ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្សេឡិន​ស្គី​រិះ​គន់​ពូទីន​ខ្លាំង​ៗ​ដែល​មិន​ព្រម​ទទួល​យក​​បទ​ឈប់​បា.ញ់

18 ម៉ោង មុន

ទី​ក្រុង​កៀវ៖ ឥឡូវ​នេះ​ចាប់​ផ្ដើម​មាន​សារ​ឆ្លើយ​ឆ្លង​គ្នា​ជា​បណ្ដើរ​ៗ​ហើយ​ពាក់​ព័ន្ធ​នឹង​បទ​ឈប់​បាញ់​ដែល​ស្នើ​ឡើង​ដោយ​អ៊ុយ​ក្រែន​ និង​អាមេរិក និង​ដែល​បាន​ដាក់​ជូន​រុស្ស៊ី​ពិនិត្យ​មើល​កាល​ពី​ម្សិល​មិញ​។ លោក​ហ្សេឡិនស្គី​បញ្ចេញ​ប្រតិ​កម្ម​ខ្លាំង​ៗ​រិះ​គន់​លោក​ពូទីន​ដែល​មិន​ព្រម​ឯក​ភាព​ទាំង​ស្រុង​​ទៅ​លើ​បទ​ឈប់​បាញ់​​​ដើម្បី​​ឈាន​ទៅ​ដល់​ការ​ចរ​ចា​បញ្ចប់​សង្គ្រាម​។​ តាម​ពិត​​លោក​ពូទីន​មិន​បាន​ច្រាន​ចោល​សំណើ​នោះ​ទាំង​ស្រុង​ទេ​។ ​លោក​ថា​លោក​គាំទ្រ​សំណើ​នោះ។ ប៉ុន្តែ​លោក​ស្នើ​សុំ​ឱ្យ​សរ​សេរ​ឡើង​វិញ​​ឱ្យ​បាន​​ល្អិត​​ និង​ស៊ី​ជម្រៅ​ជាង​នេះ​។ បើ​គេ​បក​ស្រាយ​មិន​ច្រឡំ​ទេ​…

ទី​ក្រុង​កៀវ៖ ឥឡូវ​នេះ​ចាប់​ផ្ដើម​មាន​សារ​ឆ្លើយ​ឆ្លង​គ្នា​ជា​បណ្ដើរ​ៗ​ហើយ​ពាក់​ព័ន្ធ​នឹង​បទ​ឈប់​បាញ់​ដែល​ស្នើ​ឡើង​ដោយ​អ៊ុយ​ក្រែន​ និង​អាមេរិក និង​ដែល​បាន​ដាក់​ជូន​រុស្ស៊ី​ពិនិត្យ​មើល​កាល​ពី​ម្សិល​មិញ​។ លោក​ហ្សេឡិនស្គី​បញ្ចេញ​ប្រតិ​កម្ម​ខ្លាំង​ៗ​រិះ​គន់​លោក​ពូទីន​ដែល​មិន​ព្រម​ឯក​ភាព​ទាំង​ស្រុង​​ទៅ​លើ​បទ​ឈប់​បាញ់​​​ដើម្បី​​ឈាន​ទៅ​ដល់​ការ​ចរ​ចា​បញ្ចប់​សង្គ្រាម​។​ តាម​ពិត​​លោក​ពូទីន​មិន​បាន​ច្រាន​ចោល​សំណើ​នោះ​ទាំង​ស្រុង​ទេ​។ ​លោក​ថា​លោក​គាំទ្រ​សំណើ​នោះ។ ប៉ុន្តែ​លោក​ស្នើ​សុំ​ឱ្យ​សរ​សេរ​ឡើង​វិញ​​ឱ្យ​បាន​​ល្អិត​​ និង​ស៊ី​ជម្រៅ​ជាង​នេះ​។

បើ​គេ​បក​ស្រាយ​មិន​ច្រឡំ​ទេ​ លោក​ពូទីន​អាច​នឹង​គិត​ថា​សំណើ​នោះ​មាន​លក្ខណៈ​សើ​ៗ​លំ​ៗ​។ ដូច​លោក​ពូទីន និង​មន្ត្រី​រដ្ឋា​ភិបាល​ធ្លាប់​ប្រកាស​ជា​យូរ​មក​ហើយ​គឺ​ថា​បទ​ឈប់​បាញ់ ឬ​មិន​ឈប់​បាញ់​មិន​មែន​ជា​អ្វី​ដែល​រុស្ស៊ី​ចង់​បាន​នោះ​ទេ​។ រុស្ស៊ី​ចង់​បាន​កិច្ច​ព្រម​ព្រៀង​មួយ​ដែល​អាច​ដោះ​ស្រាយ​បញ្ហា​គ្រប់​យ៉ាង។ មាន​ន័យ​ថា​​​អាច​បិទ​បញ្ចប់​សង្គ្រាម​​ជា​ស្ថា​ពរ​ និង​ជា​អចិន្ត្រៃ​យ៍, អាច​​​ដោះ​ស្រាយ​អ្វី​ដែល​ជា​កង្វល់​របស់​រុស្ស៊ី​ និងអាច​​ដោះ​ស្រាយ​បញ្ចប់​ដើម​ហេតុ និង​ឫស​គល់​ដែល​នាំ​ឱ្យ​ផ្ទុះ​សង្គ្រាម​​។

ប៉ុន្តែ​លោក​ហ្សេឡិនស្គី​ចោទ​ប្រកាន់​ថា​ធាតុ​ពិត​របស់​លោក​ពូទីន​គឺ​ចង់​បន្ត​សង្គ្រាម​។ គ្រាន់​តែ​ថា​បើ​គាត់​និយាយ​ត្រង់​ៗ​ពេក​ហាក់​ដូច​ជា​មិន​កើត​ ហើយ​អាច​នឹង​ទទួល​រង​ផល​វិបាក​។ ដូច្នេះ​ គាត់​ (ពូទីន) និយាយ​ថា​ស្នើ​សុំ​ឱ្យ​ពិនិត្យ​មើល​ឡើង​វិញ និង​សរ​សេរ​លក្ខ​ខណ្ឌ​​​ឱុ្យ​​បាន​ពិស្ដារ​។​ លោក​ហ្សេឡិនស្គី​ចោទ​ថា​លោក​ពូទីន​ជា​អ្នក​ដែល​ចូល​ចិត្ត​បង្គាប់​បញ្ជា​ឱ្យ​គេ​ធ្វើ​បែប​នេះ​ឬ​បែប​នោះ​​ទៅ​តាម​ចិត្ត​របស់​ខ្លួន​។​ ជាក់ស្ដែង​នៅ​​ក្នុង​​​​បទ​ឈប់​បាញ់​នេះ​ ​គាត់​​ចង់​ឱ្យ​គេ​សរ​សេរ​ទៅ​តាម​ការ​ចង់​បាន​របស់​គាត់​។

ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​សារ​ព័ត៌​មាន​ក្រោយ​កិច្ច​ជំនួប​ជាមួយ​ប្រធានា​ធិបតី​បេឡារូស​នៅ​វិមាន​ក្រឹម​ឡាំង លោក​ពូទីន​បង្ហាញ​អាកប្ប​កិរិយា​មិន​ច្រាន​ចោល​សំណើ​នោះ​ទាំង​ស្រុង​ទេ​។​ លោក​ថា​បទ​ឈប់​បាញ់​ (និយាយ​នៅក្នុង​ក្រប​ខណ្ឌ​ទូ​ទៅ) ជា​គំនិត​ល្អ​។ លោក​គាំទ្រ​ជា​និច្ច​។ ប៉ុន្តែ​បទ​ឈប់​បាញ់​៣០​ថ្ងៃ​ដែល​បញ្ជូន​ទៅ​ឱ្យ​រុស្ស៊ី​ពិនិត្យ​មើល​នោះ​នៅ​មាន​ចំណុច​ខ្វះ​ខាត​ច្រើន​ណាស់​ដែល​​ត្រូវ​កែ​សម្រួល​មុន​នឹង​ឱ្យ​លោក​ទទួល​យក​។ លោក​ដាក់​ជា​ចម្ងល់​​ដ៏​ធំ​ថា​តើ​ស្មារតី​នៃ​បទ​ឈប់​បាញ់​នោះ​អាច​អនុវត្ត​ជាក់​ស្ដែង​ដោយ​របៀប​ណា​​?​​ ឧទាហរណ៍ លោក​ចោទ​ជា​សំណួរ​ថា​តើ​នរណា​ធានា​តាម​ដាន​ស្ថាន​ការណ៍​សឹក​នៅ​លើ​ផ្ទៃ​ដី​ជាង​មួយ​​ពាន់​​គីឡូ​ម៉ែត្រ​​?​

ប្រភព​ខ្លះ​ឱ្យ​ដឹង​ថា​នៅ​ពេល​អាមេរិក​បញ្ជូន​សំណើ​នោះ​ទៅ​វិមាន​ក្រឹម​ឡាំង ក្រឹម​ឡាំង​ក៏​បាន​បញ្ជូន​ត្រឡប់​ទៅ​វិញ​នូវ​លក្ខ​ខណ្ឌ​ទាម​ទារ​របស់​ខ្លួន​ជា​ច្រើន​ចំណុច​ផង​ដែរ​។ មាន​ន័យថា​រុស្ស៊ី​ហាក់​ដូច​ជា​ត្រៀម​ខ្លួន​មិន​ទាន់​ទទួល​យក​តាំង​ពី​មុន​ឃើញ​សំណើ​នោះ​ជា​ផ្លូវ​ការ​ទៅ​ទៀត​។ ជា​ការ​ពិត អាមេរិក និង​រុស្ស៊ី​បាន​ពិភាក្សា​​គ្នា​ទៅ​លើ​សំណើ​នោះតាំង​ពី​ច្រើន​​សប្ដាហ៍​មក​ហើយ​ ពិភាក្សា​គ្នា​ផ្ទាល់​ផង និង​តាម​ប្រព័ន្ធ​វីឌីអូ​ពី​ចម្ងាយ​ផង​។ ប្រភព​ខ្លះ​ចាត់​ទុក​ថា​ការ​ដាក់​លក្ខ​ខណ្ឌ​របស់​រុស្ស៊ី​នោះ​ជា​ការ​បង្កើត​ឧប​សគ្គ​ដ៏​ធំ។ ប៉ុន្តែ​វា​ជា​ហេតុ​ផល​ដែល​រុស្ស៊ី​សូមរក្សា​សិទ្ធិ​មិន​ទាន់​ឯក​ភាព​ទាំង​ស្រុង​ទៅ​លើ​​សំណើ​នៃ​បទ​ឈប់​បាញ់​​។

លោក​ហ្សេឡិន​ស្គី​ហាក់​ដូច​ជា​បង្ហាញ​អារម្មណ៍​អន្ទះ​សា​ចង់​​ឱ្យ​មាន​​​ឈប់​បាញ់ និង​​ការ​​បញ្ចប់​សង្គ្រាម​។ លោក​រិះ​គន់​​លោក​ពូ​ទីន​ឥត​សំចៃ​មាត់​​​ថា​យើង​មិន​បាន​ដាក់​លក្ខ​ខណ្ឌ​អ្វី​ទាំអ​ស់​។ ប៉ុន្តែ​រុស្ស៊ី​ដាក់​លក្ខ​ខណ្ឌ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​។​ ​ហេតុ​នេះ លោក​ចោទ​ថា​លោក​ពូទីន​ត្រៀម​ខ្លួន​បដិសេធ​រួច​ហើយ​។ គ្រាន់តែ​​ថា​គាត់​មិន​និយាយ​ដោយ​ផ្ទាល់​ប្រាប់​លោក​ត្រាំ​ថា​គាត់​ចង់​បន្ត​សង្គ្រាម​តែ​ប៉ុណ្ណោះ​។​ បើ​គេ​ស្ដាប់​ការ​បក​ស្រាយ​របស់​លោក​ពូទីន​វិញ​ម្ដង លោកបារម្ភ​ថា​អ៊ុយ​ក្រែន​អាច​នឹង​ប្រើ​ប្រាស់​បទ​ឈប់​បាញ់​នេះ​ដើម្បី​កេង​ចំណេញ​ផ្នែក​យោធា។​​ មាន​ន័យ​ថា​លួច​ចល័ត​កង​ទ័ព ដឹក​អាវុធ​ និង​ត្រៀម​វាយ​​ប្រហារ​រុស្ស៊ី។​

​ឥឡូវ​នេះ ពិភព​លោក​កំពុង​រង់​ចាំ​អ៊ុត​សភាព​ការណ៍​ជា​បន្ត​ទៀត​ដើម្បី​ចង់​ដឹង​ថា​តើ​ប្រទេស​​មហា​អំណាច​អាមេរិក​យល់​ព្រម​កែ​សម្រួល​ និង​សរ​សេរ​លម្អិត​បទ​ឈប់​បាញ់​តប​តាម​ការ​ទាម​ទារ​របស់​រុស្ស៊ី​ដែរ​ឬ​ទេ​។ បើ​មិន​ព្រម​ធ្វើ​តាម​​រុស្ស៊ី មាន​តែ​ច្បាំង​គ្នា​ទៀត​។ ​នៅ​ដំណាក់​កាល​ចុង​ក្រោយ​នេះ កង​ទ័ព​អ៊ុយ​ក្រែន​ធ្វើ​សង្គ្រាម​រាង​ធ្លាក់​ទឹក​ដៃ​បន្តិច​។ បើ​នៅ​តំបន់​ខឺស​ឯណោះ​វិញ​រុស្ស៊ី​រំដោះ​បាន​ទី​ក្រុង​ធំ​ៗ​ទាំង​អស់។ លោក​ពូទីន​ទុក​ផ្លូវ​២​​ឱ្យ​កង​ទ័ព​អ៊ុយ​ក្រែន​ដែល​នៅ​សេស​សល់​ជ្រើស​រើស​។ ពួក​គេ​ត្រូវ​តែ​លើក​ដៃ​សូម​ចុះ​ចាញ់​ បើ​មិន​ដូច្នេះ​ទេ​គឺ​មាន​​ផ្លូវ​មរណៈ​តែ​ប៉ុណ្ណោះ​។ តំបន់​ខឺស​ត្រូវ​អ៊ុយ​ក្រែន​វាយ​ឆ្មក់​ចូល​កាល​ពី​​ខែ​សីហា ឆ្នាំ​២០២៤​​​។ អ៊ុយ​ក្រែន​ខំ​តស៊ូ​ខាំ​ក្រាប​នៅ​ទី​នោះ​ជា​ច្រើន​ខែ​ដើម្បី​​​ថ្លៃ​គ្នា​ផ្នែក​នយោ​បាយ​នៅ​ពេល​មាន​ការ​ចរ​ចា​សន្តិ​ភាព​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ