំនួយនេះ នាំឱ្យទឹកប្រាក់វិនិយោគសរុបដែលគាំទ្រដោយ សហភាពអឺរ៉ុបនៅក្នុងកម្មវិធីនេះកើនឡើងដល់ជិត ៨០ លានអឺរ៉ូ។ មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍ កសិកម្ម (IFAD) ដែលជាទីភ្នាក់ងារអភិវឌ្ឍន៍ជនបទរបស់អង្គការសហប្រជាជាតិ ក៏បានផ្តល់ផហិរញ្ញប្បទានដល់កម្មវិធីនេះ នូវទឹកប្រាក់ចំនួន ៤៩លានដុល្លារអាមេរិក ផងដែរ ។
កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខានៅរាជធានីភ្នំពេញ ដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដោយអនុប្រធានធនាគារវិនិយោគអឺរ៉ុប EIB លោកស្រី Nicola Beer នៅអំឡុងដំណើរទស្សនកិច្ចជាលើកដំបូងមកកាន់ប្រទេសកម្ពុជា ក្នុងនាមជាអនុប្រធានធនាគារវិនិយោគអឺរ៉ុប EIB ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍។ ពិធីចុះហត្ថលេខានេះធ្វើឡើងដោយមានវត្តមានឯកឧត្តម អ៊ីហ្គូ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា និងលោក Frew Behabtu នាយកប្រចាំនៅកម្ពុជារបស់មូលនិធិអន្តរជាតិ សម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ។
ការផ្តល់ហិរញ្ញប្បទានរបស់សហភាពអឺរ៉ុបនេះ នឹងជួយដល់ការធ្វើទំនើបកម្ម វិស័យកសិកម្មរបស់កម្ពុជា ផ្ដល់ជូនកសិករខ្នាតតូច កសិធុរកិច្ច និងក្រុមផលិត នូវឧបករណ៍ និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជំរុញផលិតកម្ម ផ្តល់លទ្ធភាពចូលទៅកាន់ទីផ្សារថ្មីៗ និងលើកកម្ពស់សុវត្ថិភាពចំណីអាហារ។
គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់កសិករខ្នាតតូចចំនួន ១០០,០០០ នាក់ និងគ្រួសារមានដីធ្លីខ្នាតតូចចំនួន ២៥,០០០ គ្រួសារ ដោយបង្កើតឱកាសរកចំណូលថ្មីៗ ជាពិសេសនៅតំបន់ជនបទ ដោយផ្តោតជាសំខាន់ទៅលើការផ្តល់ភាពអង់អាចដល់ស្ត្រី បំផុសឱ្យមានការចូលរួមពីយុវជន ក៏ដូចជាផ្ដល់ការគាំទ្រដល់សហគមន៍ជនជាតិដើមភាគតិចផងដែរ ។
លោកស្រី Nicola Beer អនុប្រធានធនាគារ EIB បានមានប្រសាសន៍ថា “ធនាគារវិនិយោគអឺរ៉ុប ពិតជាមានមោទនភាព ក្នុងការគាំទ្រចំពោះកម្មវិធី ASPIRE-AT និងវិស័យកសិកម្មរបស់កម្ពុជា ដែលដើរតួនាទីយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ច និងសន្តិសុខស្បៀងរបស់កម្ពុជា។ តាមរយៈហិរញ្ញប្បទាននេះ យើងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងសន្តិសុខស្បៀង បង្កើនប្រាក់ចំណូលរបស់កសិករ និងផ្ដល់ឱកាសទីផ្សារថ្មីៗសម្រាប់ផលិតផល កម្ពុជា។សកម្មភាពនេះ គឺជាការបង្ហាញជាតួរយ៉ាងដ៏សំខាន់អំពីអ្វីមួយ ដែលក្រុមអឺរ៉ុប អាចធ្វើសំរេចចេញជាសមិទ្ធិផលជាក់ស្តែងបាន តាមរយៈការបង្កើតការងារ ការជំរុញពាណិជ្ជកម្ម និងការពង្រឹងសេដ្ឋកិច្ចរបស់កម្ពុជា” ។
ឯកឧត្តម អ៊ីហ្គូ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា “ខ្ញុំពិតជាមានមោទនភាព ដែលបានចូលរួមនៅក្នុងគម្រោងវិនិយោគកសិកម្មដ៏សំខាន់នេះ តាមរយៈការចាប់ដៃគូជាមួយធនាគារវិនិយោគអឺរ៉ុបរបស់យើង និងមូលនិធិ IFAD ក្រោមយុទ្ធសាស្ត្រ Global Gateway របស់សហភាពអឺរ៉ុប និងគំនិតផ្តួចផ្តើមរបស់ក្រុមអឺរ៉ុបរបស់យើង។ ទឹកប្រាក់ជចំនួន ១៩,៥ លានអឺរ៉ូ (២១,០៦ លានដុល្លារអាមេរិក) ជាជំនួយឥតសំណងរបស់យើងនេះ នឹងជួយដល់កសិករ និងសហគមន៍កសិករនៅក្នុងការកែលម្អផលិតកម្មបឋម សមត្ថភាពកែច្នៃ និងលទ្ធភាពចូលទៅកាន់ទីផ្សារ តាមរយៈការកសាងសមត្ថភាព និងលទ្ធភាពទទួលបានហិរញ្ញប្បទាន ការគាំទ្រដល់មន្ទីរពិសោធន៍កសិកម្ម ព្រមទាំងការតភ្ជាប់តំបន់ជនបទ និងទីក្រុងឱ្យកាន់តែប្រសើរឡើង។ តាមរយៈកិច្ចសហការគ្នា យើងកំពុងជួយវិស័យនេះឱ្យកាន់តែមានលក្ខណៈបរិយាបន្ន និងភាពធន់ ដោយផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងអស់ និងជាពិសេសផ្ដល់អត្ថប្រយោជន៍ ដល់ពលរដ្ឋនៅតាមសហគមន៍ជនបទ” ។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារវិនិយោគអឺរ៉ុប (EIB) សហភាពអឺរ៉ុប និង IFAD ដែលបានផ្ដល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការ ដើម្បីបង្កើត និងរៀបចំកម្មវិធី ASPIRE-AT នេះ ទទួលបានជោគជ័យ ។
ឯកឧត្តមបានបញ្ជាក់ជាថ្មីថា កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាសម្រាប់កម្មវិធី ASPIRE-AT នៅថ្ងៃនេះ គឺជាសក្ខីភាពមួយចំពោះការបង្កើនកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងធនាគារ វិនិយោគអឺរ៉ុប EIB សហភាពអឺរ៉ុប និង IFAD ក៏ដូចជាបង្ហាញអំពីការគាំទ្រដ៏ខ្លាំងខ្លាពីសំណាក់ដៃគូអភិវឌ្ឍន៍សំខាន់ៗ ក្នុងការងារកំណែទម្រង់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ (ដំណាក់កាលទី ១) របស់រដ្ឋាភិបាល ស្របពេលដែលកម្ពុជា មានគោលបំណងសម្រេចឱ្យបាននូវគោលដៅក្លាយខ្លួនជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបញ្ជាក់ជូននូវការប្តេជ្ញាចិត្តក្នុងការជំរុញ និងពង្រឹងភាពជាដៃគូនាពេលអនាគត ជាមួយធនាគារវិនិយោគអឺរ៉ុប EIB សហភាពអឺរ៉ុប និង IFAD នៅក្នុងការងារពហុវិស័យ ។
លោក Frew Behabtu នាយកប្រចាំប្រទេស នៃមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ប្រចាំបកម្ពុជា បានមានប្រសាសន៍ថា “ជំនួយឥតសំណងដ៏សំខាន់របស់សហភាពអឺរ៉ុប រួមជាមួយនឹងឥណទានពីធនាគារ EIB និងសហហិរញ្ញប្បទានរបស់ IFAD គឺជាជំហានដ៏មានឥទ្ធិពលឆ្ពោះទៅរកការធ្វើបរិវត្តិកម្មវិស័យកសិកម្មរបស់កម្ពុជា។ IFAD មានសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំងដែលបានចូលរួមនៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ ដើម្បីផ្តល់ភាពអង់អាចដល់សហគមន៍ជនបទ ពង្រឹង សន្តិសុខស្បៀង និងផ្ដល់នូវសក្តានុពលនៃការនាំចេញ ដែលជំរុញដល់កំណើនសេដ្ឋកិច្ចប្រកប ដោយ ចីរភាព ។
ការវិនិយោគនេះនឹងជួយពង្រឹងហេដ្ឋារចនាសម្ព័ន្ធកសិកម្ម និងការតភ្ជាប់ទៅកាន់ទីផ្សារកម្ពុជា គាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធប្រមូល និងគ្រប់គ្រងផលិតផលកិសិកម្ម ឃ្លាំងស្តុក ទីតាំងសម្ងួត និងផ្លូវដឹកជញ្ជូន ដើម្បីលើកកម្ពស់ការដឹកជញ្ជូនផលិតផលក្នុងបរិមាណច្រើន។ ការវិនិយោគនេះក៏នឹងផ្តល់មូលនិធិដល់ការសាងសង់ ស្ពានកោះខ្សាច់ទន្លា ដែលតភ្ជាប់តំបន់ដីកោះ ជាមួយនឹងតំបន់ដីគោក ដើម្បីបង្កើនលទ្ធភាពចូលទៅកាន់ទីផ្សារ និងសាកល្បងគំរូសហករណ៍កសិកម្មថ្មី។ ជាងនេះទៅទៀត ការផ្តល់ហិរញ្ញប្បទាននឹងធ្វើឱ្យសន្តិសុខស្បៀង និងការត្រួតពិនិត្យគុណភាពកាន់តែមានភាពល្អប្រសើរ តាមរយៈការគាំទ្រដល់មន្ទីរពិសោធន៍ ការស្រាវជ្រាវ និងស្ថានីយរក្សាទុកទំនិញនៅដាច់ដោយឡែក និងការពង្រីកមន្ទីរពិសោធន៍ជាតិកសិកម្ម។ ប្រាក់វិនិយោគទាំងនេះត្រូវបានបែងចែកជាយុទ្ធសាស្ត្រសម្រាប់អនុវត្តនៅទីតាំងជាច្រើនក្នុងប្រទេសកម្ពុជា ដោយធានាថា ការវិនិយោគទាំងនេះជះឥទ្ធិពលដល់ទឹកដីភូមិសាស្ត្រយ៉ាងទូលំទូលាយ និងអនុញ្ញាតឱ្យមានការធ្វើសមាហរណកម្មបានកាន់តែច្រើនទៅក្នុងទីផ្សារតំបន់ និងទីផ្សារសកល ៕



ចែករំលែកព័តមាននេះ