ប្រទេសសិង្ហបុរី ៖ យោងតាមអាជ្ញាធរអន្តោប្រវេសន៍ និងប៉ុស្តិ៍ត្រួតពិនិត្យរបស់ប្រទេសសិង្ហបុរី ហៅកាត់ថា ICA បានឱ្យដឹងថា ប្រទេសសិង្ហបុរីបានឃើញការកើនឡើងយ៉ាងខ្លាំងករណីរៀបអាពាហ៍ពិពាហ៍ក្លែងក្លាយ កាលពីឆ្នាំ ២០២៤។
យោងតាមកាសែតសិង្ហបុរី Straits Times បានដកស្រង់ទិន្នន័យពី ICA ដែលបង្ហាញថា ករណីរៀបអាពាហ៍ពិពាហ៍ក្លែងក្លាយចំនួន៣២ករណី នៅចន្លោះខែមករា និងខែកញ្ញា ឆ្នាំ២០២៤ ដែលជាការកើនឡើងខ្លាំងបើប្រៀបធៀបនឹងត្រឹម៤ករណី អំឡុងពេលដូចគ្នា កាលពីឆ្នាំ ២០២៣។
លោក Mark Chai អធិការរងទទួលបន្ទុកផ្នែកស៊ើបការណ៍សម្ងាត់របស់ ICA បានព្រមានថា អាពាហ៍ពិពាហ៍បែបនេះ បង្កហានិភ័យនៅក្នុងសង្គមពហុជាតិសាសន៍របស់ប្រទេសសិង្ហបុរី។ លោកបន្តថា ករណីទាំងនេះជាធម្មតាពាក់ព័ន្ធនឹងស្ត្រីជាតិសាសន៍ដទៃ ដែលបានបង់ប្រាក់ឱ្យបុរសសិង្ហបុរី ដើម្បីរៀបចំការរៀបអាពាហ៍ពិពាហ៍ក្លែងក្លាយជាមួយពួកគេ ដើម្បីអនុញ្ញាតឱ្យស្ត្រីទាំងនោះទទួលបានលិខិតអនុញ្ញាតស្នាក់នៅ ឬធ្វើការនៅក្នុងប្រទេសសិង្ហបុរី។
ការផ្តន្ទាទោសសម្រាប់ការចូលរួមរៀបចំការរៀបអាពាហ៍ពិពាហ៍ក្លែងក្លាយ អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់១០ឆ្នាំ ឬពិន័យជាប្រាក់ដល់ ១ម៉ឺនដុល្លារសិង្ហបុរី ស្មើនឹង ៧,៣០០ដុល្លារអាមេរិក ឬត្រូវអនុវត្តទោសទាំងពីរ។
លោកអគ្គនាយក Goh Wee Kiat ជំនួយការនាយកជាន់ខ្ពស់ផ្នែកស៊ើបការណ៍សម្ងាត់របស់ ICA បានគូសបញ្ជាក់ថា ការផ្តល់ជំនួយជាសាធារណៈជារឿយៗ តែងតែជួយស្វែងរកករណីរៀបចំការរៀបការក្លែងក្លាយ។ ICA កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងអនុវត្តច្បាប់ ដើម្បីរុះរើបណ្តាញពាក់ព័ន្ធនៅក្នុងករណីរៀបចំការរៀបអាពាហ៍ពិពាហ៍ក្លែងក្លាយ៕
ចែករំលែកព័តមាននេះ