ទីក្រុងគូឡាឡាំពួ ៖ ប្រទេសម៉ាឡេស៊ីបានចាប់ផ្តើមអនុវត្តការពិន័យកាន់តែតឹងរ៉ឹងលើការចោលសំរាមពាសវាលពាសកាល ដើម្បីការពាររូបភាពទេសចរណ៍របស់ខ្លួន ដោយអាជ្ញាធរមានគោលបំណងធ្វើឱ្យប្រទេសម៉ាឡេស៊ី កាន់តែស្អាតជាងប្រទេសសិង្ហបុរី។
ដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានម៉ាឡេស៊ី Bernama លោកស្រី ង៉ា ក័រ មីង (Nga Kor Ming) រដ្ឋមន្ត្រីក្រសួងលំនៅដ្ឋាន និងរដ្ឋាភិបាលមូលដ្ឋានម៉ាឡេស៊ី បានថ្លែងថា «យើងចង់ឱ្យប្រទេសសិង្ហបុរីស្អាត ប្រទេសម៉ាឡេស៊ីកាន់តែស្អាត»។
ក្រោមបទប្បញ្ញត្តិថ្មីរបស់ម៉ាឡេស៊ី ដែលបានចូលជាធរមាន កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ បុគ្គលណាដែលត្រូវបាននាំខ្លួនទៅតុលាការពីបទចោលសំរាម ឬខាកស្តោះ នឹងត្រូវប្រឈមមុខនឹងការពិន័យជាប្រាក់ចំនួន ២ ០០០ រីងហ្គីត ឬ ៤៩២ ដុល្លារអាមេរិកនិងបទបញ្ជាបម្រើសេវាសហគមន៍រហូតដល់ ១២ ម៉ោង។
បើតាមការចុះផ្សាយរបស់ AsiaOne បានរាយការណ៍ថា អំឡុងពេលនៃការបង្ក្រាបនៅទូទាំងប្រទេស ដែលបានធ្វើឡើងនៅថ្ងៃទី ១-២ ខែមករា កន្លងទៅ អ្នកល្មើសសរុបចំនួន ១២០ នាក់ត្រូវបានឃាត់ខ្លួន ដែលក្នុងនោះប្រជាជនម៉ាឡេស៊ីចំនួន ៨៦ នាក់ និងជនបរទេសចំនួន ៣៤ នាក់។
ការអនុវត្តច្បាប់នេះ គ្របដណ្តប់លើគោលដៅទេសចរណ៍ រួមមាន រដ្ឋចូហរ (Johor), ម៉ាឡាកា (Melaka), នីហ្គឺរី សែមប៊ីឡាន (Negeri Sembilan), ប៉ាហាំង (Pahang), ពែរលីស (Perlis) និងកេដា (Kedah) ក៏ដូចជាទីក្រុងគូឡាឡាំពួ (Kuala Lumpur) និងពូត្រាចាយ៉ា (Putrajaya) ផងដែរ។
ប្រទេសសិង្ហបុរី ដែលល្បីល្បាញដោយសារដងផ្លូវស្អាតគ្មានសំរាម និងបានជាប់ឈ្មោះថា «ទីក្រុងទេសចរណ៍ស្អាតបំផុតលើពិភពលោក» កាលពីឆ្នាំមុន ដោយក្រុមហ៊ុន Eagle Dumpster Rental ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
ផ្លាកសញ្ញាហាមចោលសំរាមត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដីកោះមួយនេះ ដោយអ្នកប្រព្រឹត្តបទល្មើសលើកដំបូងប្រឈមនឹងការពិន័យរហូតដល់ ១ ០០០ ដុល្លារសិង្ហបុរី ឬ ៧៧០ ដុល្លារអាមេរិក។ អ្នកប្រព្រឹត្តបទល្មើសម្តងទៀតអាចត្រូវពិន័យដល់ ២ ០០០ ដុល្លារសិង្ហបុរី ហើយអាចត្រូវបានផ្តល់បទបញ្ជាការងារកែតម្រូវ (CWO) ដើម្បីបង្កើនការយល់ដឹងរបស់ពួកគេអំពីផលប៉ះពាល់នៃការបោះចោលសំរាមលើបរិស្ថាន៕ ប្រភព ៖ VnExpress

ចែករំលែកព័តមាននេះ