រាជធានីភ្នំពេញ ៖ តាមប្រភពព័ត៌មានឲ្យដឹងថា មុននេះបន្តិចនាររសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានចាប់បញ្ជូនស្ត្រីម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធពីបទ.ឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ពោល គឺសមត្ថកិច្ចបានអនុត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួនរបស់ចៅក្រមជំនុំជម្រះ ដោយយោងទៅលើសាលក្រមស្ថាពរ ដែលកន្លងមកជនជាប់ចោទបានព្យាយាមគេចខ្លួន ខណៈប្តីកំពុងជាប់ឃុំក្នុងសំណុំរឿងតែមួយ តែមិនខុសពាក្យថា ជង់មិនភ្លេចកុកទេ ។
ជនជាប់ចោទមានឈ្មោះ មាស កក្កដា ភេទស្រី អាយុ៤១ឆ្នាំ មុខរបរលក់ទូរស័ព្ទ មានទីលំនៅភូមិ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល និងស្នាក់នៅផ្ទះលេខ៣៩៦E1 ផ្លូវលេខ១២៨ ភូមិ២ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួនជនជាប់ចោទឈ្មោះ មាស កក្កដា ពីបទ.ឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបានប្រព្រឹត្តនៅចំណុចផ្ទះលេខ៤៩C ផ្លូវ២៦១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែ
មិថុនា ឆ្នាំ២០២០ និងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញតិមាត្រា ៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្របត្តិការទូទាត់សងប្រាក់ ។
តាមអំណាចសាលក្រមព្រហ្មទណ្ឌលេខ ១៦៧៦ “អ” ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ របស់សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសជនជាប់ចោទដាក់ពន្ធនាគារកំណត់រយៈពេល៣ឆ្នាំ ដោយគ្មានការព្យូរទោស ។ ដូច្នោះ គប្បីតុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួនឈ្មោះ មាស កក្កដា តាមមាត្រា៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌនោះ ។
សូមជម្រាបថា សំណុំរឿងព្រហ្មទណ្ឌមួយនេះ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបានធ្វើការឃាត់ខ្លួនអាជីវករទិញ.លក់ទូរ
ស័ព្ទម្នាក់នៅចំណុចមុខផ្ទះលេខ១៣៩ E0zផ្លូវ១៦៦ សង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ពាក់ពន្ធពីបទ.ឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ពោលគឺចេញសែកស្អុយប្រមាណជិត៤ម៉ឺនដុល្លារអាមេរិក ប្រព្រឹត្តនៅចំណុចផ្ទះលេខ៤៩C ផ្លូវលេខ២៦១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ និងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ។
ការឃាត់ខ្លួននោះ សមត្ថកិច្ចបានអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ និងឃុំខ្លួនលេខ ៦៣៤«អ»ដ.ច.ន ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ របស់លោក ស៊ិន សុវណ្ណរ័ត្ន ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ។
ជនសង្ស័យមានឈ្មោះ ហេង វិចិត្រ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរមុខរបរ ជាអាជីវករទិញ.លក់ទូរស័ព្ទ (ត្រូវជាប្តីជនជាប់ចោទឈ្មោះ មាស កក្កដា ដែលពេលនោះ ស្ត្រីជាប្រពន្ធគេចខ្លួន) ។ តាមប្រភពព័ត៌មានពីសមត្តកិច្ចបានបង្ហើបឲ្យដឹងថា កាលពីអំឡុងឆ្នាំ២០២០ ជនសង្ស័យឈ្មោះ ហេង វិចិត្រ និងប្រពន្ធបានយកទូរស័ព្ទដៃទំនើបជាច្រើនគ្រឿងពីដើមបណ្តឹងឈ្មោះ ជា រតនៈ មុខរបរជាអាជីវករលក់ទូរ ស័ព្ទដូចគ្នា ដែលមានទឹកប្រាក់ប្រមាណសរុបជាង៤ម៉ឺនដុល្លារអាមេរិក ដើម្បីយកទៅចែកចាយ និងលក់បន្ត ។ ដោយមានការជឿទុកចិត្តគ្នា ពេលនោះ ជនសង្ស័យមិនទាន់បានទូទាត់ប្រាក់ឲ្យទៅដើមបណ្តឹងទេ ក្រោយមកម្ចាស់បំណុលក៏បានទារប្រាក់ថ្លៃលក់ទូរស័ព្ទនោះវិញ ហើយជនសង្ស័យក៏បានចេញមូលប្បទានប័ត១សន្លឹកឲ្យទៅជនរងគ្រោះ ទីបំផុត មូលប្បទានប័ត១សន្លឹកនោះជាសែកស្អុយ ទើបត្រូវបានដើមបណ្តឹងប្តឹងសមត្តកិច្ចឲ្យជួយចាត់ការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ