ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងអប់រំ៖ សាលារៀនចំនួន ២៥ រងការបំផ្លាញក្នុងសង្គ្រាមឈ្លានពានរបស់ថៃ រយៈពេល ២០ថ្ងៃ

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ សង្គ្រាម​ថៃ​ឈ្លានពាន​កម្ពុជា រយៈពេល​២០​ថ្ងៃ ក្នុង​ខែធ្នូ ឆ្នាំ​២០២៥ សាលារៀន​ចំនួន​២៥ រង​ការ​បំផ្លាញ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​អប់រំ…

រាជធានី​ភ្នំពេញ ៖ សង្គ្រាម​ថៃ​ឈ្លានពាន​កម្ពុជា រយៈពេល​២០​ថ្ងៃ ក្នុង​ខែធ្នូ ឆ្នាំ​២០២៥ សាលារៀន​ចំនួន​២៥ រង​ការ​បំផ្លាញ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​កិច្ចប្រជុំ​ពិនិត្យ​លើ​ស្ថានភាព​អប់រំ​ក្រោយ​បទ​ឈប់​បាញ់ ដើម្បី​ផ្តល់​ការ​គាំទ្រ និង​រៀបចំ​ផែនការ​ស្តារ​សាលារៀន​ខូចខាត​ឡើង​វិញ ។

ជាក់ស្តែង​បើ​យោង​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា បាន​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ទី​០៨ ខែមករា​នេះ​ថា ៖ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ បាន​ណែនាំ​ភាគី​ពាក់ព័ន្ធ​ទាំងនោះ​ថា ៖«​សូម​ចុះ​ទៅ​ពិនិត្យ​ដល់ទី​តាំង​សាលារៀន​ផ្ទាល់ ដើម្បី​យល់​ច្បាស់​ពី​ស្ថានភាព តម្រូវការ​ជាក់ស្តែង បញ្ហា​ប្រឈម​ចំពោះ​មុខ​ដែល​ត្រូវ​ដោះស្រាយ​បន្ទាន់ ឈាន​ទៅ​វាយតម្លៃ​ការ​ខូ​ត​ខាត និង​ចាប់ផ្តើម​រៀបចំ​ផែនការ​ជួយ​គាំទ្រ និង​ស្តារ​ឡើង​វិញ​ប្រកបដោយ​ប្រសិទ្ធភាព និង​ចំ​គោលដៅ​»​។

ជាមួយ​គ្នា​នេះ ក្រុមការងារ​ជំនាញ ត្រូវ​បន្ត​តាមដាន​ស្ថានភាព រួម​ទាំង​កា​រវិ​វ​ឌ្ឍ​ផ្សេង​ៗ និង​រៀបចំ​ជា​របាយការណ៍​លម្អិត​ពី​បច្ចុប្បន្នភាព​ស្ថានភាព​អប់រំ ដើម្បី​វាយតម្លៃ​ផល​ប៉ះពាល់ កំណត់​ទំហំ​ថវិកា និង​ក្រុមការងារ​សម្រាប់​ស្តារ​សាលារៀន​ខូចខាត​ឱ្យ​ដំណើរការ​ឡើង​វិញ​។

ក្រៅពី​នេះ កិច្ចប្រជុំ​បាន​ពិនិត្យ​លើ​របាយការណ៍​បច្ចុប្បន្នភាព នៃ​ស្ថានភាព​ផល​ប៉ះពាល់​លើ​វិស័យ​អប់រំ ដោយសារ​ការ​ឈ្លានពាន​របស់​យោធា​ថៃ លើ​អធិបតេយ្យ​របស់​កម្ពុជា ដែល​ក្នុង​នោះ​រួម​មាន​៖ សាលារៀន​រង​ការ​ខូចខាត​ដំណាក់កាល​ទី​១ (​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២៥) និង​ដំណាក់កាល​ទី​២ (​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០២៥) សាលារៀន​ដែល​បាន​បិទ ឬ​ផ្អាក​ដំណើរការ​, ស្ថានភាព​សាលារៀន​រង​ការ​ខូចខាត​, ដំណើរការ​បង្រៀន និង​រៀន​ក្នុង​បរិបទ​នៃ​ការ​ឈ្លានពាន​, ចំនួន​គ្រូ និង​សិស្ស​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​បិទ​សាលា និង​ដំណោះស្រាយ​ដែល​បាន​អនុវត្ត​កន្លង​មក ។

រដ្ឋមន្ត្រីក្រសួង​អប់រំ ក៏​បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមការងារ​ពាក់ព័ន្ធ​ទាំងអស់ បន្ត​អនុវត្ត​ការងារ​តាម​ភារកិច្ច​រៀង​ៗ​ខ្លួន​ឱ្យ​បាន​ល្អ​ប្រសើរ ដើម្បី​ធានា​បាន​នូវ​ការ​អប់រំ​ដែល​មានគុណ​ភាព សមធម៌ និង​បរិ​យា​បន្ន ខណៈ​នៅ​តែ​បន្ត​ចូលរួម​ចំណែក​ជាមួយ​ក្រសួង​ក្នុង​ការ​ជួយ​គាំទ្រ​ដល់​សាលារៀន និង​សិស្ស​ភៀស​សឹក​ទាំងអស់​ប្រកបដោយ​ស្មារតី​សហការ​គ្នា​រឹង​មាំ ព្រមទាំង​ផ្តល់​គំនិត​ដល់​ក្រុមការងារ​ចំពោះ​មុខ បន្ត​រៀបចំ​របាយការណ៍​ស្ថានភាព​សិស្ស​ភៀស​សឹក និង​រៀបចំ​កិច្ចប្រជុំ​ប្រចាំខែ ដើម្បី​ពិនិត្យ​មើល​ស្ថានភាព បែងចែក​ធនធាន ការ​ទទួលខុសត្រូវ​ឱ្យ​មាន​ប្រសិទ្ធភាព និង​កំណត់​អាទិភាព​សាលារៀន​ដែល​រង​ខូចខាត​ខ្លាំង​ដែល​ត្រូវ​សាងសង់​ឡើង​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ