ក្រុមហ៊ុនទេសចរណ៍ ២ រួមគ្នានាំភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ…
ខេត្តព្រះសីហនុ ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ…
ខេត្តព្រះសីហនុ ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ ដើម្បីសហការគ្នាពង្រីកវិសយ័ទេសចរណ៍នៅក្នុងខេត្តព្រះសីហនុ រវាងក្រុមហ៊ុន ជីធីវីស៊ី អ៊ឹមផត អេចផត ខូលអិលធីឌី (G.T.V.C Import Export Co.Ltd.) របស់អ្នកឧកញ៉ា ទៀ វិចិត្រ និងសមាគមទេសចរណ៍ អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA CambodiaChapter) ដែលមានលោក ធួន ស៊ីណាន ជាប្រធាន ។
ពិធីនេះធ្វើឡើង នាព្រឹកថ្ងៃ១៤ មីនា ២០២៥ នៅទីតាំងវ៉នដឺឡេន រីសត (Wonderland Suites & Resort) ស្ថិតក្នុងភូមិត្រពាំងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
អនុស្សរណៈ នៃការយោគយល់រវាងក្រុមហ៊ុនទេសចរណ៍ទាំងពីរ ផ្តោតជាសំខាន់ទៅលើកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីនាំភ្ញៀវទេសចរណ៍ទាំងក្នុងប្រទេស និងពីបណ្តាប្រទេសនានាមកកាន់មូលដ្ឋានទេសចរណ៍ ដែលក្រុមហ៊ុនអ្នកឧកញ៉ា ទៀ វិចិត្រ កំពុងប្រតិបត្តិការនៅក្នុងខេត្តព្រះសីហនុ ។
ក្នុងនោះបើតាមអ្នកឧកញ៉ា ទៀ វិចិត្រ ឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនរបស់អ្នកឧកញ៉ា មានផលិតផល និងសេវាកម្មទេសចរណ៍សំខាន់ៗច្រើនកន្លែងក្នុងខេត្តព្រះសីហនុ រួមមានវ៉នដឺឡេន រីសត (Wonderland Suites & Resort) ក្នុងភូមិត្រពាំងគោ ឃុំជើងគោ ស្រុកព្រៃនប់, មានសេវាកម្មទេសចរណ៍នៅលើកោះរ៉ុង និងសេវាកម្មទេសចរណ៍មួយចំនួនទៀត ក្នុងខេត្តព្រះសីហនុ ហើយជាមួយគ្នានេះ ក្រុមហ៊ុនក៏បានទទួលសិទ្ធិវិនិយោគពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បង្កើតជាកំពង់ផែទេសចរណ៍លើផ្ទៃដីប្រមាណ២២,០០០ម៉ែត្រការ៉េ មានសមត្ថភាពទទួលអូបរ័ទេសចរណ៍តូច ធំ ចេញ ចូលម្តង២០គ្រឿង ក្នុងពេលតែមួយ ហើយនៅកំពង់ផែទេសចរណ៍នេះ មានគ្រប់ហេដ្ឋារចនាសម្ពន្ធ័សម្រាប់តម្រូវការរបស់អ្នកទេសចរណ៍ រាប់ទាំងសេវាសន្តិសុខសុវត្ថិភាពផងដែរ ។
មានប្រសាសន៍សំណេះសំណាលក្នុងពិធីនេះ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានសម្តែងនូវការអបអរសាទរចំពោះកិច្ចសហការរវាងក្រុមហ៊ុនទាំង២ ដែលនឹងជួយជំរុញដល់វិសយ័ទេសចរណ៍ក្នុងខេត្តព្រះសីហនុ និយាយដោយឡែក និងនិយាយជារួម សម្រាប់វិសយ័ទេសចរណ៍ជាតិ។ ទាំងក្រសួងទេសចរណ៍ និងទាំងអាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំខេត្ត ក៍បានបញ្ជាក់ពីការគាំទ្រ និងជួយជ្រោមជ្រែងគ្រប់និតិវិធីព្រមទាំងបច្ចេកទេស ដើម្បីឲ្យដំណើរនេះប្រព្រឹត្តទៅទទួលបានលទ្ធផលល្អ ៕
ចែករំលែកព័តមាននេះ